ថ្ងៃ អង្គារ ទី ២៦ ខែ មីនា ឆ្នាំ ២០១៩

អ្នកកាសែត​ពាក់​ផ្កាយ​ទាហាន ! តួអង្គ​កម្មវិធី Apsara Net នៃ Apsara TV គាំទ្រ CPP គឺ​កញ្ញា យុង ខេមរា ដែលជា​ទាហាន​ទទួលបាន​ការដំឡើងឋាន​ន្ត​រ​ស័ក្តិ​ឧ​ត្ត​ម​សេនីយ៍​ត្រី និង​ជា​មេបញ្ជាការរង​កងពល​តូច​លេខ​៧០

ក្រៅពី​បម្រើ​ការងារ​នៅ​ស្ថានីយ៍ទូរទស្សន៍​អប្សរា (Apsara TV) ក្នុង​កម្មវិធី Apsara Net ដែល​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា (CPP) និង​រាជរដ្ឋាភិបាល​យ៉ាង​ប្តូរផ្តាច់​នោះ គឺ​កញ្ញា យុង ខេមរា ក៏​ជា​នាយទាហាន​ថ្នាក់​វរសេនីយ៍​នៃ​កងយោធពល​ខេមរភូមិន្ទ ក្រសួងការពារជាតិ​ម្នាក់​ដែរ ដោយ​កាន់​មុខតំណែង​ជា​នាយសេនាធិការរង និង​ជា​នាយការិយាល័យ​ទី​៥​ទទួលបន្ទុក​ការងារ​អប់រំ ផ្សព្វផ្សាយ និង​កិច្ចការ​នយោបាយ​យោធា​នៃ​បញ្ជាការដ្ឋាន​កងពលតូច​ថ្មើរជើង​លេខ​៧០ បញ្ជាការដ្ឋាន​កងទ័ព​ជើងគោក ។​

​ក្រោយ​ការបង្កើត​រាជរដ្ឋាភិបាល​កម្ពុជា​នីតិកាល​ទី​៦​នៃ​រដ្ឋសភា ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​នាយ​ឧ​ត្ត​ម​សេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥ ហ៊ុន សែន ជា​ប្រមុខ និង​សម្តេច​ពិជ័យ​សេនា​នាយ​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​មាស​៤ ទៀ បាញ់ ជា​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ព្រមទាំង​ដោយសារ​មានគុណ​បំណាច់​បម្រើ​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​បានល្អ​ប្រសើរ​នោះ គឺ​កញ្ញា យុង ខេមរា នាយទាហាន​ថ្នាក់​វរសេនីយ៍​នៃ​កងយោធពល​ខេមរភូមិន្ទ អត្តលេខ​០៣២៤២១ នាយសេនាធិការរង​ក​ង​ពល​តូច​លេខ​៧០ ក៏​ទទួលបាន​ការតែងតាំង​មុខតំណែង​ថ្មី​ជា​មេបញ្ជាការរង​កងពល​តូច​លេខ​៧០ បញ្ជាការដ្ឋាន​កងទ័ព​ជើងគោក ដោយ​ប្រកាស​របស់​ក្រសួងការពារជាតិ​លេខ​៣៥៥​ត​ត​១១១៨ ចុះ​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ ។​

​រយៈពេល​ប្រមាណ​ជិត​០១​ខែក្រោយ​មកទៀត កញ្ញា យុង ខេមរា នាយទាហាន​នៃ​កងយោធពល​ខេមរភូមិន្ទ អត្តលេខ​០៣២៤២១ ឋានន្តរស័ក្តិ​ថ្នាក់​វរសេនីយ៍ឯក (​ស័ក្តិ​៥) មេបញ្ជាការរង​កងពល​តូច​លេខ​៧០ ក៏​ទទួលបាន​ការដំឡើងឋាន​ន្ត​រ​ស័ក្តិ​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ត្រី (​ផ្កាយ​១) ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/១២១៨/១៤០៩ ចុះ​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០១៨ ។​

​គួរបញ្ជាក់​ជូន​ដែរ​ថា បញ្ជាការដ្ឋាន​កងពល​តូច​លេខ​៧០ បញ្ជាការដ្ឋាន​កងទ័ព​ជើងគោក​នៃ​កងយោធពល​ខេមរភូមិន្ទ ក្រសួងការពារជាតិ​បច្ចុប្បន្ន ឋិត​ក្រោម​ការដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ម៉ៅ សុផាន់ នាយទាហាន​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​នៃ​កងយោធពល​ខេមរភូមិន្ទ អត្តលេខ​០០០៤៤៩ ជា​មេបញ្ជាការ និង​ជា​មេបញ្ជាការរង​បញ្ជាការដ្ឋាន​កងទ័ពជើងគោក​ទៀតផង (​តែងតាំង​ដោយ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​លេខ​១០៣៤​អនក្រ​.​ត​ត ចុះ​ថ្ងៃទី​០២ ខែវិច្ឆិកា ឆ្នាំ​២០១៨) ខណៈ​បញ្ជាការដ្ឋាន​កងទ័ពជើងគោក គឺមាន​ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត កូនប្រុស​ច្បង​របស់​នាយករដ្ឋមន្ត្រី ជា​មេបញ្ជាការ និង​ជា​អគ្គមេបញ្ជាការ​រង​នៃ​អគ្គបញ្ជាការដ្ឋាន​កងយោធពល​ខេមរភូមិន្ទ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.