យោងតាមសំណើរបស់ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខបានបង្កើត និងតែងតាំងសមាសភាពគណៈកម្មការជាតិត្រួតពិនិត្យការអនុវត្តអនុសញ្ញាអន្តរជាតិខាងការងារដែលកម្ពុជាបានផ្តល់សច្ចាប័នមានចំនួន២២នាក់ (ក្នុងនោះប្រធានម្នាក់ គឺឯកឧត្តម អ៊ិត សំហេង,អនុប្រធានអចិន្ត្រៃយ៍ម្នាក់,អនុប្រធាន០៣នាក់ និងសមាជិកចំនួន១៧នាក់) ដោយសេចក្តីសម្រេចលេខ១១១សសរ ចុះថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៧ ។
ក្រៅពីមន្ត្រីរាជការបម្រើការងារនៅតាមក្រសួង-ស្ថាប័នពាក់ព័ន្ធ និងសហព័ន្ធនិយោជក ព្រមទាំងសមាគមពាណិជ្ជកម្មកម្ពុជា គឺមានមេសហជីពចំនួន៤នាក់ ទទួលបានការតែងតាំងជាសមាជិកគណៈកម្មការនេះ ជាអាទិ៍ ៖
១-លោក ជួន មុំថុល ប្រធានសហព័ន្ធសហជីពខ្មែរ
២-លោក សោម អូន ប្រធានសហព័ន្ធសហជីពកម្មករកម្ពុជា
៣-លោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា
៤-លោកស្រី កេន ឆេងឡាង អនុប្រធានសហភាពចលនាកម្មករកម្ពុជា ។
គួរបញ្ជាក់ជូនថា គណៈកម្មការជាតិត្រួតពិនិត្យការអនុវត្តអនុសញ្ញាអន្តរជាតិខាងការងារដែលកម្ពុជាបានផ្តល់សច្ចាប័ន សរសេរកាត់ថា «គ.ត.អ.ក» ជាស្ថាប័នត្រីភាគីត្រូវបានរាជរដ្ឋាភិបាលកម្ពុជាបង្កើតឡើងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយសេចក្តីសម្រេចលេខ៦៤សសរ ចុះថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧ ដែលមានតួនាទី និងភារកិច្ចដូចតទៅ ៖ -ពិនិត្យ និងផ្តល់យោបល់ជូនរាជរដ្ឋាភិបាលកម្ពុជាទាក់ទងដល់ការផ្តល់សច្ចាប័នលើអនុសញ្ញាអន្តរជាតិខាងការងារ និងអនុសញ្ញាអន្តរជាតិពាក់ព័ន្ធ ឬការដកខ្លួនចេញពីអនុសញ្ញាអន្តរជាតិខាងការងារ ឬអនុសញ្ញាអន្តរជាតិពាក់ព័ន្ធ ដែលកម្ពុជាបានផ្តល់សច្ចាប័នរួចហើយ ។ -តាមដាន និងផ្តល់យោបល់ជូនរាជរដ្ឋាភិបាលកម្ពុជាក្នុងការធ្វើរបាយការណ៍ជូនស្ថាប័នអន្តរជាតិស្តីពីការអនុវត្តអនុសញ្ញាអន្តរជាតិខាងការងារ ដែលកម្ពុជាបានផ្តល់សច្ចាប័ន និងអនុសញ្ញាអន្តរជាតិពាក់ព័ន្ធ ។ -រៀបចំរបាយការណ៍បំភ្លឺករណីបណ្តឹងនានានៅអង្គការអន្តរជាតិខាងការងារ និងអង្គការអន្តរជាតិផ្សេងៗពាក់ព័ន្ធនឹងអនុសញ្ញាអន្តរជាតិខាងការងារ ។ -ពិនិត្យ និងចាត់ចែងការចុះស្រាវជ្រាវលើអង្គហេតុ និងអង្គច្បាប់ ប្រមូលព័ត៌មាន និងព័ស្តុតាងនៃករណីបណ្តឹងនានាពាក់ព័ន្ធនឹងការអនុវត្តអនុសញ្ញាអន្តរជាតិខាងការងារ និងអនុសញ្ញាអន្តរជាតិពាក់ព័ន្ធ ។ -សម្របសម្រួល និងចាត់ចែងឲ្យមានការដោះស្រាយបញ្ហានានាពាក់ព័ន្ធនឹងការអនុវត្តអនុសញ្ញាអន្តរជាតិខាងការងារ និងអនុសញ្ញាអន្តរជាតិពាក់ព័ន្ធ…៕