យោងតាមពាក្យបណ្តឹងសុំដីកាសម្រេចរក្សាការពារកាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨របស់មេធាវីតំណាងដោយអាណត្តិឲ្យសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាម្ចាស់បំណុលប្រឆាំងទៅលើលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិដ៏ល្បីឈ្មោះ និងត្រូវជាកូនបំណុលនោះ សាលាដំបូងរាជធានីភ្នំពេញបានចេញដីកាសម្រេចរឹបអូសជាបណ្តោះអាសន្នមួយលេខ៦៨(គ) ដ.រ ចុះថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨សម្រេចរឹបអូសជាបណ្តោះអាសន្ននូវទ្រព្យសម្បត្តិរបស់លោក សម រង្ស៊ី ជាអចលនវត្ថុ (ដី និងអគារ) មានប័ណ្ណសំគាល់សិទ្ធិកាន់កាប់អចលនវត្ថុលេខភព០៩៧២៥ ចុះថ្ងៃទី១៥ ខែសីហា ឆ្នាំ២០០៧ឋិតនៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ រង់ចាំតុលាការសម្រេចដល់សំណុំរឿងអង្គសេចក្តីចប់ជាស្ថាពរ ។ លើសពីនេះ តុលាការក៏បានបង្គាប់ឲ្យលោក សម រង្ស៊ី ជាកូនបំណុលដាក់ប្រាក់តម្កលនៅសាលាដំបូងរាជធានីភ្នំពេញចំនួន៤ ២៥០លានរៀល ជាប្រាក់រំដោះដើម្បីទទួលបាននូវការលុបចោលការអនុវត្តរឹបអូសជាបណ្តោះអាសន្ន ។
ទីតាំងអចលនវត្ថុដែលជាអចលនទ្រព្យរបស់លោក សម រង្ស៊ី ដែលត្រូវតុលាការសាលាដំបូងរាជធានីភ្នំពេញចេញដីកាសម្រេចរឹបអូសជាបណ្តោះអាសន្ននោះ ត្រូវបានគេដឹងថា គឺជាទីតាំងអតីតទីស្នាក់ការរបស់គណបក្សសង្គ្រោះជាតិដែលជាគណបក្សនយោបាយប្រឆាំងដ៏ធំមួយហើយដែលត្រូវបានស្ថាប័នតុលាការកំពូលសម្រេចរំលាយចោលកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧កន្លងទៅក្រោមទម្ងន់នៃបណ្តឹងរបស់ក្រសួងមហាផ្ទៃ ។
ដីកាសម្រេចរឹបអូសជាបណ្តោះអាសន្នលេខ៦៨(គ)ដ.រ ចុះថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨របស់សាលាដំបូងរាជធានីភ្នំពេញបានបញ្ជាក់ឲ្យដឹងថា លោក សម រង្ស៊ី ជាកូនបំណុលដែលកំពុងនិរទេសខ្លួនរស់នៅឯបរទេសនោះ ត្រូវប្រឈមនឹងការបង់ប្រាក់ជំងឺចិត្តចំនួន៤ ០០០លានរៀលទៅឲ្យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងបង់ប្រាក់ជំងឺចិត្តចំនួន២៥០លានរៀលទៅឲ្យសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា ជាម្ចាស់បំណុល ពោលគឺសរុបទឹកប្រាក់មានចំនួន៤ ២៥០លានរៀល (ប្រមាណជាង១លានដុល្លារអាមេរិក) ៕