ប្រធានសាលាឧទ្ធរណ៍ដែលជាស្ថាប័នតុលាការជាន់ខ្ពស់លំដាប់ទី២ គឺឯកឧត្តម យូ ប៊ុនឡេង អាយុ៦០ឆ្នាំ ដែលនឹងដល់អាយុចូលនិវត្តន៍នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៨ ខាងមុខ ត្រូវបានព្រះករុណាព្រះមហាក្សត្រត្រាស់បង្គាប់អនុញ្ញាតឲ្យបន្តការងាររយៈពេល១ (មួយ) ឆ្នាំទៀត ដោយព្រះរាជក្រឹត្យលេខនស/រកត/០២១៨/២០៨ ចុះថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៨ តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ឯកឧត្តម អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម បន្ទាប់ពីបានពិគ្រោះយោបល់ជាមួយសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម។
មាត្រា៦២ កថាខណ្ឌទី១ នៃច្បាប់ស្តីពីលក្ខន្តិកៈនៃចៅក្រម និង ព្រះរាជអាជ្ញា ដែលប្រកាសឲ្យប្រើដោយព្រះរាជក្រមលេខនស/រកម/០៧១៤/០១៦ ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៤ បានចែងថា «ចៅក្រមទាំងពីរភេទត្រូវចូលនិវត្តន៍នៅពេលគ្រប់អាយុ៦០ (ហុកសិប) ឆ្នាំ។»។
លោក យូ ប៊ុនឡេង កើតថ្ងៃទី០៧ ខែមេសា ឆ្នាំ១៩៥៨ ចូលបម្រើការងាររដ្ឋនាថ្ងៃទី០១ ខែកក្កដា ឆ្នាំ១៩៨១ អតីតជាចៅក្រមសាលាឧទ្ធរណ៍ និងទទួលបានការតែងតាំងជាប្រធានសាលាឧទ្ធរណ៍ជំនួសលោកជំទាវ លី វួចឡេង ដោយព្រះរាជក្រឹត្យលេខនស/រកត/០៨០៧/៣៣៩ ចុះថ្ងៃទី០៩ ខែសីហា ឆ្នាំ២០០៧ ព្រមទាំងទទួលបានការតែងតាំងជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមជំនួសលោកជំទាវ លី វួចឡេង ដោយព្រះរាជក្រឹត្យលេខនស/រកត/០៨០៧/៣៤០ ចុះថ្ងៃទី០៩ ខែសីហា ឆ្នាំ២០០៧។
ឯកឧត្តមចៅក្រម យូ ប៊ុនឡេង ខណៈពេលកំពុងកាន់មុខតំណែងជាប្រធានសាលាឧទ្ធរណ៍ ក៏បានធ្វើសច្ចាប្រណិធានចូលប្រកបវិជ្ជាជីវៈមេធាវីក្លាយជាសមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាមានអត្តលេខ៨៤៦ នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១២ និងក៏បានដាក់ពាក្យសុំធ្វើជាមេធាវីមិនប្រកបវិជ្ជាជីវៈ ដើម្បីបន្តកាន់តំណែងជាប្រធានសាលាឧទ្ធរណ៍។
ក្រោយមក បន្ទាប់ពីច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមដែលប្រកាសឲ្យប្រើដោយព្រះរាជក្រមលេខនស/រកម/០៧១៤/០១៧ ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៤ គឺឯកឧត្តម យូ ប៊ុនឡេង លែងជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមទៀតហើយ ពោលត្រឹមកាន់តំណែងជាប្រធានសាលាឧទ្ធរណ៍អស់រយៈពេលជិត១១ឆ្នាំទល់បច្ចុប្បន្ន។
ឯកឧត្តម យូ ប៊ុនឡេង យ៉ាងហោចណាស់មានកូនប្រុសចំនួន២នាក់ កំពុងបម្រើការងារនៅស្ថាប័នតុលាការ គឺលោក យូ ប៊ុនណា ជាចៅក្រមសាលាឧទ្ធរណ៍ និងលោក យូ ទិត្យវឌ្ឍនៈ ជាព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង៕