ថ្ងៃ អង្គារ ទី ២៥ ខែ កញ្ញា ឆ្នាំ ២០១៨

ថែម​ការងារ​មួយទៀត ! ផ្កាយ​៣ ហ៊ុន ម៉ា​ណែ​ត ត្រូវបានតែងតាំង​ជា​អនុប្រធាន​ប្រចាំការ​នៃ​ក្រុមការងារ​ពិសេស​ថ្នាក់ជាតិ​ទទួលបន្ទុក​កិច្ចការ​អធិបតេយ្យ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា

​ក្រោម​ហេតុផល​ថា យោងតាម​តម្រូវ​ការចាំបាច់​នោះ រាជរដ្ឋាភិបាល​កម្ពុជា​ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​នាយ​ឧ​ត្ត​ម​សេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានសម្រេច​បង្កើត​ក្រុមការងារ​ពិសេស​ថ្នាក់ជាតិ​មួយ​ទទួលបន្ទុក​កិច្ចការ​អធិបតេយ្យ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​សេចក្តីសម្រេច​លេខ​១០​សសរ ចុះ​ថ្ងៃទី​០៦ ខែកុម្ភៈ ឆ្នាំ​២០១៨ ដែលមាន​សមាសភាព​ចំនួន​៣១​នាក់ ក្នុងនោះ​មាន​ប្រធាន​ម្នាក់​, អនុប្រធាន​ទី​១​ម្នាក់​, អនុប្រធាន​៦​នាក់ និង​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ត្រូវជា​កូនប្រុស​ច្បង​នាយករដ្ឋមន្ត្រី ជា​អនុប្រធាន​ប្រចាំការ និង​សមាជិក​ចំនួន​១៧​នាក់ ព្រមទាំង​លេខាធិការ​ចំនួន​៦​នាក់ ។

​ក្រុមការងារ​ពិសេស​ដែល​អាច​ប្រើប្រាស់​ត្រា​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​នេះ​មាន​ភារកិច្ច ៖ -​គ្រប់គ្រង​ថវិកា​ពិសេស​សម្រាប់​កិច្ចការ​អធិបតេយ្យ​ដែល​ស្ថិតក្រោម​បញ្ជា​ផ្ទាល់​របស់​នាយករដ្ឋមន្ត្រី​, -​សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​នានា​ដើម្បី​អនុវត្ត​ការងារ​ពាក់ព័ន្ធ​នឹង​អធិបតេយ្យភាព​ឲ្យ​ទទួលបាន​ជោគជ័យ និង​ប្រសិទ្ធភាព​ខ្ពស់​, -​ធ្វើ​របាយការណ៍​ជា​ប្រចាំជូន​រាជរដ្ឋាភិបាល ។​

​កាលពី​ចុងខែ​កុម្ភៈ ឆ្នាំ​២០១៨​កន្លងទៅ​ថ្មីៗ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ដែលជា​នាយរង​សេនាធិការ​ចម្រុះ​នៃ​អគ្គបញ្ជាការដ្ឋាន​កងយោធពល​ខេមរភូមិន្ទ ត្រូវបាន​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​មាស​៤ គន់ គីម អគ្គ​មេបញ្ជាការរង និង​ជា​នាយសេនាធិការ​ចម្រុះ​នៃ​កងយោធពល​ខេមរភូមិន្ទ​ផ្ទេរសិទ្ធិ​ឲ្យ​ដឹកនាំ​ការងារ​សេនាធិការ​ចម្រុះ​ទាំងមូល តាម​លិខិត​ចុះ​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២០១៨ ដោយមាន​ការឯកភាព​ពី​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​មាស​៤ ប៉ុល សារឿន អគ្គមេបញ្ជាការ​នៃ​កង​យោធ​ព​ខេមរភូមិន្ទ​ផងដែរ ។

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត នាយទាហាន​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​នៃ​កងយោធពល​ខេមរភូមិន្ទ​ក្រសួងការពារជាតិ អត្តលេខ​០៣៣៨៨៣ និង​ត្រូវជា​កូនប្រុស​ច្បង​នាយករដ្ឋមន្ត្រី កំពុង​កាន់កាប់​មុខតំណែង និង​តួនាទី​ច្រើន​គួរសម ជាអាទិ៍ ៖

១-​មេបញ្ជាការ​នៃ​បញ្ជាការដ្ឋាន​ជាតិ​កម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម

២-​មេបញ្ជាការរង​កងទ័ព​ជើងគោក

៣-​មេបញ្ជាការរង​នៃ​បញ្ជាការដ្ឋាន​អង្គរក្ស​

៤-​នាយរង​សេនាធិការ​ចម្រុះ​នៃ​អគ្គបញ្ជាការដ្ឋាន​កងយោធពល​ខេមរភូមិន្ទ

៥-​អនុប្រធាន​ប្រចាំការ​នៃ​ក្រុមការងារ​ពិសេស​ថ្នាក់ជាតិ​ទទួលបន្ទុក​កិច្ចការ​អធិបតេយ្យ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា

៦-​អនុប្រធាន​គណៈកម្មកា​រ​សម្រាប់​ដោះស្រាយ​បញ្ហា​កូដកម្ម បាតុកម្ម នៅតាម​គ្រប់​មុខសញ្ញា

៧-​អនុប្រធាន​ក្រុមការងារ​ស្រាវជ្រាវ​ផ្តល់យោបល់​ផ្នែក​អភិបាលកិច្ច​សន្តិសុខ​…​។​ល​៕

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.