កាលពីថ្ងៃអាទិត្យទី២៩ ខែមេសា ឆ្នាំ២០១៨កន្លងទៅថ្មីៗនេះ លោក Rodrigo Duterte ប្រធានាធិបតីប្រទេសហ្វីលីពីន បានហៅលោក Kim Jong-un មេដឹកនាំវ័យក្មេងប្រទេសកូរ៉េខាងជើង ដែលលោកធ្លាប់ចាត់ទុកថា «ជាបុរសល្ងីល្ងើ» នោះថា «ជាវីរបុរសរបស់មនុស្សគ្រប់គ្នា» ។ ការអះអាងរបស់បុរសខ្លាំងប្រទេសហ្វីលីពីនបែបនេះ គឺកើតឡើងបន្ទាប់ពីលោក Kim Jong-un មេដឹកនាំវ័យក្មេងប្រទេសកូរ៉េខាងជើងសន្យាថា នឹងធ្វើការជាមួយមេដឹកនាំប្រទេសកូរ៉េខាងត្បូងដើម្បីឈានទៅ «រំសាយអាវុធនុយក្លេអ៊ែរដ៏ពេញលេញ» នៅឧបទ្វីបកូរ៉េ ។
លោក Rodrigo Duterte បានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយក្រោយបញ្ចប់កិច្ចប្រជុំកំពូលអាស៊ាននៅប្រទេសសិង្ហបុរីថា លោក «អបអរសាទរ» ចំពោះលោក Kim Jong-un ដែលទើបក្លាយជា «តារា» របស់លោក ប្រសិនបើលោកមានឱកាសជួបគាត់ (លោក Kim) ។ លោកនឹងប្រាប់មេដឹកនាំប្រទេសកូរ៉េខាងជើងថា «ខ្ញុំកោតសរសើរអ្នក ដោយអ្នកដឹងពីពេលវេលា (ចលនារបស់អ្នក) » ។
ពាក់ព័ន្ធនឹងមហិច្ឆតាអាវុធនុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងជើងនាពេលកន្លងមកត្រូវបានលោក Rodrigo Duterte ធ្វើការរិះគន់យ៉ាងចាស់ដៃ និងបានជំរុញឲ្យមហាអំណាចសហរដ្ឋអាមេរិកបញ្ឈប់ការអត់ធ្មត់ចំពោះបុរសមេដឹកនាំកូរ៉េខាងជើង Kim Jong-un ដែលចង់បញ្ចប់ពិភពលោកដោយអាវុធនុយក្លេអ៊ែរ ។ លើសពីនេះ លោកប្រធានាធិបតីប្រទេសហ្វីលីពីនបានហៅលោក Kim Jong-un ថា «ជាបុរសល្ងីល្ងើ» ទៀតផង ។
មេដឹកនាំកូរ៉េខាងជើង លោក Kim Jong-un អាយុ៣៦ឆ្នាំ និងលោក Moon Jae-in ប្រធានាធិបតីប្រទេសកូរ៉េខាងត្បូងអាយុ៦៥ឆ្នាំបានព្រមព្រៀងគ្នាលើគោលការណ៍មួយពាក់ព័ន្ធនឹងអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េក្នុងអំឡុងពេលកិច្ចប្រជុំជាប្រវត្តិសាស្ត្រនៅតំបន់គ្មានយោធាកាលពីថ្ងៃសុក្រ ទី២៧ ខែមេសា ឆ្នាំ២០១៨កន្លងទៅ ។ មេដឹកនាំប្រទេសទាំងពីរបានសន្យាថា នឹងធ្វើការជាមួយសហរដ្ឋអាមេរិក និងប្រទេសចិននៅឆ្នាំ២០១៨នេះ ដើម្បីប្រកាសបញ្ចប់ជាផ្លូវការនូវសង្គ្រាមកូរ៉េ និងបង្កើតកិច្ចព្រមព្រៀងសន្តិភាពអចិន្ត្រៃយ៍ ៕