នៅថ្ងៃចន្ទ ១រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨នេះ លោក លី លីបម៉េង ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញបានចេញដីកាបង្គាប់សម្រេចឲ្យដោះលែងលោក ញឹក ប៊ុនឆៃ ជាប់ឈ្មោះជាជនត្រូវចោទពីបទសមគំនិតក្នុងបទផលិតគ្រឿងញៀន និងនាំចូលសារធាតុសម្រាប់ផ្សំគ្រឿងញៀន ចេញពីពន្ធនាគារហើយ បន្ទាប់ពីបានជាប់ឃុំខ្លួនអស់រយៈពេលជិត១ឆ្នាំរួចមក ។
អតីតប្រមុខរដ្ឋស្តីទី អតីតអនុប្រធានទី២ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អតីតឧបនាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា អតីតសហរដ្ឋមន្ត្រីក្រសួងការពារជាតិ និងអតីតជាទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៥នៃរដ្ឋសភា មានឋានៈស្មើឧបនាយករដ្ឋមន្ត្រី គឺលោកនាយឧត្តមសេនីយ៍ផ្កាយមាស៤ ញឹក ប៊ុនឆៃ នាយទាហានថ្នាក់ឧត្តមសេនីយ៍នៃកងយោធពលខមេរភូមិន្ទ ក្រសួងការពារជាតិ អត្តលេខ០០០០០៩ ដែលត្រូវសមត្ថកិច្ចនគរបាលចាប់ឃាត់ខ្លួនកាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៧តាមដីកាបញ្ជូនឲ្យចូលខ្លួនលេខ២០៣អយឋ ចុះថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៧ របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញនោះ ត្រូវបានស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់បើកការស៊ើបសួរជាផ្លូវការហើយនៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៧នេះ ពីបទសមគំនិតក្នុងបទផលិតគ្រឿងញៀន និងនាំចូលសារធាតុសម្រាប់ផ្សំគ្រឿងញៀន ដោយដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរលេខ៣០៨២អយឋ ចុះថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៧ និងត្រូវបានចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនដាក់ពន្ធនាគារនាថ្ងៃដដែល ។
សេចក្តីថ្លែងការណ៍ចុះថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៧របស់អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងថា «អយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានរកឃើញតម្រុយបទល្មើសលើឈ្មោះ ញឹក ប៊ុនឆៃ ពាក់ព័ន្ធនឹងសំណុំរឿងគ្រឿងញៀន ។ នៅក្នុងដំណាក់កាលនៃការអនុវត្តយុទ្ធនាការបង្ក្រាបគ្រឿងញៀននាពេលបច្ចុប្បន្ន និងបន្ទាប់ពីបានធ្វើការស្រាវជ្រាវលើសំណុំរឿងគ្រឿងញៀនដ៏ធំនេះរួចមក អយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានកសាងសំណុំរឿងព្រហ្មទណ្ឌលេខ៤៧៥៨ ចុះថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៧ និងបានចាត់នីតិវិធីជាបន្តបន្ទាប់ ព្រមទាំងបានសម្រេចចោទប្រកាន់លើឈ្មោះ ញឹក ប៊ុនឆៃ ពីបទសមគំនិតក្នុងបទផលិតគ្រឿងញៀន និងនាំចូលសារធាតុសម្រាប់ផ្សំគ្រឿងញៀន តាមបញ្ញត្តិមាត្រា២៩នៃក្រមព្រហ្មទណ្ឌ និងមាត្រា៣៨.១ថ្មី ចំណុចទី៤ និងមាត្រា៣២.១ថ្មី ចំណុចទី៤.ង នៃច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ២០០៥ តាមដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរលេខ៣០៨២អយឋ ចុះថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៧ ហើយបានបញ្ជូនសំណុំរឿងនេះទៅចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការបន្តតាមនីតិវិធី ។ » ។
រឿងរ៉ាវលោកនាយឧត្តមសេនីយ៍ផ្កាយមាស៤ ញឹក ប៊ុនឆៃ ដែលបានធ្លាក់មកដល់ក្នុងដៃសមត្ថកិច្ចតុលាការពាក់ព័ន្ធនឹងសំណុំរឿងគ្រឿងញៀននាពេលនេះ គឺបន្ទាប់ពីលោកត្រូវបានដកហូតមុខតំណែងពីទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៥នៃរដ្ឋសភា មានឋានៈស្មើឧបនាយករដ្ឋមន្ត្រីយ៉ាងតក់ក្រហល់ ដោយព្រះរាជក្រឹត្យលេខនស/រកត/០៦១៧/៤៥២ ចុះថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ក្រោមឥទ្ធិពលព្យុះកំហឹងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលចោទប្រកាន់ថា លោក ញឹក ប៊ុនឆៃ ជាប្រធានគណបក្សខ្មែររួបរួមជាតិ «ក្បត់» គណបក្សប្រជាជនកម្ពុជាដែលជាសម្ព័ន្ធមិត្តទៅសមគំនិតជាមួយគណបក្សសង្គ្រោះជាតិដែលជាគណបក្សនយោបាយប្រឆាំងនាពេលបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៤កន្លងទៅថ្មីៗ ៕