កាលពីថ្ងៃព្រហស្បតិ៍ ៨រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨កន្លងទៅថ្មីៗ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានសម្រេចអនុញ្ញាតឲ្យឯកឧត្តមអគ្គមបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ផ្ទេរឥណទានថវិកាចំនួន៤ ៣៩៥លានរៀល (ជាង១លានដុល្លារអាមេរិក) ពីជំពូក៦៩ (ចំណាយមិនបានគ្រោងទុក) នៃខ្ទង់ចំណាយមិនទាន់បែងចែកមកជំពូក៦២ (អត្ថប្រយោជន៍សង្គម) ទៅក្នុងគណនីតម្កល់មូលនិធិប្រាក់បម្រុងសម្រាប់គាំទ្រប្រព័ន្ធស្បៀងបម្រុងកម្ពុជា (ប.ស.ប.ក) នៅក្នុងឆ្នាំ២០១៨ ។
គួរបញ្ជាក់ជូនថា ប្រព័ន្ធស្បៀងបម្រុងកម្ពុជា សរសេរកាត់ថា (ប.ស.ប.ក) ត្រូវបានបង្កើតឡើងដោយអនុក្រឹត្យរបស់រាជរដ្ឋាភិបាលលេខ១៤៥អនក្រ.បក ចុះថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១២ ដែលអះអាងថា ក្នុងគោលបំណងដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយសារគ្រោះមហន្តរាយ ឬគ្រោះអាសន្ននានាឲ្យទាន់ពេលវេលា ពោលគឺ «ប្រព័ន្ធស្បៀងបម្រុង» សំដៅដល់ស្បៀងជាស្រូវ អង្ករ និងគ្រាប់ពូជមានគុណភាព រួមមាន គ្រាប់ពូជដំណាំស្រូវ បន្លែ និងដំណាំរួមផ្សំផ្សេងៗទៀត ព្រមទាំងសាច់ប្រាក់បម្រុងទុកដែលត្រូវផ្គត់ផ្គង់ឲ្យទាន់ពេលវេលាដល់ប្រជាពលរដ្ឋរងគ្រោះដោយសារគ្រោះមហន្តរាយ ឬគ្រោះអាសន្ននានា ។
ប.ស.ប.ក ឋិតនៅក្រោមការដឹកនាំ និងបញ្ជាផ្ទាល់របស់នាយករដ្ឋមន្ត្រី និងគណៈកម្មាធិការ ប.ស.ប.ក ដែលត្រូវបានបង្កើតឡើងដើម្បីបំពេញមុខងារជាសេនាធិការផ្ទាល់របស់នាយករដ្ឋមន្ត្រី ក្នុងការគ្រប់គ្រងដំណើរការ និងការៀបចំសេចក្តីព្រាងគោលនយោបាយសម្រាប់ ប.ស.ប.ក ដែលមានតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាប្រធាន និងតំណាងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ជាអនុប្រធាន ព្រមទាំងតំណាងទីស្តីការគណៈរដ្ឋមន្ត្រី, ក្រសួងមហាផ្ទៃ, ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ, ក្រសួងពាណិជ្ជកម្ម, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងកាកបាទក្រហមកម្ពុជា ជាសមាជិក ។
ប.ស.ប.ក មានសន្និធិស្បៀងបម្រុងដំបូងសមមូលនឹងអង្ករសរុបចំនួន១៦ ០០០តោន ដែលត្រូវកំណត់ ៖ -សន្និធិស្បៀងបម្រុងជាអង្ករសរុបចំនួន១០ ០០០តោន ត្រូវជា៦២,៥% នៃសន្និធិស្បៀងបម្រុងដំបូងដែលគ្រប់គ្រងដោយក្រុមហ៊ុន Green Trade, -សន្និធិស្បៀងបម្រុងជាសាច់ប្រាក់សរុបសមមូលនឹងអង្ករចំនួន៦ ០០០តោន ត្រូវជា៣៧,៥% នៃសន្និធិស្បៀងបម្រុងដំបូង ។
ក្នុងករណីមានតម្រូវការសង្គ្រោះបន្ទាន់ដោយសារគ្រោះមហន្តរាយ ឬគ្រោះអាសន្ននានា នាយករដ្ឋមន្ត្រីមានសិទ្ធិចាត់ចែងសន្និធិស្បៀង និងគ្រាប់ពូជបម្រុងជារូបវន្ត ឬជាសាច់ប្រាក់ ដូចតទៅ ៖ -តម្រូវការស្បៀងជាអង្ករលើសពី១ ០០០តោន, -តម្រូវការគ្រាប់ពូជស្រូវលើសពី១០០តោន, -តម្រូវការគ្រាប់ពូជបន្លែ និងគ្រាប់ពូជដំណាំរួមផ្សំផ្សេងៗទៀតលើសពី១០តោន, -តម្រូវការដកប្រាក់ពីគណនីតម្កល់មូលនិធិប្រាក់បម្រុងដើម្បីទិញស្បៀងបន្ថែមលើសពី១ ០០០តោន គ្រាប់ពូជស្រូវបន្ថែមលើសពី១០០តោន និងគ្រាប់ពូជបន្ថែម គ្រាប់ពូជដំណាំរួមផ្សំផ្សេងៗទៀតបន្ថែមលើសពី១០តោន ៕