ថ្ងៃ ព្រហស្បតិ៍ ទី ១៨ ខែ តុលា ឆ្នាំ ២០១៨

ជម្រះបំណុល ! រាជរដ្ឋាភិបាល​ចំណាយលុយ​ជាង​៤​លាន​ដុល្លារ​ទូទាត់​សង​ក្រុមហ៊ុន​ឧកញ៉ា គិត ម៉េង លើ​ការ​ជម្រះបំណុល​ថ្លៃ​សេវា​ប្រើប្រាស់​រថយន្ត​ប្រណីត​

​រាជរដ្ឋាភិបាល​កម្ពុជា​ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ បានផ្តល់​សិទ្ធិផ្តាច់មុខ​ឲ្យ​ក្រុមហ៊ុន Royal Cambodian Limousine Service Co.,Ltd សរសេរ​កាត់​ថា (RCLS) មាន​លោក​ឧកញ៉ា គិត ម៉េង ប្រធានសភា​ពាណិជ្ជកម្ម​កម្ពុជា​ជា​អ្នកគ្រប់គ្រង ដើម្បី​ផ្គត់ផ្គង់​សេវា​រថយន្ត​ប្រណីត​ជា​ផ្លូវការ​ចាប់តាំងពី​អាណត្តិ​ទី​៤​នៃ​រដ្ឋសភា​មកម្ល៉េះ ដោយបាន​កំណត់​ដាច់​ណាត់​ថា មិន​អនុញ្ញាត​ឲ្យ​គ្រប់​ក្រសួង ស្ថាប័ន​ប្រើប្រាស់​សេវា​រថយន្ត​ប្រណីត​សម្រាប់​រាល់​ការដឹកជញ្ជូន​គណៈប្រតិភូ និង​ភ្ញៀវ​បរទេស ដែល​មក​បំពេញ​ទស្សនកិច្ច​ការងារ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ក្រៅពី​សេវា​របស់​ក្រុមហ៊ុន (RCLS) នេះឡើយ ។​

​កាលពី​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០១៨​កន្លងទៅ​ថ្មីៗ​នេះ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បានសម្រេច​អនុញ្ញាត​ឲ្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ផ្ទេរ​ឥណទាន​ថវិកា​ចំនួន​១៦ ៤៦៣​លាន​រៀល (​ប្រមាណ​៤ ១១៥ ៧៥០​ដុល្លារ​អាមេរិក​) ពី​ជំពូក​៦៩ (​ចំណាយ​មិនបាន​គ្រោងទុក​) នៃ​ខ្ទង់ចំណាយ​មិនទាន់​បែងចែក​មក​ជំពូក​៦១ (​សេវាកម្ម​) សម្រាប់​ទូទាត់​ជម្រះ​ថ្លៃ​បំណុល​សេវា​ប្រើប្រាស់​រថយន្ត​ប្រណីត​ជូន​ក្រុមហ៊ុន (RCLS) ចាប់ពី​ឆ្នាំ​២០០៩ ដល់​ឆ្នាំ​២០១៦ ។​

​គួរ​រំលឹក​ជូន​ដែរ​ថា កាលពី​ចុងឆ្នាំ​២០១៦​កន្លងទៅ រាជរដ្ឋាភិបាល​កម្ពុជា​ក៏​ធ្លាប់បាន​ផ្ទេរ​ឥណទាន​ថវិកា​ចំនួន​៩៦៨​លាន​រៀល (​ប្រមាណ​ជាង​២៤​ម៉ឺន​ដុល្លារ​អាមេរិក​) ទូទាត់​ថ្លៃ​បំណុល​សេវា​ប្រើប្រាស់​រថយន្ត​ប្រណីត​របស់​ក្រុមហ៊ុន (RCLS) មាន​លោក​ឧកញ៉ា គិត ម៉េង ជា​អ្នកគ្រប់គ្រង​ផងដែរ ខណៈ​រដ្ឋសភា​នីតិកាល​ទី​៥​ក៏​ធ្លាប់​ចំណាយ​ថវិកា​ចំនួន​៤៤៦ ៣០០ ០០០​រៀល (​ប្រមាណ​ជាង​១១​ម៉ឺន​ដុល្លារ​អាមេរិក​) សម្រាប់​ទូទាត់​ឲ្យ​ក្រុមហ៊ុន (RCLS) ក្នុង​ពិធី​រៀបចំ​មហា​សន្និបាតសភា​តំបន់​អាស៊ី (APA) លើក​ទី​៨ ឆ្នាំ​២០១៥​ដែល​បានធ្វើ​នៅ​សណ្ឋាគារ Sokha Phnom Penh របស់លោក​ឧកញ៉ា សុខ គង់ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.