កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ម្សិលមិញ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី ក្នុងព្រះបរមនាម និងតាមព្រះរាជត្រាស់បង្គាប់នៃអង្គព្រះមហាក្សត្របានចុះហត្ថលេខានៅលើព្រះរាជក្រឹត្យដាច់ដោយឡែកពីគ្នាចំនួន២ គឺលេខនស/រកត/០៩១៨/៩៤៧ និងលេខនស/រកត/០៩១៨/៩៤៨ តាមសំណើរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់តែងតាំងទីប្រឹក្សាផ្ទាល់ ថ្នាក់ដឹកនាំខុទ្ទកាល័យ ជំនួយការ ក្រុមលេខា និងពិធីការសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ចំនួន១៩៤នាក់ជាលើកដំបូង ដែលក្នុងនោះរួមានឋានៈស្មើទេសរដ្ឋមន្ត្រី០៩នាក់, ឋានៈស្មើរដ្ឋមន្ត្រី៣៦នាក់, ឋានៈស្មើរដ្ឋលេខាធិការ៤៩នាក់, ឋានៈស្មើអនុរដ្ឋលេខាធិការ៥៦នាក់ និងឋានៈស្មើអគ្គនាយក៤៥នាក់ (ឋានៈត្រួតម្នាក់ គឺឯកឧត្តម ប៉ាន់ខែម ប៊ុនថន ជានាយករងខុទ្ទកាល័យ មានឋានៈស្មើរដ្ឋលេខាធិការ និងជាជំនួយការនាយករដ្ឋមន្ត្រី មានឋានៈស្មើអគ្គនាយកបន្ថែមលើមុខងារបច្ចុប្បន្ន) ។
សមាសភាពទីប្រឹក្សាផ្ទាល់នាយករដ្ឋមន្ត្រីមានចំនួន៤៦នាក់ (មិនទទួលយកប្រាក់បៀវត្សរ៍ ចំនួន០៩នាក់) ថ្នាក់ដឹកនាំខុទ្ទកាល័យមានចំនួន២៣នាក់, ជំនួយការមានចំនួន៥៥នាក់ (មិនទទួលយកប្រាក់បៀវត្សរ៍ចំនួន០១នាក់) ក្រុមលេខាមានចំនួន៦៦នាក់ និងពិធីការមានចំនួន០៥នាក់ ៕