ថ្ងៃ ព្រហស្បតិ៍ ទី ១៨ ខែ តុលា ឆ្នាំ ២០១៨

អ្នកច្បាប់​ចំណាប់​ខាង​បាញ់ ! មេធាវី​ម្នាក់​ត្រូវបាន​ចាប់វាយ​ខ្នោះ​ព្រោះតែ​ចិត្តសឿង​បាញ់បោះ​សេរី​ក្បែរ​ភូមិគ្រឹះ​មេ​ប៉ូលិស​ផ្កាយ​៤​សន្តិ​បណ្ឌិត នេ​ត សាវឿន

កាលពី​រាត្រី​ម៉ោង​២២ និង​១៥​នាទី ថ្ងៃ​ចន្ទ ១​កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព​.​ស​.២៥៦១ ត្រូវ​នឹង​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០១៧​ម្សិលមិញ បុរស​ចិត្តសឿង​ម្នាក់​បាន​ដក​កាំភ្លើងខ្លី​បាញ់បោះ​សេរី​ចំនួន​២​គ្រាប់​បណ្តាល​ឲ្យ​យុវជន​និស្សិត​ច្បាប់​ម្នាក់​រងរបួស បង្ក​ការភ្ញាក់ផ្អើល​ដល់​កម្លាំង​សមត្ថកិច្ច​ប្រចាំការ​ក្បែរ​ភូមិគ្រឹះ​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ត្រង់ចំណុច​វិថី​ព្រះ​មុនី​រ៉េត (​ផ្លូវ​លេខ​២១៧) កែង​ផ្លូវ​លេខ​២១១ សង្កាត់​វាលវង់ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ ហើយក៏​ត្រូវ​សមត្ថកិច្ច​នគរបាល​អ​ន្ត​រាគ​មន៍​ចាប់​វាយខ្នោះ​ភ្លាមៗ​ដែរ ។​

​សាក្សី​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មាន​បុរស​ម្នាក់​អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ​បើកបរ​រថយន្ត​ទំនើប​ម៉ាក Lexus LX470 ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2AP-8254 មក​ឈប់​នៅក្បែរ​ភូមិគ្រឹះ​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ហើយ​បាញ់បោះ​ចំនួន​២​គ្រាប់​បណ្តាល​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ទាំងយប់ ខណៈពេល​សមត្ថកិច្ច​នគ​របាល​អន្តរាគមន៍​មកដល់​កន្លែងកើតហេតុ​បុរស​ក្លាហាន​ចិត្តសឿង​ជា​ខ្មាន់កាំភ្លើង​រូប​នោះបាន​បោះពាក្យ​សម្តី​ក្អេងក្អាង​ដាក់​សមត្ថកិច្ច​ថា «​បាញ់​២​គ្រាប់​លេង ហើយ​ចង់​បាញ់​១០​គ្រាប់​ទៀត​ក៏​អត់​បញ្ហា​» ។

​ប្រភពពី​សមត្ថកិច្ច​ចុះ​អន្តរាគមន៍​ដល់​កន្លែងកើតហេតុ​មួយរូប​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​បង្ហើប​ប្រាប់​ឲ្យ​ដឹងថា បុរស​ជា​ខ្មាន់កាំភ្លើង​បាញ់បោះ​សេរី​អនាធិបតេយ្យ​ទាំង​យប់នោះ មានឈ្មោះ អ៊ិត ពិសិដ្ឋ​រង្សី មុខរបរ​ជា​មេធាវី ។ ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​ក៏បាន​ឃាត់ខ្លួន​បុរស​ជា​មេធាវី​ចិត្តសឿង​ជាមួយនឹង​រថយន្ត​មួយគ្រឿង​ម៉ាក Lexus LX470 ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​2AP-8254 និង​កាំភ្លើង​ខ្លីម៉ាក GLOCK ពណ៌​ខ្មៅ ផលិត​នៅ​សហរដ្ឋអាមេរិក​មួយ​ដើម យកទៅ​សួរនាំ និង​ធ្វើ​កំណត់ហេតុ ព្រមទាំង​ទុកជា​វត្ថុតាង​កសាង​សំណុំរឿង​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ ។

​ព័ត៌មាន​ក្រៅផ្លូវការ​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​លោក​មេធាវី​ចិត្តសឿង​ដែលជា​ខ្មាន់កាំភ្លើង​បាញ់បោះ​សេរី​បង្ក​ឲ្យ​មាន​មនុស្ស​រងរបួស និង​បង្ក​ការភ្ញាក់ផ្អើល​ទាំងយប់​នោះ​ឋិត​ក្នុងស្ថានភាព​ស្រវឹង​ដែល​ទើបតែ​ចេញពី​កម្មវិធី​មង្គលការ​មួយ​នៅ​វិមាន​ចរណៃ ។​

​លោក អ៊ិត ពិសិដ្ឋ​រង្សី អាយុ​៣៥​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ ទទួលបាន​សញ្ញាបត្រ​ប​រិ​ញ្ញាប​ត្រ​ច្បាប់​នៅ​ឆ្នាំ​២០០៥ និង​បានធ្វើ​សច្ចាប្រណិធាន​ចូល​ប្រកប​វិជ្ជាជីវៈ​មេធាវី​នា​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០១៥ (​មេធាវី​កម្មសិក្សា​អត្តលេខ​៩៩៤T) ដោយមាន​លោក​មេធាវី ណា​ច ទ្រី ជា​គ្រូ​កម្មសិក្សា តែ​ក្រោយពេល​បាន​ក្លាយជា​មេធាវី​ពេញសិទ្ធិ​មាន​អត្តលេខ​៩៩១ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.