ថ្ងៃ ពុធ ទី ១៤ ខែ វិច្ឆិកា ឆ្នាំ ២០១៨

តែងតាំង​មុខតំណែង​មេទ័ព ! នាយករដ្ឋមន្ត្រី​ទូលថ្វាយ​ស្នើ​តែងតាំង​តំណែង​មេទ័ព​ធំ និង​កូនប្រុស​ជា​មេទ័ព​ជើងគោក​

នៅ​ថ្ងៃទី​០៦ ខែកញ្ញា ឆ្នាំ​២០១៨​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ នាយ​ឧ​ត្ត​ម​សេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានធ្វើ​លិខិត​លាយលក្ខណ៍អក្សរ​ក្រាបបង្គំ​ទូលថ្វាយ​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ទ្រង់​ប្រោស​ព្រះរាជទាន​ដំឡើង​ឋានន្តរស័ក្តិ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក វង្ស ពិ​សេន នាយទាហាន​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​នៃ​កងយោធពល​ខេមរភូមិន្ទ អត្តលេខ​០០០៣៥៧ មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជានា​យ​ឧ​ត្ត​ម​សេនីយ៍ (​ផ្កាយ​៤) និង​តែងតាំង​មុខតំណែង​ថ្មី​ជា​អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ ជំនួស​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​មាស​៤ ប៉ុល សារឿន ដែល​កាន់​មុខតំណែង​ថ្មី ជា​ទេសរដ្ឋមន្ត្រី ទទួលបន្ទុក​បេសកកម្ម​ពិសេស ។ លើសពីនេះ នាយករដ្ឋមន្ត្រី​ក៏បាន​ទូល​ស្នើ​តែងតាំង​មុខតំណែង​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត នាយទាហាន​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​នៃ​កងយោធពល​ខេមរភូមិន្ទ អត្តលេខ​០៣៣៨៨៣ ត្រូវជា​កូនប្រុស និង​ជា​អគ្គមេបញ្ជាការ​រង​កង​យោធពលខេមរភូមិន្ទ មេបញ្ជាការរង​កងទ័ព​ជើងគោក​ឲ្យ​កាន់​មុខតំណែង​ជា​មេបញ្ជាការ​កងទ័ពជើងគោក បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន ជំនួស​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​មាស​៤ មាស សុភា ដែល​ត្រូវ​កាន់​មុខតំណែង​ថ្មី​ជា​ទេសរដ្ឋមន្ត្រី ទទួលបន្ទុក​បេសកកម្ម​ពិសេស ។​

​ដោយឡែក លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ឥត សារ៉ាត់ នាយទាហាន​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​នៃ​កងយោធពល​ខេមរភូមិន្ទ អត្តលេខ​០០០៣៣៤ ក៏ត្រូវ​បាន​នាយករដ្ឋមន្ត្រី​ទូល​ស្នើ​តែងតាំង​តំណែង​ជា​នាយសេនាធិការ​ចម្រុះ​នៃ​កងយោធពល​ខេមរភូមិន្ទ បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន ជា​អគ្គ​មេបញ្ជាការរង​នៃ​កងយោធពល​ខេមរភូមិន្ទ ។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ត្រូវជា​កូនប្រុស​របស់​នាយករ​ដ្ឋ​មន្ត្រី​បច្ចុប្បន្ន ទើប​ទទួលបាន​ការតែងតាំង​ជា​អគ្គ​មេបញ្ជាការរង​នៃ​កងយោធពល​ខេមរភូមិន្ទ បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន នៅ​មុនពេល​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦​បានមក​ដល់ ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៧១៨/៦៩៥ ចុះ​ថ្ងៃទី​០៦ ខែកក្កដា ឆ្នាំ​២០១៨ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.