សមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា (BAKC) ដំបូងគេចំនួន២នាក់ គឺលោកមេធាវី ណាច ទ្រី និងលោកមេធាវី ទូច ឆាយ ដែលបម្រើការងារនៅការិយាល័យមេធាវី ណាច ទ្រី (Lawyer Office Nach Try) ជាមួយគ្នា និងមានលោកមេធាវី ណាច ទ្រី ជាប្រធានក្រុមនោះ ទទួលបានការតែងតាំងជាមេធាវីប្រចាំក្រសួងការពារជាតិ មានឋានៈស្មើអនុរដ្ឋលេខាធិការ ដោយព្រះរាជក្រឹត្យលេខនស/រកត/០៩១៨/១០៤២ ចុះថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ ពោលឡើងឋានៈជា «ឯកឧត្តម» ទាំងមេ ទាំងកូនចៅ ទាំងព្រមតែម្តងក្រោយការបង្កើតរាជរដ្ឋាភិបាលនីតិកាលទី៦នៃរដ្ឋសភា ។
លោក ណាច ទ្រី អាយុ៥៣ឆ្នាំ បានធ្វើសច្ចាប្រណិធានចូលប្រកបវិជ្ជាជីវៈមេធាវីក្នុងស្ថាប័នគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០០១ ដោយមានអត្តលេខ២២៦ ។
លោក ទូច ឆាយ អាយុ៤០ឆ្នាំ បានធ្វើសច្ចាប្រណិធានចូលប្រកបវិជ្ជាជីវៈមេធាវីក្នុងស្ថាប័នគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០០៣ ដោយមានអត្តលេខ៣២៦ ។
បច្ចុប្បន្ន មានមេធាវីមួយចំនួនទទួលបានការតែងតាំងជាមេធាវីរាជរដ្ឋាភិបាលរហូតដល់ប្រធានក្រុមមានឋានៈដល់ស្មើទេសរដ្ឋមន្ត្រី (ឯកឧត្តមមេធាវី គី តិច) ជាសមាជិកក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្ត្រី និងជាមេធាវីប្រចាំក្រសួងមហាផ្ទៃ…។ល។ មានឋានៈជា «ឯកឧត្តម» ឬ «លោកជំទាវ» ព្រោងព្រាត ៕