ថ្ងៃ អង្គារ ទី ២៥ ខែ កញ្ញា ឆ្នាំ ២០១៨

ចេញពី​អគ្គ​មេបញ្ជាការរង​មកកាន់​សាលា ! ផ្កាយ​៤ ជា តារា ត្រូវបាន​ផ្ទេរ​ភារកិច្ច​ឲ្យ​មកកាន់​តំណែង​ជា​សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​ការពារជាតិ​ជំនួស​ផ្កាយ​៣ អ៊ុង ស៊ាន

នាយ​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​មាស​៤ ជា តារា នាយទាហាន​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​នៃ​កងយោធពល​ខេមរភូមិន្ទ​ក្រសួងការពារជាតិ អត្តលេខ​០០០១៨៣ អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​នាយរង​សេនាធិការ​ចម្រុះ​នៃ​អគ្គបញ្ជាការដ្ឋាន​កងយោធពល​ខេមរភូមិន្ទ​ត្រូវបាន​ផ្ទេរ​ភារកិច្ច​ឲ្យ​មកកាន់​តំណែង​ថ្មី​ជា​សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​ការពារជាតិ (National Defense University-NDU) ជំនួស​ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ឯក​សាស្ត្រាចារ្យ​បណ្ឌិត អ៊ុង ស៊ាន វិញ ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៣១៨/២៣៥ ចុះ​ថ្ងៃទី​០២ ខែមីនា ឆ្នាំ​២០១៨ ។​

​លើសពីនេះ ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​មាស​៤ ជា តារា ក៏​ទទួលបាន​ការតែងតាំង​ផងដែរ​ជាទី​ប្រឹក្សា​ផ្ទាល់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទទួលបន្ទុក​ជា​សាកលវិទ្យាធិការ​សាកល​វិទ្យាល័យ​ការពារជាតិ​នៃ​ក្រសួងការពារជាតិ (NDU) មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៣១៨/២៣៦ ចុះ​ថ្ងៃទី​០២ ខែមីនា ឆ្នាំ​២០១៨ ។

​សាកលវិទ្យាល័យ​ការពារជាតិ (NDU) អតីត​មាន​ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ឯក​សាស្ត្រាចារ្យ​បណ្ឌិត អ៊ុង ស៊ាន ជា​សាកលវិទ្យាធិការ​នោះ ធ្លាប់​រង​ការ​បែកធ្លាយ​រឿងអាស្រូវ​ពាក់ព័ន្ធ​នឹង «​និស្សិត​គ្មាន​មុខ​ចូលរៀន តែ​លទ្ធផល​ទទួលបាន​ពិន្ទុ​ជាប់​» ។

​លោក​ឧ​ត្ត​ម​សេនីយ៍ ជា តារា នាយទាហាន​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​នៃ​កងយោធពល​ខេមរភូមិន្ទ​ក្រសួងការពារជាតិ អត្តលេខ​០០០១៨៣ ទទួលបាន​ការតែងតាំង​ជា​នាយរង​សេនាធិការ​ចម្រុះ​នៃ​អគ្គបញ្ជាការដ្ឋាន​កងយោធពល​ខេមរភូមិន្ទ​បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន​តាំងពី​នៅមាន​ឋានន្តរស័ក្តិ​ឧ​ត្ត​ម​សេនីយ៍​ទោ (​ផ្កាយ​២) មកម្ល៉េះ ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០១៩៩/៦៣ ចុះ​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​១៩៩៩ ។

​រយៈពេល​ប្រមាណ​១០​ឆ្នាំ​ក្រោយមក លោក​ឧ​ត្ត​ម​សេនីយ៍ ជា តារា ក៏​ទទួលបាន​ការតែងតាំង​ជា​អគ្គ​មេបញ្ជាការរង​នៃ​កងយោធពល​ខេ​រម​ភូមិន្ទ​បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន​តាំងពី​នៅមាន​ឋានន្តរស័ក្តិ​ឧ​ត្ត​ម​សេនីយ៍​ឯក (​ផ្កាយ​៣) ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០១០៩/០៦១ ចុះ​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០០៩ ។

​ពេល​កំពុងកាន់​តំណែង​ជា​អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​នាយរង​សេនាធិការ​ចម្រុះ​នៃ​អគ្គបញ្ជាការដ្ឋាន​នោះ លោក​ឧ​ត្ត​ម​សេនីយ៍ ជា តារា ក៏​ធ្លាប់​ទទួលបាន​ការតែងតាំង​ជាទី​ប្រឹក្សា​ផ្ទាល់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា (​គ្មាន​បញ្ជាក់​អំពី​ឋានៈ​ស្មើ​) ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៦០៩/៦៤៦ ចុះ​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០០៩ ។

​បន្ទាប់មក លោក​ឧ​ត្ត​ម​សេនីយ៍ ជា តារា ក៏​ទទួលបាន​ការដំឡើងឋាន​ន្ត​រ​ស័ក្តិ​ថ្នាក់​នាយ​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​មាស​៤ ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៣១០/២២០ ចុះ​ថ្ងៃទី​០៩ ខែមីនា ឆ្នាំ​២០១០ ។​

​តម​កទៀត លោកនាយ​ឧ​ត្ត​សេនីយ៍​ផ្កាយ​មាស​៤ ជា តារា ក៏​ទទួលបាន​ការតែងតាំង​ជា​នាយក​នាយកដ្ឋាន​ស្រាវជ្រាវ ចារកិច្ច​អគ្គបញ្ជាការដ្ឋាន​នៃ​កងយោធពល​ខេមរភូមិន្ទ​បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន ដោយ​អនុក្រឹត្យ​លេខ​៤៣​អនក្រ​.​ត​ត ចុះ​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០១២ ។​

​កាន់តំណែង​ជា​នាយក​នាយកដ្ឋាន​ស្រាវជ្រាវ ចារកិច្ច​អគ្គបញ្ជាការដ្ឋាន​នៃ​កងយោធពល​ខេមរភូមិន្ទ​បាន​ប្រមាណ​៣​ឆ្នាំ លោកនាយ​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​មាស​៤ ជា តារា ក៏ត្រូវ​បាន​ដកហូត​មុខតំណែង​នេះ​វិញ​ត្រឹម​រក្សាទុក​តួនាទី​ជា​អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ដាក់ជំនួស​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍ ហ៊ុន ម៉ានិត នាយទាហាន​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​នៃ​កងយោធពល​ខេមរភូមិន្ទ​ក្រសួងការពារជាតិ អត្តលេខ​០៧៥៥៥៥ (​តាំងពី​នៅមាន​ឋានន្តរស័ក្តិ​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ទោ​) និង​ត្រូវជា​កូនប្រុស​បង្កើត​របស់​ស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ​នាយ​ឧ​ត្ត​ម​សេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឲ្យ​កាន់តំណែង​ជា​នាយក​នាយកដ្ឋាន​ស្រាវជ្រាវ ចារកិច្ច​អគ្គបញ្ជាការដ្ឋាន ដោយ​អនុក្រឹត្យ​លេខ​៩៩៧​អនក្រ​.​ត​ត ចុះ​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០១៥ នៅមុន​ពេល​លោក​ឧ​ត្ត​ម​សេនីយ៍ ហ៊ុន ម៉ានិត ទទួល​បានការ​តែងតែ​ង​តាំង​មុខតំណែង​ថ្មី​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ស្រាវជ្រាវ ចារកិច្ច​ក្រសួងការពារជាតិ ៕

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.