ថ្ងៃ ព្រហស្បតិ៍ ទី ១៨ ខែ តុលា ឆ្នាំ ២០១៨

​បាត់​ផ្កាយ និង​បាត់​តំណែង តែ​សល់​លុយ ! ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ឯកឧកញ៉ា​ម្នាក់ ត្រូវបាន​ដកហូត​តំណែង​ពី​ទីប្រឹក្សានាយករដ្ឋមន្ត្រី និង​លុបឈ្មោះ​ចេញពី​ក្របខ័ណ្ឌ​ទាហាន​

ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ឯកឧកញ៉ា ហូ ចំរើន នាយទាហាន​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​នៃ​កងយោធពល​ខេមរភូមិន្ទ អត្តលេខ​០០២៩៥៨ ត្រូវបាន​ដកហូត​មុខតំណែង​ពី​ទីប្រឹក្សា​ផ្ទាល់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ និង​លុបឈ្មោះ​ចេញពី​ក្របខ័ណ្ឌ​នៃ​កងយោធពល​ខេមរភូមិន្ទ​ជា​ស្ថាពរ​វិញ​ហើយ​តាំងពី​មុនពេល​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦​មកម្ល៉េះ ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៥១៨/៥៥៨ ចុះ​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០១៨ បន្ទាប់ពី​មានរឿង​អាស្រូវ​បាញ់បោះ​សេរី​នៅ​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។​

​លោក​ឧ​ត្ត​ម​សេនីយ៍ ហូ ចំរើន នាយទាហាន​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​នៃ​កងយោធពល​ខេមរភូមិន្ទ អត្តលេខ​០០២៩៥៨ ទទួលបាន​ការតែងតាំង​ជាទី​ប្រឹក្សា​ផ្ទាល់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន តាំងពី​នៅ​ពាក់​ផ្កាយ​២ (​ឧ​ត្ត​ម​សេនីយ៍​ទោ​) ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០២១៨/១៣៩ ចុះ​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០១៨ ពោលគឺ​ក្លាយជា «​ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​» ។

​បន្ទាប់ពី​ទទួលបាន​ការតែងតាំង​មុខតំណែង​ជាទី​ប្រឹក្សា​ផ្ទាល់​នាយករដ្ឋមន្ត្រី មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ​រួចមក ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ទោ ហូ ចំរើន ក៏​ទទួលបាន​ការដំឡើងឋាន​ន្ត​រ​ស័ក្តិ​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ឯក (​ផ្កាយ​៣) ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៤១៨/៣៨៣ ចុះ​ថ្ងៃទី​០៥ ខែមេសា ឆ្នាំ​២០១៨ ។​

​រយៈពេល​ប្រមាណ​០២​ខែក្រោយ​ទទួលបាន​ការតែងតាំង​មុខតំណែង​ជាទី​ប្រឹក្សា​ផ្ទាល់​នាយករដ្ឋមន្ត្រី​នេះដែរ ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ឯក ហូ ចំរើន និង​ភរិយា គឺ​លោកជំទាវ គារ សុខ​គាង ក៏​ទទួលបាន​ការតែងតាំង​ជា​ឧកញ៉ា​ព្រម​គ្នា ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៤១៨/៤១០ ចុះ​ថ្ងៃទី​១២ ខែមេសា ឆ្នាំ​២០១៨ (​មុន​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​.២៥៦២) ។​

​ក្រោយ​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ ឆ្នាំច សំរឹទ្ធិស័ក បានបញ្ចប់​ប្រមាណ​មិន​ដល់​មួយ​សប្តាហ៍​ផង ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ឯកឧកញ៉ា ហូ ចំរើន ក៏​ទទួលរង​ការចោទប្រកាន់ថា បាន​ប្រព្រឹត្ត​អំពើ​បាញ់បោះ​សេរី កាលពី​រសៀល​ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០១៨​នៅ​ភូមិគ្រឹះ​ដ៏​ស្កឹមស្កៃ​របស់ខ្លួន​ឋិត​នៅ​ភូមិ​រការ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

​នៅ​ទីបំផុត ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ឯកឧកញ៉ា ហូ ចំរើន ក៏ត្រូវ​បាន​ដកហូត​មុខតំណែង​ពី​ទីប្រឹក្សា​ផ្ទាល់​នាយករដ្ឋមន្ត្រី និង​លុបឈ្មោះ​ចេញពី​ក្របខ័ណ្ឌ​នៃ​កងយោធពល​ខេមរភូមិន្ទ​ជា​ស្ថាពរ គឺ​នៅសល់​ត្រឹមតែ​ងារ​ជា «​លោក​ឧកញ៉ា​» ពោរពេញ​ទៅដោយ​ទ្រព្យសម្បត្តិ​មហាសាល​ជាទី​ស្ញប់ស្ញែង​ប៉ុណ្ណោះ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.