ថ្ងៃ សៅរ៏ ទី ១៩ ខែ មករា ឆ្នាំ ២០១៩

អនុក្រឹត្យ​ក្លាយជា​ក្រដាសអនាម័យ ! ព្រះរាជក្រឹត្យ​ដែល​ស្នើ​ទូលថ្វាយ​ដោយ​នាយករដ្ឋមន្ត្រី​នៅតែ​បន្ត​សរសេរ​អក្សរ​ខ្មែរ​ខុស​វចនានុក្រម​

ពិតជា​គួរ​ឲ្យ​ហួសចិត្ត​ពន់ពេក​ណាស់​នៅពេលដែល​ឃើញ​ព្រះរាជក្រឹត្យ​មួយចំនួន​ឡាយព្រះហស្តលេខា​ដោយ​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​តាក់តែង និង​ក្រាបបង្គំ​ទូលថ្វាយ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុ​ជាសរ​សេរ​ពាក្យ​អក្សរ​ខ្មែរ «​ដំឡើង​» ទៅជា «​តម្លើង​» ដែល​គ្មាន​ចែង​នៅក្នុង​វចនានុក្រម​ខ្មែរ​រៀបរៀង​ដោយ​សម្តេចព្រះសង្ឃរាជ ជួន ណាត ដែល​បាន​បោះពុម្ពផ្សាយ​ដោយ​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ គ្រា​ទី​៥ ឆ្នាំ​១៩៦៧​ទៅវិញ ។​

​ព័ស្តុតាង​មួយចំនួន​បង្ហាញថា ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/១២១៨/១៣៥៥ ចុះ​ថ្ងៃទី​០៦ ខែធ្នូ ឆ្នាំ​២០១៨ ដែល​អង្គ​ព្រះមហាក្សត្រ​ទ្រង់​ត្រាស់បង្គាប់​ដំឡើង​ឋានន្តរស័ក្តិ​ដល់​ឧ​ត្ត​ម​សេនីយ៍​ឯក ឃឹម ប៊ុន​សុង នាយទាហាន​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​នៃ​កងយោធពល​ខេមរភូមិន្ទ អត្តលេខ​០០០៩៧០ ទៅជា​នាយ​ឧ​ត្ត​ម​សេនីយ៍ (​ផ្កាយ​៤) ត្រូវបាន​សរសេរថា «​តម្លើង​» និង​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/១២១៨/១៤០៩ ចុះ​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​០១៨ ដែល​អង្គ​ព្រះមហាក្សត្រ​ទ្រង់​ត្រាស់បង្គាប់​ដំឡើង​ឋានន្តរស័ក្តិ​ដល់​វរសេនីយ៍ឯក យុង ខេមរា នាយទាហាន​ថ្នាក់​វរសេនីយ៍​នៃ​កងយោធពល​ខេមរភូមិន្ទ អត្តលេខ​០៣២៤២១ ទៅជា​ឧ​ត្ត​ម​សេនីយ៍​ត្រី (​ផ្កាយ​១) ត្រូវបាន​សរសេរថា «​តម្លើង​» ។

​មាត្រា​៥ នៃ​រដ្ឋធម្មនុញ្ញ​ដែលជា​ច្បាប់កំពូល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បានចែង​បញ្ញត្តិ​ថា «​ភាសា និង​អក្សរ​ដែល​ប្រើ​ជា​ផ្លូវការ គឺ​ភាសា និង​អក្សរ​ខ្មែរ ។​» ។ មាត្រា​១២ នៃ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​លេខ​១៤៦​អនក្រ​.​បក ចុះ​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០១៧ ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​នៃ​ក្រុម​ប្រឹក្សាជាតិ​ភាសា​ខ្មែរ (​ក​.​ជ​.​ភ​.​ខ​) បាន​ចែងថា «​ក​.​ជ​.​ភ​.​ខ ត្រូវ​ប្រើ​វចនានុក្រម​ខ្មែរ​រៀបរៀង​ដោយ​សម្តេចព្រះសង្ឃរាជ ជួន ណាត ដែល​បាន​បោះពុម្ពផ្សាយ​ដោយ​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ គ្រា​ទី​៥ ឆ្នាំ​១៩៦៧ ជា​គោល ។​» ។

​សរុបសេចក្តី​មក ការណ៍​ដែល​ព្រះរាជក្រឹត្យ​របស់​ស្ថាប័ន​ព្រះមហាក្សត្រ​តាម​សេចក្តីក្រាបបង្គំទូលថ្វាយ​របស់​នាយករដ្ឋមន្ត្រី ដែល​សរសេរ​អក្សរ​ខ្មែរ​ខុសឆ្គង​ផ្ទុយទៅនឹង​វចនានុក្រម​ខ្មែរ​រៀបរៀង​ដោយ​សម្តេចព្រះសង្ឃរាជ ជួន ណាត គឺ​មានន័យថា ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ (​ក​.​ជ​.​ភ​.​ខ​) ដែល​ឋិត​នៅក្រោម​សមត្ថកិច្ច និង​ការទទួលខុសត្រូវ​រប​ស់​រាជបណ្ឌិត្យសភាកម្ពុជា «​ងាប់​ត្រគាក​ស្តូក​» តែម្តង ហើយក៏​បានធ្វើ​ឲ្យ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​ក្លាយជា «​ក្រដាសអនាម័យ​» ជាមួយនឹង​ព្រះរាជក្រឹត្យ​របស់​ស្ថាប័ន​ព្រះមហាក្សត្រ​ក៏ «​រង​នូវ​ភាពអាម៉ាស់​» ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.