កាលពីថ្ងៃព្រហស្បត៍ ៤រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៨កន្លងទៅ លោក មាជ សុវណ្ណារ៉ា និងអ្នកជាប់ឃុំចំនួន១៤នាក់ផ្សេងទៀត ដែលកំពុងជាប់ឃុំខ្លួននៅពន្ធនាគារព្រៃស បានរួមគំនិតគ្នាធ្វើលិខិតមួយច្បាប់ចេញពីពន្ធនាគារជូនពរសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហៅបុរសខ្លាំង នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងជាភរិយារបស់បុរសខ្លាំង ។
ដោយយល់ឃើញថា លិខិតជូនពរនេះមានប្រការគួរឲ្យចាប់អារម្មណ៍ដែលបង្កប់ដោយអត្ថន័យចម្លែកចំនួន៣ចំណុច រួមមាន ៖ ១-ម្ចាស់លិខិតអះអាងថា «ជាអ្នកទោសមនសិការ», ២-ម្ចាស់លិខិតអះអាងថា «ស្ទើរភ្លេចថ្ងៃកំណើតរបស់ភរិយា និងកូនរបស់ខ្លួន តែចងចាំថ្ងៃជ័យសិរីមង្គលរបស់បុរសខ្លាំង និងភរិយា គឺថ្ងៃទី០៥ ខែមករា» និងម្ចាស់លិខិតក៏បានអះអាងដែរថា «បន្តក់លោហិតក្នុងគុកងងឹត ដើម្បីជាបច្ច័យបួងសួងដល់ទេវតា និងវត្ថុស័ក្តិសិទ្ធិក្នុងលោកឲ្យជួយតាមថែរក្សា និងជ្រោមជ្រែងបុរសខ្លាំង និងភរិយា» ដូច្នេះ គេហទំព័រសារព័ត៌មានដើមត្នោត សូមលើកយកខ្លឹមសារលិខិតទាំងស្រុងមកផ្សព្វផ្សាយជូនប្រិយមិត្តអ្នកអានបានពិចារណារៀងៗខ្លួនតាមការគួរ ៕