ថ្ងៃ ព្រហស្បតិ៍ ទី ១៨ ខែ តុលា ឆ្នាំ ២០១៨

​គួរស្វែងយល់ ! លក្ខណៈសម្បត្តិ​របស់​ជ​ន​បរទេស​ដែល​អាច​សុំ​ទាមទារ និង​ចូលសញ្ជាតិ​ខ្មែរ ព្រមទាំង​កម្រៃ​សេវា​ដែល​ត្រូវ​បង់​ឲ្យ​រដ្ឋ

អនុលោម​តាមច្បាប់​ស្តីពី​សញ្ជាតិ ដែល​ប្រកាស​ឲ្យ​ប្រើ​ដោយ​ព្រះរាជក្រម​លេខ​នស​/​រកម​/០៦១៨/០០៨ ចុះ​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០១៨ (​ជំនួស​ច្បាប់​ស្តីពី​សញ្ជាតិ ដែល​ប្រកាស​ឲ្យ​ប្រើ​ដោយ​ព្រះរាជក្រម​លេខ​នស​/​រកម​/១០៩៦/៣០ ចុះ​ថ្ងៃទី​០៩ ខែតុលា ឆ្នាំ​១៩៩៦) និង​យោងតាម​សំណើ​របស់​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ រាជរដ្ឋាភិបាល​កម្ពុជា បានចេញ​អនុក្រឹត្យ​លេខ​១១២​អនក្រ​.​បក ចុះ​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០១៨​ស្តីពី​ការអនុវត្ត​ច្បាប់​ស្តីពី​សញ្ជាតិ មាន​៦​ជំពូក និង​៤០​មាត្រា ក្នុង​គោលបំណង​ធានា​ការអនុវត្ត​បែបបទ និង​នីតិវិធី​ក្នុងការ​ទាមទារ​សញ្ជាតិ​ខ្មែរ​របស់​ជនបរទេស​ដែលមាន​ចំណងអាពាហ៍ពិពាហ៍​ស្របច្បាប់​ជាមួយ​ពលរដ្ឋ​ខ្មែរ បែបបទ និង​នីតិវិធី​ក្នុងការ​សុំចូល​សញ្ជាតិ​ខ្មែរ​របស់​ជនបរទេស​ដោយ​សញ្ជាតូបនីយកម្ម និង​បែបបទ និង​នីតិវិធី​ក្នុង​ការសុំ​លះបង់​សញ្ជាតិ​ខ្មែរ​របស់​ពលរដ្ឋ​ខ្មែរ​ដោយ​ស្ម័គ្រចិត្ត និង​គ្មាន​ការបង្ខិតបង្ខំ ។

​ជនបរទេស​ដែល​អាច​សុំ​ទាមទារ​សញ្ជាតិ​ខ្មែរ​បាន​ដែល​ត្រូវ​ផ្តល់​ដោយ​ព្រះរាជក្រឹត្យ គឺ ៖ ជនបរទេស​ដែល​បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​ពលរដ្ឋ​ខ្មែរ និង​ជនបរទេស​ជា​ឪពុក ឬ​ម្តាយ ដែល​មានកូន​របស់ខ្លួន​ជា​អនីតិជន​មុន​មាន​ចំណងអាពាហ៍ពិពាហ៍​ជាមួយ​ពលរដ្ឋ​ខ្មែរ ។​

​ជនបរទេស​ដែល​អាច​សុំចូល​សញ្ជាតិ​ខ្មែរ​តាម​សញ្ជាតូបនីយកម្ម​បានដែ​ល​ត្រូវ​ផ្តល់​ដោយ​ព្រះរាជក្រឹត្យ គឺ ៖ -​ជនបរទេស​ដែល​ធ្វើ​អំណោយ​ជា​សាច់ប្រាក់​ដល់​ថវិកាជាតិ ឬ​វិស័យ​មនុស្សធម៌​មាន​ចំនួន​ចាប់ពី​១២ ០០០​លាន​រៀល​ឡើងទៅ ដែល​ត្រូវ​បង់​តាមរយៈ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​, -​ជនបរទេស​ដែល​បានទទួល​ការអនុញ្ញាត​ឲ្យ​វិនិយោគ​ត្រឹមត្រូវ​តាមច្បាប់​ពី​ស្ថាប័ន​មាន​សមត្ថកិច្ច​ស្របតាម​គោលនយោបាយ​អាទិភាព​របស់​រាជរដ្ឋាភិបាល និង​ចំណាយ​ទុន​ផ្ទាល់ខ្លួន​អនុវត្ត​គម្រោង​វិនិយោគ​ជាក់ស្តែង​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុ​ជាមាន​ចំនួន​ចាប់ពី​៤ ០០០​លាន​រៀល​ឡើងទៅ​, -​ជនបរទេស​ដែលមាន​គុណសម្បត្តិ​ពិសេស ឬ​ថ្វីដៃ​ពិសេស​, -​ជនបរទេស​ដែលមាន​សហព័ទ្ធ​, -​ជនបរទេស​ដែលមាន​កូន​ជា​អនីតិជន ។​

​ទម្រង់ និង​នីតិវិធី​នៃ​ការទទួល និង​ការពិនិត្យ​លើ​សំណុំបែបបទ​ដែល​សុំ​ទាមទារ​សញ្ជាតិ​ខ្មែរ និង​សុំចូល​សញ្ជាតិ​ខ្មែរ​តាម​សញ្ជាតូបនីយកម្ម​ត្រូវ​កំណត់ដោយ​ប្រកាស​របស់​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.