កូនប្រសាប្រុសរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហៅបុរសខ្លាំង នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា (ស្វាមីរបស់លោកស្រី ហ៊ុន ម៉ាណា កូនស្រីច្បងបុរសខ្លាំងជាអ្នកជំនួញដ៏មានឥទ្ធិពល) និងត្រូវជាកូនប្រុសរបស់សពនាយឧត្តមសេនីយ៍ ហុក ឡងឌី អតីតអគ្គស្នងការនគរបាលជាតិ គឺលោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា ប្រធាននាយកដ្ឋានកណ្តាលសន្តិសុខ ត្រូវបានតែងតាំងមុខតំណែងថ្មីជាអគ្គស្នងការរងនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ ដោយអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជាលេខ២៨អនក្រ.តត ចុះថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨ ត្រូវនឹងថ្ងៃអង្គារ ១៥រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ។
លោកឧត្តមសេនីយ៍ ឌី វិជ្ជា នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជានៃក្រសួងមហាផ្ទៃ អត្តលេខ០១២៧៨ ទទួលបានការដំឡើងឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ឯក (ផ្កាយ៣) ដោយព្រះរាជក្រឹត្យលេខនស/រកត/០៧១៤/៩៤៨ ចុះថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៤ ។
រយៈពេលប្រមាណជាង១០ថ្ងៃ ក្រោយការទទួលបានឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ឯក (ផ្កាយ៣) លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា ក៏ត្រូវបានតែងតាំងមុខតំណែងជាប្រធាននាយកដ្ឋានកណ្តាលសន្តិសុខនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ ដោយអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជាលេខ១១៣៥អនក្រ.តត ចុះថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៤ ។
មុនពេលឡើងកាន់មុខតំណែងជាប្រធាននាយកដ្ឋានកណ្តាលសន្តិសុខនៃអគ្គស្នងការដ្ឋាននគរបាលជាតិ គឺលោកឧត្តមសេនីយ៍ ឌី វិជ្ជា ក៏ធ្លាប់បានកាន់តំណែងទទួលបន្ទុកផ្នែកចារកម្មព្រំដែន និងជាមេបញ្ជាការរងទទួលបន្ទុកកិច្ចការរួមកងហោះដឹកជញ្ជូនប្រតិភូជាន់ខ្ពស់ ។
ក្រៅពីកាន់មុខតំណែងក្នុងក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជានៃក្រសួងមហាផ្ទៃ គឺលោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា ដែលជាសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ក៏ទទួលបានការតែងតាំងជាសមាជិកក្រុមប្រឹក្សាភិបាលអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុ និងជាសមាជិកក្រុមការងារស្រាវជ្រាវផ្តល់យោបល់ផ្នែកអភិបាលកិច្ចសន្តិសុខ បន្ថែមលើមុខងារបច្ចុប្បន្នផងដែរ ៕