នៅថ្ងៃសុក្រ ១២កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧នេះ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញបានប្រកាសសាលក្រមសម្រេចដាក់ពិន័យទៅលើលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិដែលកំពុងជាប់ឈ្មោះជាទណ្ឌិតចំនួន១០លានរៀល និងសំណងជំងឺចិត្តស្មើនឹងទឹកប្រាក់ចំនួន៤ពាន់លានរៀល (ប្រមាណ១លានដុល្លារអាមេរិក) ទៅឲ្យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហៅបុរសខ្លាំង នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាដើមបណ្តឹងរដ្ឋប្បវេណីក្នុងសំណុំរឿងព្រហ្មទណ្ឌចោទប្រកាន់ពីបទបរិហារកេរ្តិ៍ជាសាធារណៈ ។
កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧កន្លងទៅ ឯកឧត្តមមេធាវី គី តិច អនុប្រធានក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្ត្រី មេធាវីរាជរដ្ឋាភិបាល និងជាមេធាវីតំណាងដោយអាណត្តិឲ្យបុរសខ្លាំងបានដាក់ពាក្យប្តឹងលោក សម រង្ស៊ី ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចោទប្រកាន់ពីបទបរិហារកេរ្តិ៍ជាសាធារណៈ និងទាមទារសំណងជំងឺចិត្តជូនបុរសខ្លាំងចំនួន៤ពាន់លានរៀល ។
អនុលោមតាមមាត្រា៣០៥នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា និងពាក្យបណ្តឹងរបស់ឯកឧត្តមមេធាវី គី តិច គឺបានបង្ហាញឲ្យឃើញថា សាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញសម្រេចពិន័យជាប្រាក់ទៅលើលោក សម រង្ស៊ី ជាជនជាប់ចោទដល់កម្រិតអតិបរមាតែម្តង ហើយបង្គាប់ឲ្យសងជំងឺចិត្តដល់ដើមបណ្តឹងរដ្ឋប្បវេណី «ចាក់ពុម្ព» តាមពាក្យបណ្តឹងរបស់ដើមបណ្តឹងរដ្ឋប្បវេណីទាំងស្រុង (Sic!) ។
មិនទាន់បានដឹងប្រាកដថា លោក សម រង្ស៊ី ជាជនជាប់ចោទក្នុងសំណុំរឿងក្តីនេះនឹងសម្រេចប្តឹងឧទ្ធរណ៍បន្តទៀតប្រឆាំងនឹងសាលក្រមព្រហ្មទណ្ឌរបស់សាលាដំបូងរាជធានីភ្នំពេញនោះ ឬយ៉ាងណានៅឡើយទេ ៕