កាលពីពាក់កណ្តាលខែកញ្ញា ឆ្នាំ២០១៨កន្លងទៅថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ បានសម្រេចធ្វើអនុបយោគនូវផ្ទៃដីទំហំ៣៥ហិកតា ឋិតនៅសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ពីទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋទៅជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ និងធ្វើប្រទានកម្មជាកម្មសិទ្ធិជូនក្រុមហ៊ុន ភ្នំពេញ ព្រីខាស ផ្លេន (Phnom Penh Precast Plants Co.,Ltd.) មានលោកឧកញ៉ា ជឹង ធានសេង ត្រូវជាប្អូនប្រុសលោកជំទាវឧកញ៉ា ជឹង សុភាព ហៅ «យាយភូ» អនុប្រធានកាកបាទក្រហមកម្ពុជា និងត្រូវជាភរិយារបស់ឯកឧត្តមឧកញ៉ា ឡាវ ម៉េងឃីន ជាប្រធានក្រុមហ៊ុនក្រោមរូបភាព «អភិវឌ្ឍន៍» ។
ទាក់ទងនឹងការកាត់ផ្ទៃដីបឹងទំពុនពីទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋទៅឲ្យក្រុមហ៊ុនឯកជនឈ្មោះ Phnom Penh Precast Plants Co.,Ltd. របស់លោកឧកញ៉ា ជឹង ធានសេង ធ្វើជាកម្មសិទ្ធិនេះត្រូវបានរាជរដ្ឋាភិបាលបញ្ជាក់យ៉ាងច្បាស់ថា «រាល់ឯកសារពាក់ព័ន្ធនឹងការកាន់កាប់ និងឯកសារលក់- ទិញកន្លងមក ត្រូវទុកជាមោឃៈ ។» ។
ដោយឡែក នៅសល់ផ្ទៃទំហំ១២,៩ហិកតាប៉ុណ្ណោះ ត្រូវបានរាជរដ្ឋាភិបាលសម្រេចកំណត់ជាផ្ទៃអាងស្តុកទឹកបឹងទំពុនដែលជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ។
គួររំលឹកជូនដែរថា កាលពីអំឡុងឆ្នាំ២០១៥កន្លងទៅ រាជរដ្ឋាភិបាលធ្លាប់បានសម្រេចផ្តល់សិទ្ធិឲ្យក្រុមហ៊ុនឯកជនឈ្មោះ ING Holding Co.,Ltd. របស់លោកឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ អនុវត្តគម្រោងអភិវឌ្ឍន៍ទីក្រុងរណបនៅតំបន់បឹងទំពុន និងតំបន់ជើងឯក លើផ្ទៃដីទំហំ២ ៥៧២ហិកតា គ្របដណ្តប់ក្នុងភូមិសាស្ត្រខណ្ឌមានជ័យជាង១ ០០០ហិកតា ខណ្ឌដង្កោ រាជធានីភ្នំពេញជាង១ ២០០ហិកតា និងក្រុងតាខ្មៅ ខេត្តកណ្តាលប្រមាណ៣៧១ហិកតា ដោយរាជរដ្ឋាភិបាលបានសម្រេចទៀតថា «អ្នកដែលបានគ្រប់គ្រងផ្ទៃដីពាក់ព័ន្ធនឹងតំបន់អភិវឌ្ឍន៍ទាំងមូលចាំបាច់ត្រូវចូលរួមបដិភាគក្នុងការអនុវត្តគម្រោង និងប្រជាពលរដ្ឋដែលរស់នៅលើផ្ទៃបឹង ត្រូវបដិភាគចំនួន២០% ជាមួយក្រុមហ៊ុន ING Holding Co.,Ltd. ក្នុងការចាក់បំពេញដីនៅតំបន់អភិវឌ្ឍន៍ និងការរៀបចំប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ។» ៕