ថ្ងៃ ពុធ ទី ១៧ ខែ តុលា ឆ្នាំ ២០១៨

ដកតំណែង​ជា​កញ្ចប់ ! អគ្គនាយករង​នៃ​អាជ្ញាធរ​អប្សរា​ចំនួន​៦​នាក់ ត្រូវបាន​បញ្ចប់​មុខតំណែង និង​ឋានៈ​

អគ្គនាយករង​នៃ​អាជ្ញាធរ​ដើម្បី​ការពារ​រមណីយដ្ឋាន និង​រៀបចំ​តំបន់​អង្គរ ហៅ​កាត់​ថា «​អាជ្ញាធរ​អប្សរា​» ចំនួន​៦​នាក់ ដែល​ក្នុងនោះ​មាន​អនុរដ្ឋលេខាធិការ​ក្រសួងការពារជាតិ​ម្នាក់​ផង គឺ​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ ដុម ហាក់ នាយទាហាន​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​នៃ​កងយោធពល​ខេមរភូមិន្ទ អត្តលេខ​០០០២៧២ ត្រូវបាន​បញ្ចប់​មុខតំណែង និង​ឋានៈ​ហើយ ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/១២១៧/១២៧៤ ចុះ​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០១៧ ។​

​ក្នុងចំណោម​អគ្គនាយករង​នៃ​អាជ្ញាធរ​អប្សរា​ទាំង​៦​នាក់ ដែល​ត្រូវ​បានបញ្ចប់​មុខតំណែង និង​ឋានៈ​នោះ​រួ​មាន ៖ ១-​ឯកឧត្តម រស់ បូរ៉ា​ត​, ២-​ឯកឧត្តម អ៊ុក សូ​មេ​ត្ត​, ៣-​ឯកឧត្តម តាន់ សំ​ប៊ុន​, ៤-​ឯកឧត្តម ត័ន ប៊ុន​ស៊ុយ​, ៥-​ឯកឧត្តម ឈរ ថា​ណាត និង ៦-​ឯកឧត្តម ដុម ហាក់ ។

​ឯកឧត្តម ឈរ ថា​ណាត អគ្គនាយករង​នៃ​អាជ្ញាធរ​អប្សរា​ទទួលបន្ទុក​នាយកដ្ឋាន​គ្រប់គ្រង​ព្រៃឈើ ទេសភាព វប្បធម៌ និង​បរិស្ថាន ធ្លាប់បាន​ធ្វើលិខិត​លាយលក្ខណ៍អក្សរ​មួយ​ចុះ​ថ្ងៃទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០១៦ សារភាព​កំហុស​ពាក់ព័ន្ធ​នឹង​ការកាប់​ផ្តួលរំលំ​ដើមឈើ​គ្រញូង​មួយ​ដើម​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​កាលពី​ថ្ងៃទី​០៥ ខែវិច្ឆិកា ឆ្នាំ​២០១៦​កន្លងទៅ ហើយក៏​ត្រូវបាន​ស្ថាប័ន​តុលាការ​ចោទប្រកាន់​បើក​ការ​ស៊ើបសួរ និង​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ផងដែរ ។​

​អាជ្ញាធរ​អប្សរា​ដែល​ធ្លាប់​ឋិត​ក្រោម​សមត្ថកិច្ច និង​ការទទួលខុសត្រូវ​រប​ស់​ទីស្តីការគណៈរដ្ឋមន្ត្រី មាន​សព​សម្តេច​វិបុល​បញ្ញា សុខ អាន អតីត​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី ជា​ប្រធាន និង​ត្រូវជា​ដន្លងដងស្នែង​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​បណ្ឌិតសភា​ចា​រ្យ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​រាប់​ឆ្នាំ​នោះ ទើបត្រូវ​បាន​ផ្ទេរ​ចេញពី​ទីស្តីការគណៈរដ្ឋមន្ត្រី​ឲ្យ​មក​ឋិត​ក្រោម​សមត្ថកិច្ច និង​ការទទួលខុសត្រូវ​រប​ស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​វិញ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.