កាលពីថ្ងៃចន្ទ ៤រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨កន្លងទៅថ្មីៗនេះ សហព័ន្ធសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា (FTUWKC) បានធ្វើលិខិតផ្លូវការមួយច្បាប់ចុះហត្ថលេខាដោយលោក ម៉ាន់ សេងហាក់ ជាអនុប្រធាន គោរពជូនឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈស្នើសុំការជួយអន្តរាគមន៍ឲ្យមានការសម្រេចឲ្យរួចផុតពីបទចោទប្រកាន់ លើកលែងចោទប្រកាន់ និងតម្កល់រឿងទុកឥតចាត់ការលើសំណុំរឿងព្រហ្មទណ្ឌចំនួន១១សំណុំរឿងនៅបណ្តាស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និងខេត្តកំពង់ឆ្នាំង ពាក់ព័ន្ធនឹងថ្នាក់ដឹកនាំ បុគ្គលិកសហព័ន្ធសហជីព សហជីព និងកម្មករ កម្មការិនី ។
សហព័ន្ធសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងនៅក្នុងលិខិតផ្លូវការរបស់ខ្លួនថា «នៅពេលដែលថ្នាក់ដឹកនាំ បុគ្គលិកសហព័ន្ធសហជីព និងសហជីព ព្រមទាំងកម្មករ កម្មការិនីទទួលរងនូវបណ្តឹងខាងបទព្រហ្មទណ្ឌរហូតដល់ទទួលរងការចោទប្រកាន់បើកការស៊ើបសួរ និងជំនុំជម្រះឲ្យមានទោសពីសំណាក់ស្ថាប័នតុលាការ គឺធ្វើឲ្យភាគីជាជនសង្ស័យ ជនត្រូវចោទ និងជនជាប់ចោទមានការភិតភ័យព្រួយបារម្ភយ៉ាងខ្លាំង រួមជាមួយនឹងការបំពេញភារកិច្ចមិនបានស្វាហាប់ ព្រមទាំងបាត់បង់នូវបរិយាកាសសុខដុមនីយកម្មរវាងភាគីនិយោជក និងភាគីនិយោជិត ក៏ដូចជារវាងស្ថាប័នរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំ បុគ្គលិកសហព័ន្ធសហជីព សហជីព និងកម្មករ កម្មការិនីបម្រើការងារនៅតាមបណ្តារោងចក្រ សហគ្រាសនានាថែមទៀត ។ ដូច្នេះ សហព័ន្ធសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជាសូមសំណូមពរឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី មេត្តាជួយអន្តរាគមន៍ឲ្យមានការសម្រេចឲ្យរួចផុតពីបទចោទប្រកាន់ លើកលែងចោទប្រកាន់ និងតម្កល់រឿងទុកឥតចាត់ការលើសំណុំរឿងព្រហ្មទណ្ឌចំនួន១១សំណុំរឿងនៅបណ្តាស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង និងខេត្តកណ្តាល ពាក់ព័ន្ធនឹងថ្នាក់ដឹកនាំ បុគ្គលិកសហព័ន្ធសហជីព សហជីព និងកម្មករ និងកម្មការិនី ដើម្បីរក្សា ស្តារ និងពង្រឹងបរិយាកាសសុខដុមនីយកម្មរវាងគ្រប់ភាគីពាក់ព័ន្ធ ព្រមទាំងយុត្តិធម៌សង្គមឡើងវិញ ក្រោមផលផ្លែផ្កានៃសុខសន្តិភាពដឹកនាំដោយប្រមុខរាជរដ្ឋាភិបាលបច្ចុប្បន្នផង ។» ៕