ថ្ងៃ ព្រហស្បតិ៍ ទី ១៨ ខែ តុលា ឆ្នាំ ២០១៨

​បទ​ហួស​សម័យ ? ក្រសួង​ព័ត៌មាន​បញ្ឈប់​ឲ្យ​ចាក់ផ្សាយ​បទ​ចម្រៀង «​សល់​តែ​ចិត្ត​ស្មោះ​» របស់​ផលិតកម្ម​ខ្មែរ​អមតៈ​

​យោងតាម​លិខិត​លេខ​១៣៩៦​កប​/​ម​ហ ចុះ​ថ្ងៃទី​០៣ ខែកញ្ញា ឆ្នាំ​២០១៨​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដែល​បាន​គោរព​ជូន​ក្រសួង​ព័ត៌មាន និង​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ស្នើសុំ​ឲ្យ​ចាត់វិធានការ​ផ្អាក​ការប្រើប្រាស់ និង​ផ្សព្វផ្សាយ​បទ​ចម្រៀង «​សល់​តែ​ចិត្ត​ស្មោះ​» ច្រៀង​ដោយ​លោកស្រី កែវ ច័ន្ទ​សម្ផស្ស របស់​ផលិតកម្ម​ខ្មែរ​អមតៈ​នោះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បាន​ចុះហត្ថលេខា​នៅលើ​លិខិតផ្លូវការ​របស់​ក្រសួង​ព័ត៌មាន​លេខ​១២៣៣​ព​.​ម ចុះ​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០១៨​ម្សិលមិញ ជម្រាប​មក​ម្ចាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងអស់​ឲ្យ​បញ្ឈប់​ការចាក់ផ្សាយ​បទ​ចម្រៀង​ដែលមាន​ចំណងជើង​ថា «​សល់​តែ​ចិត្ត​ស្មោះ​» របស់​ផលិតកម្ម​ខ្មែរ​អមតៈ​ចាប់​ពីថ្ងៃ​ជូនដំណឹង​នេះ​តទៅ ។​

​ការណ៍​ដែល​នាំ​ឲ្យ​ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ចេញ​លិខិតផ្លូវការ​ស្នើ​ឲ្យ​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង​លោកជំទាវ​រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ចាត់វិធានការ​ផ្អាក​ការផ្សព្វផ្សាយ​បទ​ចម្រៀង​មាន​ចំណងជើង​ថា «​សល់​តែ​ចិត្ត​ស្មោះ​» របស់​ផលិតកម្ម​ខ្មែរ​អមតៈ ច្រៀង​ដោយ​លោកស្រី កែវ ច័ន្ទ​សម្ផស្ស នោះ គឺ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​លើក​ហេតុផល​ថា «…​អត្ថន័យ​នៃ​បទ​ចម្រៀង​នេះ អាច​ត្រូវ​តាម​ស្ថានភាព​ប្រទេស​កម្ពុ​ជានា​មួយ​ទសវត្សរ៍​កន្លងទៅ ។ ប៉ុន្តែ​បច្ចុប្បន្ន​អត្ថន័យ​នៃ​បទ​នេះ​បានធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​តម្លៃ​ការងារ​របស់​អ្នកបម្រើ​ការងារ​តាម​ផ្ទះ​ដែល​ច្បាប់​ស្តីពី​ការងារ ច្បាប់​ស្តីពី​សហជីព អនុសញ្ញា​អន្តរជាតិ​ខាង​ការងារ បាន​ធានា​សិទ្ធិ និង​លើកកម្ពស់​ការ​គាំពារ ជាពិសេស​អ្វីដែល​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាននិងកំពុង​ផ្តោត​ការយកចិត្តទុកដាក់ និង​ផ្តល់​កិច្ច​គាំពារ​ដល់​ពួកគាត់​ដែល​បម្រើ​ការងារ​តាម​ផ្ទះ ។​» ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.