បន្ទាប់ពីគណបក្សប្រជាជនកម្ពុជា (CPP) ទទួលបានការឈ្នះឆ្នោតតែម្នាក់ឯងដ្បិតគ្មានគូប្រកួតខ្លាំងក្លានាសម័យបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ (១២៥អាសនៈ) រួចមក សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា អតីតប្រធានរដ្ឋសភានីតិកាលទី៥ ក៏ទទួលបានការជ្រើសតាំងជាប្រធានរដ្ឋសភានីតិកាលទី៦បន្តទៀត នាសម័យប្រជុំពេញអង្គរដ្ឋសភាលើកទី១ នីតិកាលទី៦ ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ។
ក្រោយចូលកាន់តំណែងជាប្រធានរដ្ឋសភានីតិកាលទី៦មិនដល់០១ខែផង (គិតត្រឹមថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨) សម្តេចអគ្គមហាពញាចក្រី ហេង សំរិន មានទីប្រឹក្សាចំនួន៩៦នាក់ ដែលក្នុងនោះ មានឋានៈស្មើទេសរដ្ឋមន្ត្រីចំនួន០១នាក់ ឋានៈស្មើរដ្ឋមន្ត្រីចំនួន២១នាក់ ឋានៈស្មើរដ្ឋលេខាធិការចំនួន៥២នាក់ និងឋានៈស្មើអនុរដ្ឋលេខាធិការចំនួន២២នាក់ ។
ប្រការគួរឲ្យចាប់អារម្មណ៍នោះ គឺថ្នាក់ដឹកនាំនៃស្ថាប័នតុលាការយោធា និងស៊ីវិលក៏ទទួលបានការតែងតាំងជាទីប្រឹក្សាសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានីតិកាលទី៦ដែរ ជាអាទិ៍ ឯកឧត្តមឧត្តមសេនីយ៍ឯក ន័យ ថុល ប្រធានតុលាការយោធា ជាទីប្រឹក្សសាមានឋានៈស្មើរដ្ឋមន្ត្រី បន្ថែមលើមុខងារបច្ចុប្បន្ន (តែងតាំងដោយព្រះរាជក្រឹត្យលេខនស/រកត/០៩១៨/១០១៧ ចុះថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨) ឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពត ជាទីប្រឹក្សាមានឋានៈស្មើរដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន (តែងតាំងដោយព្រះរាជក្រឹត្យលេខនស/រកត/០៩១៨/៩៥៥ ចុះថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨) ៕