ក្រោមការលើកហេតុផលថា ចម្រៀងកាយវិការខារ៉ាអូខេខ្មែរមានចំណងជើង «សល់តែចិត្តស្មោះ» របស់ផលិតកម្ម «អង្គរអមតៈ -Angkor Amatak» ច្រៀងដោយតារាចម្រៀងលោកស្រី កែវ ច័ន្ទសម្ផស្ស ធ្វើឲ្យប៉ះពាល់ដល់តម្លៃការងាររបស់អ្នកបម្រើការងារតាមផ្ទះនាពេលបច្ចុប្បន្ននេះ ទើបកាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨កន្លងទៅ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញលិខិតផ្លូវការស្នើសុំឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈចាត់វិធានការផ្អាកការផ្សព្វផ្សាយជាបន្តទៅទៀត ។
បន្ទាប់មក ក្រសួងព័ត៌មានដែលមានឯកឧត្តម ខៀវ កាញារីទ្ធ ជារដ្ឋមន្ត្រីក៏បានចេញលិខិតផ្លូវការមួយលេខ១២៣៣ព.ម ចុះថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨កន្លងទៅថ្មីៗជម្រាបមកម្ចាស់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ឲ្យបញ្ឈប់ការចាក់ផ្សាយបទចម្រៀងមានចំណងជើងថា «សល់តែចិត្តស្មោះ» ច្រៀងដោយលោកស្រី កែវ ច័ន្ទសម្ផស្ស ចាប់ពីថ្ងៃជូនដំណឹងតទៅ ។
ប្រការគួរឲ្យចាប់អារម្មណ៍ និងអស់សំណើចនោះ នៅត្រង់ថា បទចម្រៀង «សល់តែចិត្តស្មោះ» ច្រៀងដោយតារាចម្រៀងលោកស្រី កែវ ច័ន្ទសម្ផស្ស គឺជារបស់ផលិតកម្ម «អង្គរអមតៈ – Angkor Amatak» បែរជាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈស្នើសុំឲ្យបញ្ឈប់ការផ្សព្វផ្សាយដោយបញ្ជាក់ថា ជាបទចម្រៀងរបស់ផលិតកម្ម «ខ្មែរអមតៈ» និងផ្តល់នូវទិន្នន័យ Link តាមប្រព័ន្ធផ្សព្វផ្សាយសង្គម Youtube ខុសឆ្គងពីការពិតទៅវិញ (Sic!) ។
(នេះជាបទចម្រៀងទុកជាព័ស្តុតាង មិនមែនមានបំណងចង់ផ្សព្វផ្សាយផ្គើនទៅនឹងបម្រាមរបស់ក្រសួងព័ត៌មាននោះទេ) ៕