នាយទាហានជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទក្រសួងការពារជាតិ និងមានងារជាឧកញ៉ាម្នាក់ផង ដែលធ្លាប់បង្ករឿងអាស្រូវដកកាំភ្លើងខ្លីវាយក្បាលសន្តិសុខរោងចក្រ SL Garment Processing (Cambodia) Ltd. បណ្តាលឲ្យសន្លប់កាលពីរាត្រីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១១ ក្នុងបរិវេណរោងចក្រនោះ គឺលោកឧកញ៉ា លឹម ឆខាយ បានផ្ទេរក្របខ័ណ្ឌពីទាហានទៅបម្រើការងារក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃវិញហើយ ដោយអនុក្រឹត្យលេខ១៣២៣អនក្រ.តត ចុះថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ។
ក្រៅពីមានងារជាឧកញ៉ា(តែងតាំងដោយព្រះរាជក្រឹត្យលេខនស/រកត/០១១១/០៧៨ ចុះថ្ងៃទី២២ ខែមករា ឆ្នាំ២០១១ តែមិនមានបោះពុម្ពផ្សព្វផ្សាយក្នុងសៀវភៅរាជកិច្ចទេ) លោក លឹម ឆខាយ ក៏ជានាយទាហានជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ អត្តលេខ០១៥៣០២ម្នាក់ដែរ ។
លោកឧកញ៉ា លឹម ឆខាយ ក្នុងក្របខ័ណ្ឌនាយទាហាននៃកងយោធពលខេមរភូមិន្ទ អត្តលេខ០១៥៣០២ និងជាសមាជិកក្រុមការងារស្រាវជ្រាវជំនាញយោធារថ្នាក់អគ្គបញ្ជាការដ្ឋាន ទទួលបានការដំឡើងឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ត្រី (ផ្កាយ១) ដោយព្រះរាជក្រឹត្យលេខនស/រកត/០៩១១/៨៩៤ ចុះថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១១ ៕