អតីតអ្នកតំណាងរាស្ត្រជាប់ឆ្នោតនាសម័យបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ ឆ្នាំ២០១៣មកពីគណបក្សសង្គ្រោះជាតិ (CNRP) ជាគណបក្សនយោបាយប្រឆាំងចំនួន២នាក់ ដែលបានចុះចូលបម្រើជីវភាពនយោបាយក្នុងគណបក្សប្រជាជនកម្ពុជា (CPP) ជាគណបក្សនយោបាយកាន់អំណាចនៅមុន និងកៀកពេលគណបក្សសង្គ្រោះជាតិត្រូវរំលាយចោលដោយទម្ងន់នៃបណ្តឹងរបស់ក្រសួងមហាផ្ទៃ និងអំណាចសាលដីការបស់តុលាការកំពូល ហើយទទួលបានការតែងតាំងមុខតំណែងថ្មីភ្លាមៗជាទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើរដ្ឋមន្ត្រីនោះ គឺឯកឧត្តម វ៉ាន សំអឿន និងឯកឧត្តម ឡុង ប៊ុន្នី ឥឡូវនេះបានក្លាយជាសមាជិករដ្ឋសភាមកពីគណបក្សប្រជាជនកម្ពុជាវិញ គ្រាន់តែ «ដូរពណ៌» ពីបក្សប្រឆាំង មកជាបក្សកាន់អំណាច ។
១-ឯកឧត្តម វ៉ាន សំអឿន អាយុ៧០ឆ្នាំ អតីតជាអ្នកតំណាងរាស្ត្រជាប់ឆ្នោតនៅមណ្ឌលខេត្តកំពតមកពីគណបក្សសង្គ្រោះជាតិនាសម័យបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ ឆ្នាំ២០១៣ តែក្រោយមកក៏បានចុះចូលបម្រើជីវភាពនិយោបាយក្នុងគណបក្សប្រជាជនកម្ពុជាវិញនៅមុនពេលគណបក្សសង្គ្រោះជាតិត្រូវបានរំលាយចោលដោយអំណាចសាលដីកាតុលាការកំពូលនាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ។ ក្រោយពេលចុះចូលគណបក្សប្រជាជនកម្ពុជាភ្លាមៗ ឯកឧត្តម វ៉ាន សំអឿន ទទួលបានការតែងតាំងជាទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើរដ្ឋមន្ត្រី ដោយព្រះរាជក្រឹត្យលេខនស/រកត/០២១៥/១២៩ ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៥ និងទទួលបានការតែងតាំងជាអនុប្រធានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី បន្ថែមលើមុខងារបច្ចុប្បន្ន ដោយអនុក្រឹត្យរបស់រាជរដ្ឋាភិបាលលេ១៨៧អនក្រ.តត ចុះថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៥ ។
ក្រោយគណបក្សសង្គ្រោះជាតិត្រូវបានរំលាយ និងអាសនៈរដ្ឋសភាមួយចំនួនរបស់គណបក្សសង្គ្រោះជាតិត្រូវបានបែងចែកឲ្យទៅគណបក្សប្រជាជនកម្ពុជានោះ ឯកឧត្តម វ៉ាន សំអឿន ក៏បានក្លាយជាសមាជិករដ្ឋសភាមកពីគណបក្សប្រជាជនកម្ពុជានៅមណ្ឌលខេត្តកណ្តាល តាមរយៈមិនទទួលបានសំឡេងគាំទ្រពីប្រជាពលរដ្ឋជាម្ចាស់ឆ្នោត ។ ដោយទទួលបានភារកិច្ចថ្មីដូច្នេះ ឯកឧត្តម វ៉ាន សំអឿន ក៏ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាសម្រេចបញ្ចប់មុខតំណែងពីអនុប្រធានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី ដោយអនុក្រឹត្យលេខ១៣៦១អនក្រ.តត ចុះថ្ងៃទី០៨ ខែឆ្នូ ឆ្នាំ២០១៧ និងក៏ត្រូវបានបញ្ចប់ភារកិច្ចពីទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយព្រះរាជក្រឹត្យលេខនស/រកត/១២១៧/១១៧៨ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៧ ។
២-ឯកឧត្តម ឡុង ប៊ុន្នី អាយុ៤៧ឆ្នាំ អតីតជាអ្នកតំណាងរាស្ត្រជាប់ឆ្នោតនៅមណ្ឌលខេត្តព្រៃវែងមកពីគណបក្សសង្គ្រោះជាតិនាសម័យបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ ឆ្នាំ២០១៣ តែកៀកពេលគណបក្សសង្គ្រោះជាតិប្រឈមនឹងការរំលាយចោល គឺនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧ ឯកឧត្តម ឡុង ប៊ុន្នី ក៏ដាក់ពាក្យសុំចុះចូលបម្រើជីវភាពនយោបាយក្នុងគណបក្សប្រជាជនកម្ពុជាជាផ្លូវការវិញ ហើយក៏ទទួលបានមុខតំណែងថ្មីជាទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើរដ្ឋមន្ត្រី ដោយព្រះរាជក្រឹត្យលេខនស/រកត/១០១៧/៨១៨ ចុះថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧ ។
ក្រោយពេលគណបក្សសង្គ្រោះជាតិត្រូវបានរំលាយជាស្ថាពរ និងអាសនៈរដ្ឋសភាមួយចំនួនរបស់គណបក្សសង្គ្រោះជាតិត្រូវបានបែងចែកឲ្យទៅគណបក្សប្រជាជនកម្ពុជានោះ ឯកឧត្តម ឡុង ប៊ុន្នី ក៏បានក្លាយជាសមាជិករដ្ឋសភាមកពីគណបក្សប្រជាជនកម្ពុជានៅមណ្ឌលខេត្តព្រៃវែង តាមរយៈប្រជាពលរដ្ឋជាម្ចាស់ឆ្នោតមិនបានបោះឆ្នោតគាំទ្រ (គាំទ្រតែក្នុងក្របខ័ណ្ឌបេក្ខជនតំណាងរាស្ត្រមកពីគណបក្សសង្គ្រោះជាតិនាឆ្នាំ២០១៣) ។ ដោយទទួលបានមុខតំណែងថ្មីដូច្នេះ ឯកឧត្តម ឡុង ប៊ុន្នី ក៏ត្រូវបានបញ្ចប់ភារកិច្ចពីទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដំណាលគ្នានឹងឯកឧត្តម វ៉ាន សំអឿន ដោយព្រះរាជក្រឹត្យលេខនស/រកត/១២១៧/១១៧៨ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៣ ៕