ថ្ងៃ ព្រហស្បតិ៍ ទី ១៨ ខែ តុលា ឆ្នាំ ២០១៨

អាច​ខាត​ច្រើន​គួរសម ! បើ EU ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ផ្នែក​ពាណិជ្ជកម្ម​នឹងធ្វើ​ឲ្យ​កម្ពុជា​ខាត​ប្រាក់​ពន្ធ​យ៉ាង​តិចជាង​៦០០​លាន​ដុល្លារ​ក្នុង​១​ឆ្នាំ

​យោងតាម​របាយការណ៍​ចុះ​ថ្ងៃទី​០៤ ខែធ្នូ ឆ្នាំ​២០១៧​របស់​ក្រសួងពាណិជ្ជកម្ម​ដែល​បាន​គោរព​រាយការណ៍​ជូន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បានបង្ហាញ​ឲ្យ​ឃើញថា រយៈពេល​៥​ឆ្នាំ ចាប់ពី​ឆ្នាំ​២០១២​រហូតដល់​ឆ្នាំ​២០១៦​កម្ពុជា​បាន​នាំចេញ​ទំនិញ​ទៅកាន់​ទីផ្សារ​សហភាព​អឺរ៉ុប (EU) មាន​ទំហំ​ទឹកប្រាក់​ចំនួន​២៣ ៥៨២ ៦៩៥ ០០០​ដុល្លារ​អាមេរិក ដែល​ក្នុងនោះ​សម្រាប់​ឆ្នាំ​២០១៦​មាន​ទំហំ​ទឹកប្រាក់​ចំនួន​៦ ២៥៩ ២៧៧ ០០០​ដុល្លារ​អាមេរិក ក្រោមរូបភាព​អនុគ្រោះ​ពន្ធគយ​ទាំងស្រុង (​មិន​បង់ពន្ធ​) ។

​ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​បាន​គោរព​រាយការណ៍​ជូន​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ឲ្យ​ដឹងថា មុខទំនិញ​សំខាន់ៗ​ដែល​កម្ពុជា​នាំចេញ​ទៅកាន់​ទីផ្សារ​សហ​ភាព​អឺរ៉ុប រួមមាន ៖ សម្លៀកបំពាក់​គ្រប់​ប្រភេទ ស្រោមជើង ស្បែកជើង អង្ករ គ្រាប់​ធញ្ញជាតិ វត្ថុ​ធ្វើ​ពី​ស្បែក ឆ័​ត្រ កៅស៊ូ និង​ទោចក្រយាន​…​។​ល​។ ដោយ​ប្រើប្រាស់​កម្លាំង​ពលកម្ម​ប្រមាណ​៤០​ម៉ឺន​នាក់ ហើយ​សម្រាប់​ឆ្នាំ​២០១៦​កន្លងទៅ ប្រសិនបើ​មិន​ទទួលបាន​ភាពអនុគ្រោះ​ពន្ធ​ទេនោះ គឺ​កម្ពុជា​ត្រូវ​បង់ពន្ធ​ទៅ​ឲ្យ​សហភាព​អឺរ៉ុប​ចំនួន​៦៧៦​លាន​ដុល្លារ​អាមេរិក (​អត្រាពន្ធ​មធ្យម​ប្រមាណ​១១%) ។

​ព្រោះតែ​ស្ថានការណ៍​នយោបាយ​ថ្មីៗ​នៅ​កម្ពុជា​មិនល្អ​ប្រសើរ​តាម​ការចង់បាន​របស់​សហភាព​អឺរ៉ុប ជាពិសេស​លើ​ការគោរព​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​នោះ កាលពី​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០១៧​កន្លងទៅ​ថ្មីៗ សភា​អឺរ៉ុប​បានអនុម័ត​ដាក់ទណ្ឌកម្ម​លើ​រាជរដ្ឋាភិបាល​កម្ពុជា ពោលគឺ​បានស្នើ​ឲ្យ​រដ្ឋាភិបាល​សហភាព​អឺរ៉ុប​ទាំងអស់​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ផ្នែក​ពាណិជ្ជកម្ម​ជាមួយ​កម្ពុជា រួមទាំង​ការនាំចេញ​ផលិតផល​ពី​វិស័យ​កាត់ដេរ​សម្លៀកបំពាក់ និង​ស្បែកជើង ព្រមទាំង​ទំនិញ​ដទៃទៀត​ជា​បណ្តោះអាសន្ន ។​

​ដូច្នេះ ប្រសិនបើ​សហភាព​អឺរ៉ុប​សម្រេច​ដ​ដក​ភាពអនុគ្រោះ​ពន្ធ​ខាង​ពាណិជ្ជកម្ម​ទាំងស្រុង​ពី​កម្ពុជា (​តម្រូវ​ឲ្យ​បង់ពន្ធ​) លើ​ការនាំចេញ​ទំនិញ​ទៅកាន់​ទីផ្សារ​សហភាព​អឺរ៉ុប​នោះ គឺ​កម្ពុជា​នឹងរង​ការខូចខាត​ប្រាក់​ពន្ធ​យ៉ាងតិច​បំផុត​ជាង​៦០០​លាន​ដុល្លារ​អាមេរិក​ក្នុង​១​ឆ្នាំ ហើយក៏​បង្ក​ឲ្យ​មាន​ផលប៉ះពាល់​ដល់​កម្លាំង​ពលកម្ម​ចំនួន​ប្រមាណ​៤០​ម៉ឺន​នាក់​ផងដែរ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.