ថ្ងៃ អង្គារ ទី ២៥ ខែ កញ្ញា ឆ្នាំ ២០១៨

​រឿង​«​យក​សេះ​ធាត់​ដូរ​សេះ​ឈឺ​» ! ផ្ទៃដី​បឹង​ជើងឯក​ទំហំ​៣០​ហិកតា ត្រូវបាន​រាជរដ្ឋាភិបាល​សម្រេច​ប្រគល់​ឲ្យ​ក្រុមហ៊ុន​ឧកញ៉ា អ៊ឹង ប៊ុន​ហ៊ូ​វ និង​ឧកញ៉ា លឹម ប៊ុន​សួរ ធ្វើជា​កម្មសិទ្ធិ​

នា​ដើមឆ្នាំ​២០១៨​នេះ រាជរដ្ឋាភិបាល​កម្ពុជា​ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ បានសម្រេច​កាត់​ផ្ទៃដី​ទំហំ​៣០​ហិកតា ពី​ផ្ទៃ​បឹង​ជើងឯក​ឋិត​ក្នុង​ខណ្ឌមានជ័យ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ ខេត្តកណ្តាល ដែលជា​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ​ដើម្បី​ធ្វើ​អនុ​ប​យោ​គជា​ទ្រព្យសម្បត្តិ​ឯកជន​របស់​រដ្ឋ តាម​ស្មារតី​អនុក្រឹត្យ​លេខ​០៥​អនក្រ​.​បក ចុះ​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០១៨ ។​

​ផ្ទៃដី​ទំហំ​៣០​ហិកតា​នេះ ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា​ប្រគល់ជូន​ក្រុមហ៊ុន ING Holding Co.,Ltd. ដែល​គេ​ស្គាល់​ថា​ជា​ក្រុមហ៊ុន​របស់លោក​ឧកញ៉ា អ៊ឹង ប៊ុន​ហ៊ូ​វ និង​លោក​ឧកញ៉ា លឹម ប៊ុន​សួរ ព្រមទាំង​លោក​ឧកញ៉ា លឹម រស់ ធ្វើជា​កម្មសិទ្ធិ ដោយ​អះអាងថា ជា​ថ្នូរ​នឹង​ផ្ទៃដី​ទំហំ​១០​ហិកតា​របស់​ក្រុមហ៊ុន ING Holding Co.,Ltd. ឋិត​ក្នុងភូមិ​សាស្ត្រ​ទីក្រុង​រណប​តំបន់​បឹង​ជើងឯក ដែល​បាន​ប្រគល់ជូន​ក្រសួងមហាផ្ទៃ​សម្រាប់​សាងសង់​អគារ​ផ្សេងៗ​ទៅតាម​តម្រូវការ ។

​មជ្ឈដ្ឋាន​អ្នកវិភាគ​កិច្ចការ​សង្គម​នៅ​កម្ពុជា​បានលើកឡើង​ថា ការសម្រេច​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ដែល​ប្រគល់​ផ្ទៃដី​បឹង​ជើងឯក​ទំហំ​៣០​ហិកតា​ឲ្យ​ទៅ​ក្រុមហ៊ុន ING Holding Co.,Ltd. ធ្វើជា​កម្មសិទ្ធិ​អះអាងថា​ជា​ថ្នូរ​នឹង​ផ្ទៃដី​ទំហំ​១០​ហិកតា​របស់​ក្រុមហ៊ុន​ឋិត​ក្នុងភូមិ​សាស្ត្រ​ទីក្រុង​រណប​តំបន់​ជើងឯក​ដែល​អតីត​ជា​ដី​សាធារណៈ​របស់​រដ្ឋ​ដែរនោះ គឺជា​រូបមន្ត​ដោះដូរ​ដីធ្លី​របៀប «​យក​សេះ​ធាត់​ដូរ​សេះ​ឈឺ​» ។

​គួរ​រំលឹក​ជូន​ថា កាលពីដើមឆ្នាំ​២០១៥​កន្លងទៅ រាជរដ្ឋាភិបាល​កម្ពុជា​ធ្លាប់បាន​សម្រេច​ផ្តល់​សិទ្ធិ​ឲ្យ​ក្រុមហ៊ុន​ឯកជន​ឈ្មោះ ING Holding Co.,Ltd. អនុវត្ត​គម្រោង​អភិវឌ្ឍន៍​ទីក្រុង​រណប​នៅ​តំបន់​បឹងទំពុន និង​តំបន់​ជើងឯក​លើ​ផ្ទៃដី​ទំហំ​២ ៥៧២​ហិកតា គ្របដណ្តប់​ក្នុងភូមិ​សាស្ត្រ​ខណ្ឌមានជ័យ​ជាង​១ ០០០​ហិកតា ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​ជាង ១ ២០០​ហិកតា និង​ក្រុង​តាខ្មៅ ខេត្តកណ្តាល ប្រមាណ​៣៧១​ហិកតា ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.