ថ្ងៃ សុក្រ ទី ២៣ ខែ សីហា ឆ្នាំ ២០១៩

រឿង​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ ! ផ្ទៃដី​សាធារណៈ​របស់​រដ្ឋ​ជាង​៣​ម៉ឺន​ហិកតា​ត្រូវបាន​រាជរដ្ឋាភិបាល​ធ្វើ​អនុ​ប​យោគ​ចាត់បញ្ចូល​ជា​ទ្រព្យសម្បត្តិ​ឯកជន​របស់​រដ្ឋ​

​ផ្ទៃដី​ទំហំ​៣២ ៣០៥,២២​ហិកតា ឋិត​នៅ​ឃុំ​ភ្លុក ឃុំ​តា​ឡា​ត់ ឃុំ​ស្រែគរ និង​ឃុំ​ក្បាល​រមាស ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង ដែលជា​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុ​ជាស​ម្រេច​ធ្វើ​អនុ​ប​យោគ​ចាត់បញ្ចូល​ជា​ទ្រព្យសម្បត្តិ​ឯកជន​របស់​រដ្ឋ​តាម​សំណើ​របស់​ក្រសួង​រ៉ែ និង​ថាមពល ដោយ​អនុក្រឹត្យ​លេខ​១៩៣​អនក្រ​.​បក ចុះ​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៧ សម្រាប់​គោលដៅ​សម្បទាន​សេដ្ឋកិច្ច​អភិវឌ្ឍន៍​គម្រោង​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ ឋិត​នៅ​ខេត្តស្ទឹងត្រែង ។​

​អនុលោម​តាម​មាត្រា​១៧ កថាខណ្ឌ​ទី​១​នៃ​ច្បាប់​ភូមិបាល និង​មាត្រា​៤​នៃ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​លេខ​១២៩​អនក្រ​.​បក ចុះ​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០០៦ ស្តីពី​វិធាន និង​នីតិវិធី​នៃ​ការធ្វើ​អនុ​ប​យោគ​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ និង​របស់​នីតិបុគ្គល​សាធារណៈ​បានចែង​ថា «​ទ្រព្យសម្បត្តិ​ឯកជន​របស់​រដ្ឋ​ទាំងអស់ រួមទាំង​ទ្រព្យសម្បត្តិ​ដែល​កំពុង​ឋិត​នៅក្រោម​ការកាន់កាប់​រប​ស់រ​ដ្ឋ របស់​នីតិបុគ្គល​សាធារណៈ​ដទៃទៀត អាចជា​កម្មវត្ថុ​នៃ​ការជួល ការលក់ និង​ការដូរ​បាន …» ។​

​វា​រី​អគ្គិសនី​សេសា​ន​ក្រោម​២ ឋិត​នៅ​ខេត្តស្ទឹងត្រែង​ត្រូវបាន​សាងសង់ឡើង​នៅលើ​ផ្ទៃដី​ទំហំ​៣៦ ០០០​ហិកតា និង​មាន​កម្ពស់​៨០​ម៉ែត្រ ក្នុងនោះ​កម្ពស់​សម្រាប់​ទប់ទឹក​៧៥​ម៉ែត្រ និង​កម្ពស់​សម្រាប់​ការពារ​ហានិភ័យ​៥​ម៉ែត្រ (​ពេល​មាន​កម្រិត​កម្ពស់​ទឹក​ខ្ពស់​ខ្លាំង​ជ្រុល​) ដោយ​ប្រើប្រាស់​ទុនវិនិយោគ​សុ​រប​ចំនួន​៨០០​លាន​ដុល្លារ​អាមេរិក រវាង​ក្រុមហ៊ុន​វិនិយោគ​មកពី​ប្រទេស​ចិន​ឈ្មោះ Hydrolancang International Energy មាន​ភាគហ៊ុន​៥១% ,​ក្រុមហ៊ុន​ខ្មែរ​ឈ្មោះ Royal Group របស់លោក​ឧកញ៉ា គិត ម៉េង មាន​ភាគហ៊ុន​៣៩% និង​ក្រុមហ៊ុន​មកពី​ប្រទេស​វៀតណាម​ឈ្មោះ EVN មាន​ភាគហ៊ុន​១០% ។​

​តាម​ការវាយតម្លៃ​រប​ស់​ម្ត្រី​ជំនាញ​នៃ​ក្រសួង​រ៉ែ និង​ថាមពល បាន​ឲ្យ​ដឹងថា នៅ​ចុងឆ្នាំ​២០១៨​ខាងមុខ វា​រី​អគ្គិសនី​សេសា​ន​ក្រោម​២​នឹង​អាច​ផលិត​ថាមពល​អគ្គិសនី​សរុប​បាន​៤០០​មេ​ហ្គា​វ៉ា​ត់ (MW) ហើយ​ពេល​ដំណើរការ​ពេញលេញ​នឹង​អាច​ផ្តល់ប្រាក់​ចំណូល​ពន្ធ​ចូល​រដ្ឋ​ប្រមាណ​៣០​លាន​ដុល្លារ​អាមេរិក​ក្នុង​១​ឆ្នាំ ។​

​យោងតាម​កិច្ចព្រមព្រៀង​រវាង​រដ្ឋា​ភិ​បាល​កម្ពុជា និង​ក្រុមហ៊ុន​វិនិយោគ​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ គឺ​បន្ទាប់ពី​ដំណើរការ​អាជីវកម្ម​អស់​រយៈពេល​៤០​ឆ្នាំ នឹងត្រូវ​ផ្ទេរ​មក​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា​គ្រប់គ្រង​វិញ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.