ប្រភពព័ត៌មានស្និទ្ធនឹងស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានបង្ហើបប្រាប់ឲ្យដឹងថា សមត្ថកិច្ចនគរបាលទទួលបន្ទុកផែនអន្តោប្រវេសន៍កម្រិតតូចតាចមួយចំនួននៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបាននាំគ្នារអ៊ូររទាំរបៀប «បាក់ទឹកចិត្ត» ចំពោះចំណាត់ការរបស់ស្ថាប័នអយ្យការអមសាលាដំបូងខេត្តសៀមរាបដែលមានលោក កើត វណ្ណារ៉េត ជាព្រះរាជអាជ្ញា យឺតយ៉ាវ ឬមិនសូវរវីរវល់ក្នុងការចោទប្រកាន់បើកការស៊ើបសួរទៅលើជនបរទេសម្នាក់ឈ្មោះ Valery Le Helloco សញ្ជាតិបារាំង អស់រយៈពេលជាច្រើនខែបន្ទាបពីប៉ូលិសបានធ្វើរបាយការណ៍សំយោគក្នុងសំណុំរឿងព្រហ្មទណ្ឌបទរំលោភលើលំនៅឋាន (ទីតាំងសណ្ឋាគារ Victoria Angkor Resort & Spa ខេត្តសៀមរាប) ទៅកាន់ស្ថាប័នតុលាការរួចមក ។
ក្រុមប៉ូលិសតូចតាចបានបង្ហើបប្រាប់ឲ្យដឹងថា នាយការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ដោយមានការឯកភាពពីលោកឧត្តមសេនីយ៍ត្រី ជា គឹមសាន ស្នងការរងទទួលផែនអន្តោប្រវេសន៍ផង បានធ្វើរបាយការណ៍សំយោគដាក់បន្ទុកលើជនសង្ស័យឈ្មោះ Valery Le Helloco សញ្ជាតិបារាំង និងឈ្មោះ Patrick Albert Pronk សញ្ជាតិហូល្លង់ ពីបទរំលោភលើលំនៅឋាន ជូនទៅលោកព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តសៀមរាបតាំងពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨មកម្ល៉េះ ប៉ុន្តែរហូតទល់បច្ចុប្បន្ន មិនទាន់ឃើញស្ថាប័នអយ្យការអមសាលាដំបូងខេត្តសៀមរាបបើកការស៊ើបសួរចោទប្រកាន់ទៅលើជនសង្ស័យសញ្ជាតិបរទេសទាំងនោះនៅឡើយ ហើយក៏បានធ្វើឲ្យសមត្ថកិច្ចនគរបាលយុត្តិធម៌ដែលចាត់ការសំណុំរឿងយ៉ាងសកម្មដោយផ្ទាល់ហាក់ «បាក់ទឹកចិត្ត» ទៀតផង ។
គួរបញ្ជាក់ជូនដែរថា បុរសឈ្មោះ Valery Le Helloco ដែលមិនមានឈ្មោះ និងតួនាទីក្នុងក្រុមហ៊ុន Victoria Angkor Company Limited ដែលវិនិយោគលើសេវាកម្មសណ្ឋាគារ Victoria Angkor Resort & Spa ខេត្តសៀមរាបសោះនោះ បាននាំបុរសសញ្ជាតិបរទេសម្នាក់ទៀតឈ្មោះ Patrick Albert Pronk អតីតជាអគ្គនាយករងសណ្ឋាគារ Victoria Angkor Resort & Spa ដែលត្រូវបានបញ្ឈប់ពីការងាររួចហើយព្រោះតែមានកំហុសធ្ងន់ធ្ងរចូលមករំលោភកាន់កាប់លើទីតាំងសណ្ឋាគារយ៉ាងកំរោលកាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៨ រហូតដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ ទើបចាកចេញពីទីតាំងសណ្ឋាគារបន្ទាប់ពីស្ថាប័នអយ្យការអមសាលាដំបូងខេត្តសៀមរាបអនុញ្ញាតឲ្យកម្លាំងសមត្ថកិច្ចប៉ូលិសអន្តោប្រវេសន៍បើកការស៊ើបអង្កេតបឋមនាថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨រួចមកភ្លាមៗ ។
លោក កើត វណ្ណារ៉េត ជាសិស្សចៅក្រមជំនាន់ទី១សាលាភូមិន្ទចៅក្រមនៃរាជបណ្ឌិត្យសភាវិជ្ជាជីវៈតុលាការហើយត្រូវបានតែងតាំងជាព្រះរាជអាជ្ញារងកម្មសិក្សាបម្រើការងារនៅអយ្យការអមសាលាដំបូងខេត្តកណ្តាល ដោយព្រះរាជក្រឹត្យលេខនស/រកត/១២០៥/៥៣៤ ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០០៥ និងត្រូវបានតាំងស៊ប់ក្នុងក្របខ័ណ្ឌនៃអង្គចៅក្រមបម្រើការងារជាព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកណ្តាល ដោយព្រះរាជក្រឹត្យលេខនស/រកត/១២០៧/០៦៧ ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០០៧ ។
រយៈពេលជាង២ឆ្នាំក្រោយមក លោក កើត វណ្ណារ៉េត ក៏ត្រូវបានតែងតាំងជាព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តព្រៃវែង ដោយព្រះរាជក្រឹត្យលេខនស/រកត/០៨០៩/៧៨៦ ចុះថ្ងៃទី០៤ ខែសីហា ឆ្នាំ២០០៩ និងក៏ត្រូវបានផ្ទេរមុខតំណែងឲ្យមកបម្រើការងារជាព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តសៀមរាបទល់សព្វថ្ងៃមានរយៈពេល៤ឆ្នាំហើយ ដោយព្រះរាជក្រឹត្យលេខនស/រកត/០៤១៤/៤៤៨ ចុះថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៤ ។
សូមឯកឧត្តម អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម និងឯកឧត្តមឧត្តមសេនីយ៍ឯក ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និងជាគណៈបញ្ជាការឯកភាពខេត្តសៀមរាប មេត្តាត្រួតពិនិត្យមើលរបៀបរបបបម្រើការងាររបស់លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តសៀមរាបនោះផង ៕