ថ្ងៃ ពុធ ទី ១២ ខែ ធ្នូ ឆ្នាំ ២០១៨

​ចាំមើល​លទ្ធផល ! មេដឹកនាំ​សហជីព និង​អតីត​មេដឹកនាំ​សហជីព សមាគម​៦​នាក់​នឹងត្រូវ​តុលាការ​ជំនុំជម្រះ​ទោស​ថ្ងៃទី​០៧ ខែធ្នូ ក្នុង​សំណុំរឿង​ហិង្សា​នៅ​ផ្លូវ​វេ​ង​ស្រេង​

ប្រភពព័ត៌មាន​ច្បាស់​ការណ៍​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​០៧ ខែធ្នូ ឆ្នាំ​២០១៨ វេលា​ម៉ោង​០៨ និង​៣០​នាទី​ព្រឹក​ខាងមុខនេះ លោក អ៊ឹម វណ្ណៈ ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ និង​លោក លី សុ​ផា​ណា ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ជា​តំណាង​អយ្យការ នឹង​លើកយក​សំណុំរឿង​ព្រហ្មទណ្ឌ​ដ៏​ក្តៅគគុក​កាលពី​អំឡុង​ជិត​៥​ឆ្នាំមុន​មាន​មេដឹកនាំ​សហជីព និង​អតីត​មេដឹកនាំ​សហជីព សមាគម​ចំនួន​៦​នាក់ ជាអាទិ៍ ៖ លោក ជា មុនី​, លោក រ៉ុង ឈុន​, លោក អាត់ ធន់​, លោក ប៉ាវ ស៊ីណា​, លោកស្រី ម៉ម ញឹម និង​លោកស្រី យ៉ាង សុ​ភ័​ណ្ឌ ជា​ជនជាប់ចោទ មក​បើកសវនាការ​ជំនុំជម្រះ​ពាក់ព័ន្ធ​នឹង​ករណី​អំពើហិង្សា​នៅ​ផ្លូវ​វេ​ង​ស្រេង​ដ៏​កក្រើក ។​

​លោក ជា មុនី (​អតីត​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​) លោក រ៉ុង ឈុន (​អតីត​ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ និង​អតីត​ជា​សមាជិក​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត​) លោក អាត់ ធន់ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា (C.CAWDU) លោក ប៉ាវ ស៊ីណា ប្រធាន​សហព័ន្ធ​សហជីព​ចលនា​កម្មករ ( CUMW) លោកស្រី ម៉ម ញឹម ជា​ប្រធាន​សហព័ន្ធ​សហជីព​ជាតិ​ឧស្សាហកម្ម​វាយនភ័ណ្ឌ​កាត់ដេរ​កម្ពុជា (NIFTUC) និង​លោកស្រី យ៉ាង សុ​ភ័​ណ្ឌ ប្រធាន​សម្ព័ន្ធ​សហជីព​កម្ពុជា (CATU) ត្រូវបាន​ស្ថាប័ន​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ បើក​ការ​ស៊ើបសួរ​ចោទប្រកាន់​ចំនួន​៤​បទល្មើស គឺ​បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស បទ​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស បទ​គំរាមកំហែង​ថា​នឹងធ្វើ​ឲ្យ​ខូចខាត​ដែល​ភ្ជាប់​នូវ​បញ្ហា​អ្វីមួយ និង​បទ​ប្រើ​មធ្យោបាយ​ដើម្បី​ជា​ឧបសគ្គ​ដល់​ចរាចរណ៍​សាធារណៈ ប្រព្រឹត្ត​នៅ​ចំណុច​មុខ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា ផ្លូវ​វេ​ង​ស្រេង ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ កាលពី​អំឡុង​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០១៣ រហូតដល់​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០១៤ ។

​ការណ៍​ដែល​នាំ​ឲ្យ​មានការ​បើក​ការ​ស៊ើបសួរ​ចោទប្រកាន់​ពី​សំណាក់​ស្ថាប័ន​តុលាការ​មកលើ​មេដឹកនាំ​សហជីព និង​អតីត​មេដឹកនាំ​សហជីព សមាគម​ទាំង​៦​នាក់​នេះ គឺ​ដោយសារ​មាន​ពាក្យបណ្តឹង​របស់​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) តំណាង​ឲ្យ​ក្រុមហ៊ុន​វាយនភ័ណ្ឌ​កាត់ដេរ និង​ផលិត​ស្បែកជើង​ចំនួន​៥២០​ក្រុមហ៊ុន ។ ពាក្យបណ្តឹង​របស់លោក ខេន លូ (Ken Loo) អគ្គលេខាធិការ​សមាគម GMAC តំណាង​ឲ្យ​ដើម​បណ្តឹងរដ្ឋប្បវេណី​បានស្នើ​សុំ​ឲ្យ​តុលាការ​សម្រេច​ផ្តន្ទាទោស​ទៅលើ​អ្នក​ទាំង​៦​តាម​នីតិវិធី​ច្បាប់ និង​ទាមទារ​សំណង​ការខូចខាត​ពី​អ្នក​ទាំង​៦​ស្មើនឹង​ទឹកប្រាក់​ចំនួន​ជាង​៧២​លាន​ដុល្លារ​អាមេរិក ៕​

Filed in: Feature, តុលាការ, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.