ថ្ងៃ អង្គារ ទី ២៥ ខែ កញ្ញា ឆ្នាំ ២០១៨

ឱកាស​មកដល់​បណ្តើរៗ​ហើយ ! ផ្កាយ​៣ ហ៊ុន ម៉ា​ណែ​ត កូនប្រុស​ច្បង​នាយករដ្ឋមន្ត្រី​ទទួលបាន​ការប្រគល់សិទ្ធិ​ដឹកនាំ​ការងារ​សេនាធិការ​ចម្រុះ​នៃ​កងយោធពល​ខេមរភូមិន្ទ​ពី​ផ្កាយ​៤ គន់ គីម

កាលពី​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២០១៨​កន្លងទៅ​ថ្មីៗ​នេះ ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​មាស​៤ គន់ គីម អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​នាយសេនាធិការ​ចម្រុះ​នៃ​អគ្គបញ្ជាការដ្ឋាន​កងយោធពល​ខេមរភូមិន្ទ​ដោយ​អះអាងថា មានធុរៈ​ផ្ទាល់ខ្លួន​ចាំបាច់​បានសម្រេច​ផ្ទេរសិទ្ធិ​ដឹកនាំ​បញ្ជា​ការងារ​សេនាធិការ​ចម្រុះ​ជូន​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត មេបញ្ជាការរង​កងទ័ព​ជើងគោក និង​ជា​នាយរង​សេនាធិការ​ចម្រុះ​អគ្គបញ្ជាការដ្ឋាន​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ត្រូវជា​កូនប្រុស​ច្បង​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​នាយ​ឧ​ត្ត​ម​សេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ខណៈ​ការផ្ទេរសិទ្ធិ​នេះ​ក៏​ទទួលបាន​ការឯកភាព​ពី​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​មាស​៤ ប៉ុល សារឿន អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ​ផងដែរ ។​

​ក្រោយ​បញ្ចប់​មុខតំណែង​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​មាស​៤ កែ គឹមយ៉ាន នាយទាហាន​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​នៃ​កងយោធពល​ខេមរភូមិន្ទ​ក្រសួងការពារជាតិ អត្តលេខ​០០០០០៨ ពី​អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ និង​តែងតាំង​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​មាស​៤ ប៉ុល សារឿន នាយទាហាន​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​នៃ​កងយោធពល​ខេមរភូមិន្ទ​ក្រសួងការពារជាតិ អត្តលេខ​០០០០១៧ ជា​អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ​រួចមក ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​មាស​៤ គន់ គីម នាយទាហាន​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​នៃ​កងយោធពល​ខេមរភូមិន្ទ​ក្រសួងការពារជាតិ អត្តលេខ​០០៤២៨២ ទទួលបាន​ការតែងតាំង​ជា​អគ្គ​មេបញ្ជាការរង​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​នាយសេនាធិការ​ចម្រុះ​នៃ​អគ្គបញ្ជាការដ្ឋាន បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០១០៩/០៦១ ចុះ​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០០៩ ។​

​ដោយឡែក លោក​ឧ​ត្ត​ម​សេនីយ៍ ហ៊ុន ម៉ា​ណែ​ត នាយទាហាន​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​នៃ​កងយោធពល​ខេមរភូមិន្ទ​ក្រសួងការពារជាតិ អត្តលេខ​០៣៣៨៨៣ និង​ត្រូវជា​កូនប្រុស​ច្បង​នាយករដ្ឋមន្ត្រី​ផង ទទួលបាន​ការតែងតាំង​ជា​នាយរង​សេនាធិការ​ចម្រុះ​អគ្គបញ្ជាការដ្ឋាន​នៃ​កងយោធពល​ខេមរភូមិន្ទ​បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន​តាំងពី​នៅមាន​ឋានន្តរស័ក្តិ​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ត្រី (​ផ្កាយ​១) មកម្ល៉េះ ដោយ​អនុក្រឹត្យ​លេខ​៩៦៤​អនក្រ​.​ត​ត ចុះ​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០១០ ។

​បច្ចុប្បន្ន លោក​ឧ​ត្ត​ម​សេនីយ៍ ហ៊ុន ម៉ា​ណែ​ត នាយទាហាន​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​នៃ​កងយោធពល​ខេមរភូមិន្ទ​ក្រសួងការពារជាតិ អត្តលេខ​០៣៣៨៨៣ និង​ត្រូវជា​កូនប្រុស​ច្បង​នាយករដ្ឋមន្ត្រី មាន​ឋានន្តរស័ក្តិ​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ឯក (​ផ្កាយ​៣) និង​កាន់​មុខតំណែង ព្រមទាំង​តួនាទី​ច្រើន​គួរសម ជាអាទិ៍ ៖ -​មេបញ្ជាការ​នៃ​បញ្ជាការដ្ឋាន​ជាតិ​កម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម​, -​មេបញ្ជាការរង​កងទ័ព​ជើងគោក​, -​អនុប្រធាន​គណៈកម្មកា​រ​សម្រាប់​ដោះស្រាយ​បញ្ហា​កូដកម្ម បាតុកម្ម​នៅតាម​គ្រប់​មុខសញ្ញា​, -​នាយរង​សេនាធិការ​ចម្រុះ​នៃ​អគ្គបញ្ជាការដ្ឋាន​កងយោធពល​ខេមរភូមិន្ទ,-មេបញ្ជាការរងនៃបញ្ជាការដ្ឋានអង្គរក្ស និង​ជា​អនុប្រធាន​ក្រុមការងារ​ស្រាវជ្រាវ​ផ្តល់យោបល់​ផ្នែក​អភិបាលកិច្ច​សន្តិសុខ​…​។​ល​៕

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.