ថ្វីដ្បិតមាត្រា៥នៃរដ្ឋធម្មនុញ្ញជាច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជាបានចែងថា «ភាសា និងអក្សរដែលប្រើជាផ្លូវការ គឺភាសា និងអក្សរខ្មែរ ។» និងមាត្រា៨ កថាខណ្ឌទី១នៃរដ្ឋធម្មនុញ្ញដដែលបានចែងថា «ព្រះមហាក្សត្រព្រះអង្គទ្រង់ជានិមិត្តរូបនៃឯកភាពជាតិ និងនិរន្តរភាពជាតិ ។» ក៏ដោយក៏ទាំងស្ថានភាពនយោបាយ ទាំងស្ថានភាពនៃការប្រើប្រាស់អក្សរខ្មែរឈានចូលមកដល់ឆ្នាំ២០១៧នេះ បានបង្ហាញអំពីទម្រង់បែកបាក់ក្នុងរង្វង់អ្នកនយោបាយខ្មែរ (បក្សកាន់អំណាច និងបក្សប្រឆាំង) និងទម្រង់ខុសឆ្គងធ្ងន់ធ្ងរបំផុតក្រោមរូបភាពមិនឯកភាពស៊ីចង្វាក់គ្នា ដូចមានព័ស្តុតាងបញ្ជាក់ខាងក្រោម ៖
I-ផ្នែកនយោបាយ ៖
លទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ឆ្នាំ២០១៣ មានតែគណបក្សនយោបាយធំៗចំនួន២ប៉ុណ្ណោះដែលទទួលបានអាសនៈនៅក្នុងរដ្ឋសភា គឺគណបក្សប្រជាជនកម្ពុជា (CPP) ជាគណបក្សកាន់កាប់អំណាចចំនួន៦៨អាសនៈ និងគណបក្សសង្គ្រោះជាតិ (CNRP) ជាគណបក្សប្រឆាំងចំនួន៥៥អាសនៈ ។ ក្រោយអ្នកតំណាងរាស្ត្រជាប់ឆ្នោតចំនួន៥៥នាក់បានទទួលស្គាល់ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) រួចហើយ គឺមិនបានធ្វើសច្ចាប្រណិធានចូលកាន់តំណែងភ្លាមៗទេ ។
បន្ទាប់ពីមានស្មារតីនៃកិច្ចព្រមព្រៀងចុះថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ទើបអ្នកតំណាងរាស្ត្រជាប់ឆ្នោតចំនួន៥៥នាក់មកពីគណបក្សសង្គ្រោះជាតិសម្រេចចិត្តធ្វើសច្ចាប្រណិធានចូលកាន់តំណែងនាថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៤ ។
ក្រោយមកទៀត គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិក៏បានចេញសេចក្តីថ្លែងការណ៍រួមមួយនាថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៥ ប្តេជ្ញាអនុវត្តវប្បធម៌សន្ទនាជាមួយ និងរក្សាការប្រើប្រាស់យន្តការប្រជាធិបតេយ្យតាមតួនាទី និងភារកិច្ចរៀងៗខ្លួន ដោយមានទាំងការរិះគន់តាមរបៀបថ្លៃថ្នូរចំពោះភាពអសកម្ម និងភាពអវិជ្ជមានក្នុងន័យ និងក្នុងបំណងស្ថាបនាធ្វើជាកញ្ចក់ដើម្បីកែលម្អស្ថាប័នរដ្ឋ និងនយោបាយរបស់រាជរដ្ឋាភិបាលសម្រាប់ការអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែប្រសើរឡើង ។
នៅទីបំផុត «វប្បធម៌សន្ទនា» រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិត្រូវបានបញ្ចប់រួមជាមួយនឹងអ្នកតំណាងរាស្ត្រមកពីគណបក្សសង្គ្រោះជាតិជាប់ពន្ធនាគារព្រោងព្រាត និងគណបក្សសង្គ្រោះជាតិក៏ត្រូវបានរំលាយចោលដោយស្ថាប័នតុលាការកំពូលនាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្រោមទម្ងន់នៃបណ្តឹងរបស់ក្រសួងមហាផ្ទៃ ព្រមទាំងអតីតថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិចំនួន១១៨នាក់ ត្រូវបានហាមឃាត់ការធ្វើនយោបាយរយៈពេល៥ឆ្នាំ ។
ប្រការទាំងអស់នេះបានបង្ហាញឲ្យឃើញថា សូម្បីអ្នកតំណាងរាស្ត្រមានតែ២គណបក្សនយោបាយនៅក្នុងរដ្ឋសភានីតិកាលទី៥ កើតចេញពីឆន្ទៈនៃការបោះឆ្នោតរបស់ប្រជារាស្ត្រធ្វើការមិនចុះសម្រុងគ្នា មិនឯកភាពគ្នាផង តើអាចជំរុញឲ្យមានឯកភាពជាតិកើតដែរឬទេ ហើយអាចឲ្យអង្គព្រះមហាក្សត្រទ្រង់គ្រងរាជសម្បត្តិប៉ុន្តែទ្រង់មិនកាន់អំណាចអាចគង់ជានិមិត្តរូបនៃឯកភាពជាតិ និងនិរន្តរភាពជាតិបានដែរឬយ៉ាងណា ?
