សំណុំរឿងឃាតកម្មលើលោក ជា វិជ្ជា អតីតប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា (FTUWKC) ដ៏ល្បីឈ្មោះ ដែលត្រូវឃាតកបាញ់សម្លាប់យ៉ាងព្រៃផ្សៃកាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០០៤នៅមុខតូបលក់កាសែតក្បែររបងខាងលិចវត្តលង្កា កំណាត់ផ្លូវប៉ាស្ទ័រ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ត្រូវបានតុលាការកំពូលវិនិច្ឆ័យសេចក្តីសម្រេចបង្គាប់ឲ្យព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបើកការស៊ើបអង្កេតប្រឆាំងលើជនល្មើសមិនស្គាល់មុខដែលបានធ្វើឃាតលោក ជា វិជ្ជា តាមអំណាចសាលដីកាព្រហ្មទណ្ឌលេខ២៣៩ ចុះថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៣ បន្ទាប់ពីសម្រេចឲ្យបុរសពីរនាក់ឈ្មោះ ប៊ន សំណាង និងឈ្មោះ សុខ សំអឿន រួចផុតពីបទចោទប្រកាន់ឃាតកម្មគិតទុកជាមុន និងដោះលែងឲ្យមានសេរីភាពវិញរួចមក ។
យោងតាមអំណាចសាលដីកាព្រហ្មទណ្ឌលេខ២៣៩ ចុះថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៣របស់តុលាការកំពូលខាងលើនេះ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញលិខិតផ្លូវការមួយលេខ៦៩អយខ ចុះថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៤ គោរពជូនឯកឧត្តមនាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិ ស្នើសុំជួយចាត់មន្ត្រីក្រោមឱវាទធ្វើការស្រាវជ្រាវស៊ើបអង្កេតរកអត្តសញ្ញាណជនប្រព្រឹត្តបទល្មើស និងប្រមូលព័ស្តុតាងពាក់ព័ន្ធនឹងសំណុំរឿងឃាតកម្មលោក ជា វិជ្ជា បញ្ជូនមកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធី ។
ក្រោយមក យោងតាមសំណើរបស់ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចអគ្គមហសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខបានបង្កើតគណៈកម្មការអន្តរក្រសួងមួយដើម្បីស៊ើបអង្កេតពិសេសលើករណីបណ្តឹងលេខ២៣១៨ ស្តីពីករណីឃាតកម្មលើមេដឹកនាំសហជីព ជា វិជ្ជា, ហ៊ី វុទ្ធី និងរស់ សុវណ្ណារ៉េត ដោយសេចក្តីសម្រេចលេខ៤៤សសរ ចុះថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៥ ។ គណៈកម្មការអន្តរក្រសួងស៊ើបអង្កេតពិសេសលើករណីឃាតកម្មលោក ជា វិជ្ជា នេះ មានឯកឧត្តមនាយឧត្តមសេនីយ៍ ឯម សំអាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាប្រធាន (យោងតាមសេចក្តីសម្រេចលេខ៦០សសរ ចុះថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៥ និងសេចក្តីសម្រេចលេខ៧៣សសរ ចុះថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៥ របស់រាជរដ្ឋាភិបាលកម្ពុជា)។
រយៈពេលប្រមាណ២ឆ្នាំក្រោយមកទៀត សេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជាលេខ៤៤សសរ ចុះថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៥ ស្តីពីការបង្កើតគណៈកម្មការអន្តរក្រសួងស៊ើបអង្កេតពិសេសលើករណីបណ្តឹងលេខ២៣១៨ ស្តីពីករណីឃាតកម្មលើមេដឹកនាំសហជីព ជា វិជ្ជា, ហ៊ី វុទ្ធី និងរស់ សុវណ្ណារ៉េត ត្រូវបាននិរាករណ៍ចោលវិញ ហើយជំនួសដោយគណៈកម្មការជាតិត្រួតពិនិត្យការអនុវត្តអនុសញ្ញាអន្តរជាតិខាងការងារដែលកម្ពុជាបានផ្តល់សច្ចាប័ន តាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជាលេខ៦៤សសរ ចុះថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧ ។ គណៈកម្មការជាតិត្រួតពិនិត្យការអនុវត្តអនុសញ្ញាអន្តរជាតិខាងការងារដែលកម្ពុជាបានផ្តល់សច្ចាប័ននេះ មានឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាប្រធាន (យោងតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជាលេខ១១១សសរ ចុះថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៧) ។
មានប្រការគួរឲ្យចាប់អារម្មណ៍ពាក់ព័ន្ធនឹងការបង្កើតគណៈកម្មការស៊ើបអង្កេតស្រាវជ្រាវលើករណីឃាតកម្មលោក ជា វិជ្ជា និងគណៈកម្មការជាតិត្រួតពិនិត្យការអនុវត្តអនុសញ្ញាអន្តរជាតិខាងការងារដែលកម្ពុជាបានផ្តល់សច្ចាប័ន ដូចតទៅ ៖
១-ខណៈការស៊ើបអង្កេតលើករណីឃាតកម្មមេដឹកនាំសហជីព ជា វិជ្ជា មិនមានការរីកចម្រើននៅឡើយតាមរយៈគណៈកម្មការអន្តរក្រសួងស៊ើបអង្កេតពិសេសលើករណីបណ្តឹងលេខ២៣១៨ស្តីពីករណីឃាតកម្មលើមេដឹកនាំសហជីព ជា វិជ្ជា, ហ៊ី វុទ្ធី និងរស់ សុវណ្ណារ៉េត នោះ ស្រាប់តែរយៈពេលប្រមាណ២ឆ្នាំក្រោយមក គណៈកម្មការអន្តរក្រសួងនេះត្រូវបាននិរាករណ៍ចោលវិញ បែរជាជំនួសដោយគណៈកម្មការជាតិត្រួតពិនិត្យការអនុវត្ត អនុសញ្ញាអន្តរជាតិខាងការងារដែលកម្ពុជាបានផ្តល់សច្ចាប័ន ។ ពោលគឺ គណៈកម្មការអន្តរក្រសួងស៊ើបអង្កេតពិសេសលើករណីឃាតកម្មលោក ជា វិជ្ជា បាន «រលូត» បាត់ទៅហើយ ទាំងមិនទាន់បានបន្សល់ទុកនូវ «លទ្ធផលការងារ» អ្វីទាល់តែសោះ ។
២-ទាំងការបង្កើតគណៈកម្មការអន្តរក្រសួងស៊ើបអង្កេតពិសេសលើករណីបណ្តឹងលេខ២៣១៨ ស្តីពីករណីឃាតកម្មលើមេដឹកនាំសហជីព ជា វិជ្ជា,ហ៊ី វុទ្ធី និងរស់ សុវណ្ណារ៉េត ដែល «រលូត» បាត់ទៅហើយក្តី ទាំងការបង្កើតគណៈកម្មការជាតិត្រួតពិនិត្យការអនុវត្តអនុសញ្ញាអន្តរជាតិខាងការងារ ដែលកម្ពុជាបានផ្តល់សច្ចាប័នក្តី គឺមិនបានបញ្ចូលសមាសភាពមកពីសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជាដែលជាសហជីពរងគ្រោះ និងជាភាគី «ម្ចាស់ករណី» ឡើយ ហើយបែរជាលេចចេញវត្តមានលោក ជួន មុំថុល ប្រធានសហព័ន្ធសហជីពខ្មែរ, លោក សោម អូន ប្រធានសហព័ន្ធសហជីពកម្មករកម្ពុជា, លោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា និងលោកស្រី កេន ឆេងឡាង អនុប្រធានសហភាពចលនាកម្មករកម្ពុជា ជាសមាជិកគណៈកម្មការទៅវិញ (Sic!) ។
សរុបសេចក្តីមក អស់រយៈពេល១៤ឆ្នាំហើយ អាជ្ញាធរមានសមត្ថកិច្ចមិនទាន់បានវែកមុខឃាតកពិតប្រាកដ និងអ្នកបញ្ជាពីក្រោយខ្នងឃាតកដែលបានសម្លាប់លោក ជា វិជ្ជា យកមកផ្តន្ទាទោសតាមច្បាប់ជាធរមាននៅឡើយទេ ទោះបីស្ថាប័នតុលាការបានបង្គាប់ឲ្យមេប៉ូលិសស្រាវជ្រាវស៊ើបអង្កេតកំណត់អត្តសញ្ញាណឃាតកក្តី រាជរដ្ឋាភិបាលកម្ពុជាបង្កើតគណៈកម្មការអន្តរក្រសួងស៊ើបអង្កេតពិសេសលើករណីបណ្តឹងលេខ២៣១៨ស្តីពីករណីឃាតកម្មលើមេកដឹកនាំសហជីព ជា វិជ្ជា, ហ៊ី វុទ្ធី និងរស់ សុវណ្ណារ៉េត និងបង្កើតគណៈកម្មការជាតិត្រួតពិនិត្យការអនុវត្តអនុសញ្ញាអន្តរជាតិខាងការងារដែលកម្ពុជាបានផ្តល់សច្ចាប័នក្តី ៕