ក្រោមការអះអាងថា «តាមការចាំបាច់របស់រាជរដ្ឋាភិបាល» កាលពីដើមខែវិច្ឆិកា ឆ្នាំ២០១៨កន្លងទៅថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៦នៃរដ្ឋសភា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ បានសម្រេចធ្វើអនុបយោគផ្ទៃដីទំហំ១៩០ហិកតាពីផ្ទៃបឹងជើងឯកឋិតនៅក្នុងខណ្ឌមានជ័យ ខណ្ឌដង្កោ រាជធានីភ្នំពេញ និងក្រុងតាខ្មៅខេត្តកណ្តាល ជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ទៅជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ និងធ្វើប្រទានកម្មជាកម្មសិទ្ធិជូនក្រុមហ៊ុន ING Holding Co.,Ltd. ដែលគេស្គាល់ថា ជាក្រុមហ៊ុនរបស់លោកឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ លោកឧកញ៉ា លឹម រស់ និងលោកឧកញ៉ា លឹម ប៊ុនសួរ ដោយស្មារតីអនុក្រឹត្យលេខ១៤៨អនក្រ.បក ចុះថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨ ។
ពាក់ព័ន្ធនឹងផ្ទៃដីបឹងជើងឯកនេះដែរ គឺកាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ រាជរដ្ឋាភិបាលធ្លាប់បានកាត់ផ្ទៃដីបឹងទំហំ៣០ហិកតាឲ្យទៅក្រុមហ៊ុន ING Holding Co.,Ltd. និងកាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៨ រាជរដ្ឋាភិបាលក៏ធ្លាប់បានកាត់ផ្ទៃដីបឹងទំហំ៤៧៣ ១៧៦ម៉ែត្រក្រឡា ទៅឲ្យក្រុមហ៊ុន Orkide Villa របស់លោកស្រី ហ៊ុន ម៉ាណា កូនស្រីបង្កើតនាយករដ្ឋមន្ត្រី (ទំហំ៣៧៤ ៦៧៨ម៉ែត្រក្រឡា) និងឲ្យទៅលោកឧកញ៉ា ខូវ គឹមបាក់ ឈ្មួញរកស៊ីដ៏សកម្មគាំទ្ររាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា (ទំហំ៩៨ ៤៩៨ម៉ែត្រក្រឡា) ។
ដូច្នេះ សរុបសេចក្តីមកផ្ទៃដីបឹងជើងឯកទំហំជិត៣០០ហិកតាហើយដែលជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋត្រូវបានរាជរដ្ឋាភិបាលកាត់ប្រគល់ឲ្យទៅក្រុមហ៊ុន និងបុគ្គលឯកជនកាន់កាប់ជាកម្មសិទ្ធិ ៕