កាលពីថ្ងៃព្រហស្បតិ៍ ៨រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨កន្លងទៅ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (សហវ) បានចេញសេចក្តីសម្រេចមួយលេខ០៥៧សហវ ស្តីពីការកែសម្រួលសមាសភាពអនុគណៈកម្មការវាយតម្លៃដីសម្រាប់ពន្ធលើដីធ្លីមិនបានប្រើប្រាស់ រាជធានីភ្នំពេញ ដែលមានសមាសភាពចំនួន២៤នាក់ ចុះហត្ថលេខាដោយឯកឧត្តម ជូ វិជិត្ត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មការវាយតម្លៃដីសម្រាប់ពន្ធលើដីធ្លីមិនបានប្រើប្រាស់ ។
ប្រការ១ នៃសេចក្តីសម្រេចលេខ០៥៧សហវ ចុះថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីការកែសម្រួលសមាសភាពអនុគណៈកម្មការវាយតម្លៃដីសម្រាប់ពន្ធលើដីធ្លីមិនបានប្រើប្រាស់ រាជធានីភ្នំពេញនោះ គឺបានបញ្ជាក់អំពីមុខងាររបស់លោក សៀន សុយ៉ានី ដែលជាសមាជិកអនុគណៈកម្មការ ថាជា «ប្រធានការិយាល័យសុរិយោដីនៃមន្ទីរដនស នៃអគ្គនាយកដ្ឋានពន្ធដារ» ។ មានន័យថា ការិយាល័យសុរិយោដី នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ ត្រូវបានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដាក់ឲ្យឋិតក្រោមចំណុះអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បន្លំភ្នែកសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាទៅវិញ (Sic!) ៕