លោកឧត្តមសេនីយ៍ត្រី ម៉ឹង មករា នាយទាហានថ្នាក់ឧត្តមសេនីយ៍នៃកងយោធពលខេមរភូមិន្ទ អត្តលេខ០១១០៩១ និងត្រូវជាកូនប្រុសឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ ទទួលបានការតែងតាំងជានាយសេនាធិការរងបញ្ជាការដ្ឋានកងទ័ពជើងគោក ដោយអនុក្រឹត្យលេខ៩៣៦អនក្រ.តត ចុះថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ គឺបន្ទាប់ពីលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នាយទាហានថ្នាក់ឧត្តមសេនីយ៍នៃកងយោធពលខេមរភូមិន្ទ អត្តលេខ០៣៣៨៨៣ ត្រូវជាកូនប្រុសច្បងសម្តេចអគ្គមហាសេនាបតីតេជោនាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទទួលបានការតែងតាំងជាមេបញ្ជាការកងទ័ពជើងគោក បន្ថែមលើមុខងារបច្ចុប្បន្ន ដោយព្រះរាជក្រឹត្យលេខនស/រកត/០៩១៨/៩៣៣ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ។
គួររំលឹកជូនថា លោក ម៉ឹង មករា នាយទាហាននៃកងយោធពលខេមរភូមិន្ទ អត្តលេខ០១១០៩១ ធ្លាប់ទទួលបានការតែងតាំងជាមេបញ្ជាការរង និងជានាយសេនាធិការបញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម ដែលមានលោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ជាមេបញ្ជាការតាំងពីនៅពាក់ឋានន្តរស័ក្តិថ្នាក់វរសេនីយ៍មកម្ល៉េះ ។
សរុបសេចក្តីមក មុខតំណែងលោកឧត្តមសេនីយ៍ ម៉ឹង មករា ត្រូវបានតែងតាំងឲ្យបំពេញមុខងារតាមមុខតំណែងរបស់លោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ដែរ ៕