ថ្ងៃ ពុធ ទី ១២ ខែ ធ្នូ ឆ្នាំ ២០១៨

ឱកាស​ចេះតែមាន ! កូនប្រសា​ប្រុស​ម្នាក់​របស់​នាយករដ្ឋមន្ត្រី ក្នុង​រយៈពេល​មិន​ដល់​១​ខែ បាន​ឡើង​ឋានៈ​ពី​អនុរដ្ឋលេខាធិការ​មក​ជា​រដ្ឋលេខាធិការ​ក្រសួង MPTC

ក្រោយ​ការបង្កើត​រាជរដ្ឋាភិបាល​នីតិកាល​ទី​៦​នៃ​រដ្ឋសភា​ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៩១៨/៩២៥ ចុះ​ថ្ងៃទី​០៦ ខែកញ្ញា ឆ្នាំ​២០១៨​ភ្លាមៗ លោក សុខ ពុទ្ធិ​វុ​ធ អតីត​អនុរដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ (MPTC) នា​អាណត្តិ​ទី​៥​ស្រាប់ និង​ត្រូវជា​កូនប្រសា​ប្រុស​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា (​លោក សុខ ពុទ្ធិ​វុ​ធ ជា​កូនប្រុស​បង្កើត​របស់​ស​ព​សម្តេច​វិបុល​បញ្ញា សុខ អាន និង​ត្រូវជា​ស្វាមី​របស់លោក​ស្រី ហ៊ុន ម៉ាលី កូនស្រី​របស់​នាយករ​ដ្ឋ​មន្ត្រី​) ក៏​ទទួលបាន​ការតែងតាំង​មុខតំណែង​បន្ត​សម្រាប់​អាណត្តិ​ថ្មី​ជា​អនុរដ្ឋលេខាធិការ​ក្រសួង MPTC ដដែល ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៩១៨/៩២៨ ចុះ​ថ្ងៃទី​០៦ ខែកញ្ញា ឆ្នាំ​២០១៨ ។​

​ស្រាប់តែ​រយៈពេល​២៣​ថ្ងៃ​ក្រោយមក ឯកឧត្តម សុខ ពុទ្ធិ​វុ​ធ ក៏​ទទួលបាន​ការដំឡើងឋានៈ​ជា​រដ្ឋលេខាធិការ​ក្រសួង MPTC ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៩១៨/១០៤៥ ចុះ​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០១៨ ។​

​លោក សុខ ពុទ្ធិ​វុ​ធ ដែលជា​កូនប្រសា​ប្រុស​របស់​នាយករដ្ឋមន្ត្រី និង​ជា​កូនប្រុស​បង្កើត​សព​សម្តេច​វិបុល​បញ្ញា សុខ អាន អតីត​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី ដ៏​មាន​ឥទ្ធិពល និង​ទ្រព្យសម្បត្តិ​មហាសាល​នោះ គឺជា​អ្នកជំនួញ​ដ៏​សកម្ម​ម្នាក់​ដែល​ធ្លាប់​ធ្វើជា​អភិបាល​ក្រុមហ៊ុន Kids City Asia Company Limited ជាមួយ​ភរិយា​របស់លោក គឺ​លោកស្រី ហ៊ុន ម៉ាលី ខណៈ​លោកស្រី ហ៊ុន ម៉ាលី ក៏​ជា​អភិបាល​ក្រុមហ៊ុន Moon Advertising Co.,Ltd. ដែលមាន​លោកស្រី ហ៊ុន ម៉ា​ណា ជា​បងស្រី​បង្កើត ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន ដោយ​ក្រុមហ៊ុន NH Holding Ltd. ជា​ក្រុមហ៊ុន​របស់​ក្រុមគ្រួសារ​សាច់ញាតិ​លោកជំទាវ​ឧកញ៉ា ជឹ​ង សុភាព ហៅ​យាយ​ភូ កាន់កាប់​ភាគហ៊ុន​ចំនួន​៦០០​ភាគហ៊ុន ក្នុង​ក្រុមហ៊ុន Moon Advertising Co.,Ltd. ។​

​លោក សុខ ពុទ្ធិ​វុ​ធ ក៏​ធ្លាប់​កាន់កាប់​មុខតំណែង​ជា​សមាជិក​ក្រុមប្រឹក្សា​សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី មាន​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ ជា​ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា និង​ជា​ប្រធាន​សហព័ន្ធ​ព័ត៌មានវិទ្យា និង​ទូរគមនាគមន៍ (ICT Federation) ផងដែរ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.