រថយន្តធុនតូចចំណុះ១២កៅអីម៉ាក Starex មួយគ្រឿងពាក់ស្លាកលេខបន្ទាយមានជ័យ2A-6314 ត្រូវបានអ្នកធ្វើដំណើរតាមដងផ្លូវសាធារណៈប្រទះឃើញដឹកទំនិញយ៉ាងសំពីងសំពោងហួសហេតុរហូតដល់មានប្រវែងជិត១០ម៉ែត្រ និងកម្ពស់ជិត៤ម៉ែត្រ បើកបរលើកំណាត់ផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ៧៥-៧៦ ឋិតក្នុងស្រុកជើងព្រៃ ខេត្តកំពង់ចាម ។
ទោះយ៉ាងណាក៏ដោយ រថយន្តផ្ទុកទំនិញមហាសំពីងសំពោងអាចបង្កការគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរជាយថាហេតុនេះត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍ស្រុកជើងព្រៃ ខេត្តកំពង់ចាម ចាប់ឃាត់ទុកធ្វើការផាកពិន័យតាមច្បាប់កំណត់កាលពីថ្ងៃសុក្រ ៤រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៨វេលាម៉ោង១១ និង៣០នាទីព្រឹកម្សិលមិញ ។ ក្រោយការត្រួតពិនិត្យ សមត្ថកិច្ចបានរកឃើញថា អ្នកបើកបរថយន្តល្មើសនេះមានឈ្មោះ រ៉ឺន រ៉ើន ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅខេត្តបន្ទាយមានជ័យ គ្មានប័ណ្ណបើកបរ និងគ្មានសៀវភៅឈៀកធ្វើអាជីវកម្មអ្វីឡើយ ៕