ក្រោយរំលាយចោលគណបក្សសង្គ្រោះជាតិដែលមានអាសនៈចំនួន៥៥នៅក្នុងរដ្ឋសភានីតិកាលទី៥យ៉ាងតក់ក្រហល់ និងច្បាមយកអាសនៈរបស់គណបក្សសង្គ្រោះជាតិមកបែងចែកគ្នាអង្គុយចេញជាសមាសភាពចម្រុះទាំងអ្នកតំណាងរាស្ត្រ (ឆ្លងកាត់រាស្ត្របោះឆ្នោតជូន) ទាំងសមាជិករដ្ឋសភា (មិនឆ្លងកាត់ការបោះឆ្នោតជូនដោយរាស្ត្រជាម្ចាស់ឆ្នោត) សរុប១២៣នាក់រួចមក រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយគណបក្សប្រជាជនកម្ពុជាក៏បានបង្កើតក្រុមការងារមួយឈ្មោះថា «ក្រុមការងារធ្វើការសិក្សាស្រាវជ្រាវរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា» មានភារកិច្ចជាសេនាធិការដ្ឋាននាយករដ្ឋមន្ត្រីក្នុងការសិក្សាស្រាវជ្រាវរដ្ឋធម្មនុញ្ញដើម្បីផ្តួចផ្តើមអំពីជម្រើសនានាក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញតាមការចាំបាច់ស្របតាមមាត្រា១៥១ថ្មី មាត្រា១៥២ថ្មី និងមាត្រា១៥៣ថ្មីនៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដោយសេចក្តីសម្រេចលេខ១០៩សសរ ចុះថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧ ។
មជ្ឈដ្ឋានអ្នកច្បាប់ និងអ្នកវិភាគកិច្ចការសង្គមនៅកម្ពុជាបានលើកឡើងថា អនុលោមទៅតាមចំនួនអ្នកតំណាងរាស្ត្រ និងចំនួនសមាជិករដ្ឋសភាសរុបក្រោមការចាត់ចែងរបស់គណបក្សប្រជាជនកម្ពុជាបច្ចុប្បន្ន គឺមានសំឡេងគ្រប់គ្រាន់ ឬលើសទៀតផងដើម្បីអនុម័តការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញស្របទៅតាមមាត្រា១៥៣ថ្មី កថាខណ្ឌទី២ (ពីរ មាត្រា១៥១ថ្មី) នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា (អនុម័តដោយរដ្ឋសភាតាមមតិភាគច្រើនពីរភាគបីនៃចំនួនសមាជិករដ្ឋសភាទាំងមូល) ។
គួររំលឹកជូនថា គិតត្រឹមឆ្នាំ២០០៨ខណៈមានអាយុ១៥ឆ្នាំ គឺរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាឆ្លងកាត់ការធ្វើវិសោធនកម្មរហូតដល់ចំនួន៧លើករួចមកហើយ ជាអាទិ៍ ៖ -លើកទី១ ឆ្នាំ១៩៩៤, -លើកទី២ ឆ្នាំ១៩៩៩, -លើកទី៣ ឆ្នាំ២០០១, -លើកទី៤ ឆ្នាំ២០០៤, -លើកទី៥ ឆ្នាំ២០០៥, -លើកទី៦ ឆ្នាំ២០០៦ និងលើកទី៧ ឆ្នាំ២០០៨ ហើយជាបន្តបន្ទាប់មកទៀតក៏បានឆ្លងកាត់ការធ្វើវិសោធនកម្មលើកទី៨នៅឆ្នាំ២០១៤កន្លងទៅថ្មីៗ ៕