កាលពីអំឡុងដើមឆ្នាំ២០១៦កន្លងទៅ រាជរដ្ឋាភិបាលកម្ពុជា (នីតិកាលទី៥នៃរដ្ឋសភា) ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ ធ្លាប់បានសម្រេចកំណត់ផ្ទៃបឹងតាមោក (បឹងកប់ស្រូវ) ទំហំ៣ ២៣៩,៧ហិកតា ឋិតក្នុងរាជធានីភ្នំពេញ ជាសម្បត្តិសាធារណៈរបស់រដ្ឋ ដោយអនុក្រឹត្យលេខ២០អនក្រ.បក ចុះថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៦ ក្រោមការអះអាងថា «តាមការចាំបាច់របស់រាជរដ្ឋាភិបាល» ។
លុះឈានចូលមកដល់ក្រោយការបង្កើតរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៦នៃរដ្ឋសភា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដដែល និងយោងតាមសំណើរបស់ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រាជរដ្ឋាភិបាលក៏បានសម្រេចកែសម្រួលផ្ទៃបឹងតាមោក (បឹងកប់ស្រូវ) និងកាត់ផ្ទៃដីបឹងទំហំ៤៥៦ ៥៥៣ម៉ែត្រក្រឡា ឋិតនៅភូមិព្រៃស្វាយ ភូមិត្នោតខ្ពស់ ភូមិទួល និងភូមិបឹងខ្ទំ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ធ្វើអនុបយោគជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋវិញ ដើម្បីប្រគល់ឲ្យទៅឈ្មោះ ស៊ី ជិនម៉ូវ គ្រប់គ្រងជាកម្មសិទ្ធិ ដោយអនុក្រឹត្យលេខ១៣២អនក្រ.បក ចុះថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ ។
គួររំលឹកជូនថា ឈ្មោះ ស៊ី ជិនម៉ូវ ធ្លាប់បានទទួលរងនូវការប្តឹងផ្តល់ពីសំណាក់ប្រជាពលរដ្ឋជាហូរហែ និងក្តៅគគុកទៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ពាក់ព័ន្ធនឹងរឿងកាន់កាប់ដីទំហំ៣០ហិកតា ឋិតនៅសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ មានភាពមិនប្រក្រតី ៕