ថ្ងៃ ចន្ទ ទី ១៧ ខែ ធ្នូ ឆ្នាំ ២០១៨

ពិតជា​អច្ឆរិយៈ ! អ្នកលេង Facebook ហួសចិត្ត​នឹង​ចំណារ​របស់​ចៅហ្វាយខេត្ត​កំពង់ធំ ដែល​ប្រើពាក្យ​សុទ្ធតែ «​ស៊ី​អាចម៍​…»

​កាលពី​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០១៧​កន្លងទៅ លោក ធី​វ វណ្ណ​ធីរ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តកំពង់ធំ បានធ្វើ​របាយការណ៍​ផ្លូវការ​មួយ​លេខ​១២២៦ ម​កសិខ​.​រប គោរព​ជូន​ឯកឧត្តម​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ធំ អំពី​ករណី​ឃាត់ខ្លួន​ជនល្មើស​ចំនួន​ពីរ​នាក់​ពីបទ​កាប់​ផ្តួលរំលំ​ដើមឈើ​មាន​ដោយ​កម្រ «​ធ្នង់​» នៅ​តំបន់​អន្លង់​ចំបក់ ក្នុងភូមិ​សាស្ត្រ​ឃុំ​ស្រើ​ង ស្រុក​ប្រាសាទ​សំបូរ ប្រព្រឹត្តឡើង​នា​ថ្ងៃទី​០៥ ខែឧសភា ឆ្នាំ​២០១៧ ។​

​លិខិត​របាយការណ៍​លេខ​១២២៦ ម​កសិខ​.​រប ចុះ​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០១៧​របស់លោក ធី​វ វណ្ណ​ធីរ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តកំពង់ធំ បាន​មកដល់​រដ្ឋបាល​ខេត្តកំពង់ធំ នា​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០១៧ (​មានន័យថា ប្រើពេល​វេលា​អស់​ចំនួន​០៥​ថ្ងៃ​) និង​ទទួលបាន​ចំណារ​របស់​ឯកឧត្តម សុខ លូ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកំពង់ធំ​នា​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០១៧ ។​

​ប្រការ​គួរ​ឲ្យ​ចាប់អារម្មណ៍ និង​ហួសចិត្ត​នោះ គឺ​នៅត្រង់​ចំណារ​របស់​ឯកឧត្តម សុខ លូ លើ​លិខិត​របាយការណ៍​ផ្លូវការ​របស់លោក ធី​វ វណ្ណ​ធីរ បានសរសេរថា «​ធ្វើ​របាយការណ៍​យឺត​យ៉ាងនេះ បែប​ស៊ី​អាចម៍​មិនទាន់​ឆ្កែ​ទេ​មើលទៅ​!» (Sic!) ។​

​គួរ​រំលឹក​ជូន​ដែរ​ថា ដើម្បី​ឆ្លើយតប​ទៅនឹង​សំណើ​ចុះ​ថ្ងៃទី​០២ ខែឧសភា ឆ្នាំ​២០១៧​របស់​តំណាង​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ចំបក់​ខ្ពស់ ឃុំ​សំព្រោជ ស្រុក​ស្ទោង ខេត្តកំពង់ធំ ក្នុង​រឿង​សុំ​ជួសជុល​ទំនប់​អាងទឹក​ចាស់ ស្តារ​ប្រឡាយ​ចាស់ និង​លើកភ្លឺស្រែ​ចាស់​នៅ​តំបន់​២ ឋិត​ក្នុងភូមិ​ចំបក់​ខ្ពស់ ឃុំ​សំព្រោជ ស្រុក​ស្ទោង ខេត្តកំពង់ធំ​នោះ រដ្ឋបាលខេត្ត​កំពង់ធំ​ដែលមាន​ឯកឧត្តម សុខ លូ ជា​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បានចេញ​លិខិតផ្លូវការ​មួយច្បាប់​លេខ​២៩៧៨/១៧​សជណ ចុះ​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០១៧ ជម្រាប​មក​ម្ចាស់​សំណើ ប៉ុន្តែ​មិនបាន​ចម្លងជូន​អភិបាល​នៃ​គណៈ​អភិបាលស្រុក​ស្ទោង​ជា​ភូមិសាស្ត្រ​ក្នុង​ដែន​សមត្ថកិច្ច​ដើម្បី​ចូលរួម​សហការ​អនុវត្ត​ទេ បែរជា​ចម្លងជូន​អភិបាល​នៃ​គណៈ​អភិបាលស្រុក​សន្ទុក​ដែល​មិនមាន​ព្រំប្រទល់​ជាប់​នឹង​ស្រុក​ស្ទោង​សោះ​ទៅវិញ តាមរបៀប​កំប្លែង​បែប​សាមញ្ញ​ថា «​ក្រាលកន្ទេល​នៅ​ស្រុក​ស្ទោង បែរជា​ទៅ​ដេក​នៅ​ស្រុក​សន្ទុក​» (Resic!) ។

​លោក សុខ លូ ឋានន្តរស័ក្តិ​ឧ​ត្ត​ម​មន្ត្រី​ថ្នាក់​លេខ​១ ក្របខ័ណ្ឌ​មន្ត្រីរដ្ឋបាល​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ អតីត​អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​កំពង់ធំ ទទួលបាន​ការតែងតាំង​ជា​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ធំ ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/១២១៦/១២០៤ ចុះ​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០១៦ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.