សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអះអាងនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨នេះឲ្យដឹងថា មេសហជីព និងអតីតមេដឹកនាំសហជីពចំនួន៣នាក់ គឺលោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (C.CAWDU) លោក ប៉ាវ ស៊ីណា ប្រធានសហព័ន្ធសហជីពចលនាកម្មករ (CUMW) និងលោក ជា មុនី អតីតប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា (FTUWKC) ក្នុងចំណោមមេដឹកនាំសហជីព សមាគមចំនួន៦នាក់ មិនមានការពាក់ព័ន្ធទៅនឹងសំណុំរឿងអំពើហិង្សានៅផ្លូវវេងស្រេងកាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៣ រហូតដល់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៤នោះឡើយ ។
សេចក្តីថ្លែងអះអាងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបែបនេះ គឺបន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញប្រកាសសាលក្រមកាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ម្សិលមិញ សម្រេចផ្តន្ទាទោសលើមេដឹកនាំសហជីព សមាគមចំនួន៦នាក់ ពាក់ព័ន្ធនឹងសំណុំរឿងហិង្សានៅផ្លូវវេងស្រេងក្នុងម្នាក់ៗកំណត់២ឆ្នាំ០៦ខែ តែទោសនេះត្រូវព្យួរ និងបង្គាប់ឲ្យរួមគ្នាសងសំណងជំងឺចិត្តចំនួន៣៥លានរៀលដល់ជនរងគ្រោះចំនួន២នាក់ ។
គេមិនទាន់បានដឹងថា លោក ជា មុនី លោក អាត់ ធន់ និងលោក ប៉ាវ ស៊ីណា ដែលជាជនជាប់ចោទនឹងបន្តប្តឹងឧទ្ធរណ៍ប្រឆាំងនឹងសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញនោះយ៉ាងណានៅឡើយទេ ។
លោក ជា មុនី (អតីតប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា) លោក រ៉ុង ឈុន (អតីតប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ និងអតីតជាសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត) លោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (C.CAWDU) លោក ប៉ាវ ស៊ីណា ប្រធានសហព័ន្ធសហជីពចលនាកម្មករ ( CUMW) លោកស្រី ម៉ម ញឹម ជាប្រធានសហព័ន្ធសហជីពជាតិឧស្សាហកម្មវាយនភ័ណ្ឌកាត់ដេរកម្ពុជា (NIFTUC) និងលោកស្រី យ៉ាង សុភ័ណ្ឌ ប្រធានសម្ព័ន្ធសហជីពកម្ពុជា (CATU) ត្រូវបានស្ថាប័នតុលាការសាលាដំបូងរាជធានីភ្នំពេញ បើកការស៊ើបសួរចោទប្រកាន់ចំនួន៤បទល្មើស គឺបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស បទធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស បទគំរាមកំហែងថានឹងធ្វើឲ្យខូចខាតដែលភ្ជាប់នូវបញ្ហាអ្វីមួយ និងបទប្រើមធ្យោបាយដើម្បីជាឧបសគ្គដល់ចរាចរណ៍សាធារណៈ ប្រព្រឹត្តនៅចំណុចមុខសួនឧស្សាហកម្មកាណាឌីយ៉ា ផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីអំឡុងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៣ រហូតដល់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៤ ។
ការណ៍ដែលនាំឲ្យមានការបើកការស៊ើបសួរចោទប្រកាន់ពីសំណាក់ស្ថាប័នតុលាការមកលើមេដឹកនាំសហជីព និងអតីតមេដឹកនាំសហជីព សមាគមទាំង៦នាក់នេះ គឺដោយសារមានពាក្យបណ្តឹងរបស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) តំណាងឲ្យក្រុមហ៊ុនវាយនភ័ណ្ឌកាត់ដេរ និងផលិតស្បែកជើងចំនួន៥២០ក្រុមហ៊ុន ។ ពាក្យបណ្តឹងរបស់លោក ខេន លូ (Ken Loo) អគ្គលេខាធិការសមាគម GMAC តំណាងឲ្យដើមបណ្តឹងរដ្ឋប្បវេណីបានស្នើសុំឲ្យតុលាការសម្រេចផ្តន្ទាទោសទៅលើអ្នកទាំង៦តាមនីតិវិធីច្បាប់ និងទាមទារសំណងការខូចខាតពីអ្នកទាំង៦ស្មើនឹងទឹកប្រាក់ចំនួនជាង៧២លានដុល្លារអាមេរិក ៕