ថ្ងៃ អង្គារ ទី ២៥ ខែ កញ្ញា ឆ្នាំ ២០១៨

ដល់ក​ហើយ ! មេធាវី​រាជរដ្ឋាភិបាល​សព្វថ្ងៃ​ក៏មាន​ប្រធាន​ក្រុម​ដែរ និង​មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី​ថែមទៀត​

ខណៈ​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ កាន់តំណែង​ជា​ប្រមុខរដ្ឋស្តីទី ក្នុង​ព្រះបរមនាម និង​តាម​ព្រះរាជ​ត្រាស់បង្គាប់​នោះ គឺ​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ បាន​ចុះហត្ថលេខា​នៅលើ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៣១៨/២៤៨ ចុះ​ថ្ងៃទី​០៣ ខែមីនា ឆ្នាំ​២០១៨ ត្រាស់បង្គាប់​តែងតាំង​ឯកឧត្តម​មេធាវី គី តិច ជា​ប្រធាន​ក្រុម​មេធាវី​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី​បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន តាម​សេចក្តីក្រាបបង្គំទូលថ្វាយ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

​ការណ៍​ដែល​ឯកឧត្តម​មេធាវី គី តិច ទទួលបាន​ការតែងតាំង​ជា​ប្រធាន​ក្រុម​មេធាវី​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុ​ជាមាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន​នោះ គឺ​បន្ទាប់ពី​ឯកឧត្តម​មេធាវី​រូបនេះ​បាន​សាង​សគុណ​សម្បត្តិ​ធំធេង​ក្នុង​ការធ្វើជា​មេធាវី​តំណាង​ដោយ​អាណត្តិ​ឲ្យ​ក្រសួងមហាផ្ទៃ ដើម្បី​ប្តឹង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ទៅ​តុលាការ​កំពូល​បានសម្រេច​នា​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ និង​ប្តឹង​សុំ​ឲ្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចេញ​ដីកា​សម្រេច​រឹបអូស​ជា​បណ្តោះអាសន្ន​លេខ​៦៨(​គ​)​ដ​.​រ ចុះ​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៨ រឹបអូស​ជា​បណ្តោះអាសន្ន​នូវ​ទ្រព្យសម្បត្តិ​ជា​អចលនវត្ថុ (​ដី និង​អគារ​) របស់លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដ៏​ល្បីឈ្មោះ ឋិត​នៅ​សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ (​អតីត​ទីស្នាក់ការ​គណ​បក្ស​សង្គ្រោះ​ជាតិ​) ដើម្បី​ទុក​ធានា​សំណង​ប្រាក់​ជំងឺ​ចិត្ត​ចំនួន​៤ ០០០​លាន​រៀល​ឲ្យ​ទៅ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ទឹកប្រាក់​ចំនួន​២៥០​លាន​រៀល​ឲ្យ​ទៅ​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។​

​លោក គី តិច អាយុ​៥២​ឆ្នាំ បានធ្វើ​សច្ចាប្រណិធាន​ចូល​ប្រកប​វិជ្ជាជីវៈ​មេធាវី​មាន​អត្តលេខ​១៥៦ នា​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​១៩៩៧ បម្រើ​ការងារ​នៅ​ការិយាល័យ​ក្រុម​មេធាវី​កម្ពុជា ។ លោក​មេធាវី​រូបនេះ​បាន​ជាប់ឆ្នោត​ធ្វើជា​ប្រធាន​គណៈមេធាវី​ដ៏​ចម្រូងចម្រាស​នា​អាណត្តិ​ទី​៥-៦ (​ពីថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០០២ ដល់​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០០៨) ពោលគឺ​កាន់តំណែង​ជា​ប្រធាន​គណៈមេធាវី​មាន​រយៈពេល​រហូតដល់​៦​ឆ្នាំ​ជាប់​ក្នុង​ប្រវត្តិសាស្ត្រ​តែម្តង ។

​ក្រោយ​បញ្ចប់​ពីមុខ​តំណែង​ជា​ប្រធាន​គណៈមេធាវី​អាណត្តិ​ទី​៦​រួចមក លោក​មេធាវី គី តិច ក៏​ទទួលបាន​ការតែងតាំង​ជា​មេធាវី​រាជរដ្ឋាភិបាល​មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/១១០៨/១២១៣ ចុះ​ថ្ងៃទី​០៦ ខែវិច្ឆិកា ឆ្នាំ​២០០៨ ។ តម​កទៀត ឯកឧត្តម​មេធាវី គី តិច ក៏​ទទួលបាន​ការតែងតាំង​ជា​អនុប្រធាន​ក្រុមប្រឹក្សា​អ្នកច្បាប់​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី​មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/១២១៤/១៥០០ ចុះ​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០១៤ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.