II-ផ្នែកអក្សរសាស្ត្រ ៖
ព័ស្តុតាងបានបង្ហាញថា ការប្រើប្រាស់អក្សរខ្មែរជាផ្លូវការមិនមាការឯកភាពស៊ីចង្វាក់គ្នា និងមានទម្រង់ខុសឆ្គងទាំងលិខិតបទដ្ឋានគតិយុត្តលំដាប់ព្រះរាជក្រឹត្យ ទាំងលិខិតបទដ្ឋានគតិយុត្តលំដាប់អនុក្រឹត្យ ទោះបីមាត្រា១២នៃអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជាលេខ១៤៦អនក្រ.បក ចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាជាតិភាសាខ្មែរបានចែងតម្រូវឲ្យក្រុមប្រឹក្សាជាតិភាសាខ្មែរដែលគ្រប់គ្រងដោយរាជបណ្ឌិត្យសភាកម្ពុជាត្រូវប្រើវចនានុក្រមខ្មែររៀបរៀងដោយសម្តេចព្រះសង្ឃរាជ ជួន ណាត ដែលបានបោះពុម្ពផ្សាយដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ គ្រាទី៥ ឆ្នាំ១៩៦៧ជាគោលក៏ដោយ ។
១-ព្រះរាជក្រឹត្យលេខនស/រកត/០៩១៧/៦៧៣ ចុះថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៧ ដែលព្រះករុណាព្រះមហាក្សត្របានត្រាស់បង្គាប់បញ្ចប់មុខតំណែងឯកឧត្តម អះម៉ាត់ យ៉ះយ៉ា ពីរដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានសរសេរពាក្យ «តំណែង» ជា «ដំណែង» ខណៈយោងតាមសៀវភៅវចនានុក្រមខ្មែររៀបរៀងដោយសម្តេចព្រះសង្ឃរាជ ជួន ណាត មិនមានពាក្យថា «ដំណែង» ក្នុងន័យមុខតំណែងរបស់មន្ត្រីរាជការនោះទេ ។
២-ព្រះរាជក្រឹត្យលេខនស/រកត/១១១៤/១៣៧៦ ចុះថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៤ ដែលព្រះករុណាព្រះមហាក្សត្របានត្រាស់បង្គាប់បញ្ចប់មុខតំណែងលោកជំទាវ សម មុន្និកា ពីរដ្ឋលេខាធិការក្រសួងទេសចរណ៍ដោយសាមីខ្លួនសុំលាលែង បានសរសេរពាក្យថា «តំណែង» ត្រឹមត្រូវតាមសៀវភៅវចនានុក្រមខ្មែររៀបរៀងដោយសម្តេចព្រះសង្ឃរាជ ជួន ណាត ។
៣-ព្រះរាជក្រឹត្យលេខនស/រកត/១០១៧/៨៤៣ ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧ ដែលព្រះករុណាព្រះមហាក្សត្របានត្រាស់បង្គាប់ដំឡើងឋានន្តរស័ក្តិនាយឧត្តមសេនីយ៍ ដល់ឯកឧត្តមឧត្តមសេនីយ៍ឯក មួន សារ៉ន អត្តលេខ០៧៧២ នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជានៃក្រសួងមហាផ្ទៃ បានសរសេរពាក្យ «ដំឡើង» ជា «តម្លើង» ខណៈយោងតាមសៀវភៅវចនានុក្រមខ្មែររៀបរៀងដោយសម្តេចព្រះសង្ឃរាជ ជួន ណាត មិនមានពាក្យថា «តម្លើង» ឡើយ ។
៤-ព្រះរាជក្រឹត្យលេខនស/រកត/០៩១៧/៦៨៣ ចុះថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៧ ដែលព្រះករុណាព្រះមហាក្សត្របានត្រាស់បង្គាប់ដំឡើងឋានន្តរស័ក្តិឧត្តមសេនីយ៍ឯក ជូនលោកឧត្តមសេនីយ៍ទោ ស ថេត អត្តលេខ១៥៧២២ នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជានៃក្រសួងមហាផ្ទៃ បានសរសេរពាក្យថា «ដំឡើង» ត្រឹមត្រូវតាមសៀវភៅវចនានុក្រមខ្មែររៀបរៀងដោយសម្តេចព្រះសង្ឃរាជ ជួន ណាត ។
៥-អនុក្រឹត្យរបស់រាជរដ្ឋាភិបាលលេខ១២៦១អនក្រ.តត ចុះថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៧ ដែលសម្រេចដំឡើងឋានន្តរស័ក្តិវរសេនីយ៍ឯក ជូនលោកវរសេនីយ៍ទោ ហង្ស វណ្ណៈ អត្តលេខ៧៣៧៦៥ នាយនគរបាលជាន់ខ្ពស់ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជានៃក្រសួងមហាផ្ទៃ បានសរសេរពាក្យថា «តម្លើង» ។
៦-អនុក្រឹត្យរបស់រាជរដ្ឋាភិបាលលេខ១២៥៣អនក្រ.តត ចុះថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ដែលសម្រេចដំឡើងឋានន្តរស័ក្តិថ្នាក់វរសេនីយ៍ឯក នាយទាហាននៃកងយោធពលខេមរភូមិន្ទក្រសួងការពារជាតិចំនួន១២១នាក់ បានសរសេរពាក្យថា «ដំឡើង» ។
សរុបសេចក្តីមក ជាតិខ្មែរអាចងាយនឹងរងគ្រោះ ព្រោះតែគ្មានការឯកភាពគ្នាស៊ីចង្វាក់ទាំងក្នុងរង្វង់អ្នកនយោបាយ ទាំងក្នុងរង្វង់ការប្រើប្រាស់អក្សរខ្មែរជាផ្លូវការមិនត្រឹមត្រូវតាមសៀវភៅវចនានុក្រមខ្មែរ ៕