កូនប្រុសម្នាក់របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គឺឯកឧត្តម ស សុខា អតីតអ្នកតំណាងរាស្ត្រនីតិកាលទី៥នៅមណ្ឌលខេត្តព្រៃវែង និងបច្ចុបុ្បន្នជារដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ដែលមានក្របខ័ណ្ឌដើមជានាយនគរបាលជាតិថ្នាក់ឧត្តមសេនីយ៍ក្រសួងមហាផ្ទៃនោះ ទទួលបានការដំឡើងឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ឯក (ផ្កាយ៣) ដោយព្រះរាជក្រឹត្យលេខនស/រកត/០៩១៨/៩៩៣ ចុះថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨ ។
ឯកឧត្តម ស សុខា អតីតអ្នកតំណាងរាស្ត្រនីតិកាលទី៥នៅមណ្ឌលខេត្តព្រៃវែងមកពីគណបក្សប្រជាជនកម្ពុជា ដែលមានក្របខ័ណ្ឌដើមជានាយនគរបាលជាតិថ្នាក់ឧត្តមសេនីយ៍ក្រសួងមហាផ្ទៃ អត្តលេខ៥១៣០០ ទទួលបានការតែងតាំងមុខតំណែងជារដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ដោយព្រះរាជក្រឹត្យលេខនស/រកត/០៩១៨/៩២៧ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ពោលគឺក្រោយការបង្កើតរាជរដ្ឋាភិបាលនីតិកាលទី៦នៃរដ្ឋសភាភ្លាមៗ ។
សរុបសេចក្តីមក កូនប្រុសបង្កើតរបស់សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា អ្នកតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង និងជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលឋិតក្នុងក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជានៃក្រសួងមហាផ្ទៃបានពាក់ «ផ្កាយ៣» ទាំងបង ទាំងប្អូនហើយ គឺឯកឧត្តមឧត្តមសេនីយ៍ឯក ស សុខា អត្តលេខ៥១៣០០ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោកឧត្តមសេនីយ៍ឯក ស រដ្ឋា អត្តលេខ៥៤៨៥៧ (ប្អូនប្រុសឯកឧត្តម ស សុខា) អគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ ៕