ថ្ងៃ សុក្រ ទី ២៣ ខែ សីហា ឆ្នាំ ២០១៩

​ថៃ​ទៀតហើយ ! ទាហាន​សៀម​ហាមឃាត់​ក្រុមហ៊ុន​ចិន​ធ្វើ​ផ្លូវ​នៅខាងមុខ​ច្រក​បឹង​ត្រកួន​ត្រង់​បង្គោល​សីមា​លេខ​៣៦ ខេត្តបន្ទាយមានជ័យ​

សេចក្តីរាយការណ៍​ពី​ខេត្តបន្ទាយមានជ័យ​បាន​ឲ្យ​ដឹងថា នៅវេលា​ព្រឹក​នា​ថ្ងៃ​ព្រហស្បតិ៍ ១១​រោច ខែ​មិគសិរ ឆ្នាំរកា នព្វស័ក ព​.​ស ២៥៦១ ត្រូវ​នឹង​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០១៧​នេះ ក្រុម​ទាហាន និង​យ​តម្រួត​ថៃ​ចំនួន​ប្រមាណ​២៤​នាក់​បានចេញ​មកឃាត់​ក្រុមហ៊ុន​ចិន​មិន​ឲ្យ​ដំណើរការ​គ្រឿងចក្រ​ស្ថាបនា​ផ្លូវ​នៅ​ចំណុច​ច្រក​បឹង​ត្រកួន បង្គោល​សីមា​លេខ​៣៦ ឋិត​ក្នុងស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ជាប់​នឹង​ខេត្ត​ស្រះកែវ ប្រទេស​ថៃ ។​

​សមត្ថកិច្ច​ឈរជើង​នៅ​ច្រក​បឹង​ត្រកួន​បាន​ឲ្យ​ដឹងថា នៅពេល​ក្រុមហ៊ុន​ចិន​ដំណើរការ​គ្រឿងចក្រ​ឈូសឆាយ​ធ្វើ​ផ្លូវ​ជាធម្មតា ស្រាប់តែ​សមត្ថកិច្ច​ភាគី​ថៃ​ចេញមក​ហាមឃាត់ និង​ស្នើ​ឲ្យ​ភាគី​កម្ពុជា​ផ្អាក​ស្ថាបនា​ផ្លូវ​ប្រវែង​៣៥​គីឡូម៉ែត្រ រង់ចាំ​ភាគី​ថៃ​រាយការណ៍​ទៅ​ថ្នាក់លើ​សិន ។​

​ដំណើរការ​ហាមឃាត់រ​បស់​សមត្ថកិច្ច​ភាគី​ថៃ​ដែល​មិន​ឲ្យ​ក្រុមហ៊ុន​ចិន​ស្ថាបនា​ផ្លូវ​នោះ​មិនបាន​បង្ក​ឲ្យ​មាន​បញ្ហា​ប្រឈម​តានតឹង​ដាក់គ្នា​ទេ គឺ​ភាគី​កម្ពុជា និង​ភាគី​ថៃ​បាន​ពិភាក្សាគ្នា​ដោយ​សន្តិវិធី​ដើម្បី​រក​ដំណោះស្រាយ ប៉ុន្តែ​មិនទាន់​ទទួលបាន​នូវ​លទ្ធផល​នៃ​កិច្ចប្រជុំ​ពិភាក្សាគ្នា​នោះ​យ៉ាងណា​នៅឡើយ ។​

​គួរបញ្ជាក់​ជូន​ដែរ​ថា ក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០១៧​របស់​អង្គ​ភាពវរ​សេនា​តូច​យោធា​ការពារ​ព្រំដែន​គោក​លេខ​៥០៣ ចំណុះ​យោធភូមិភាគ​ទី​៥​ឈរជើង​នៅ​តំបន់​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ ក៏បាន​លើកឡើង​អំពី​បញ្ហា​ព្រំដែន​កម្ពុជា​-​ថៃ​ក្នុងភូមិ​សាស្ត្រ​ខេត្តបន្ទាយមានជ័យ​ដែល​ពោរពេញ​ទៅដោយ​បញ្ហា​ប្រឈម​រវាង​កម្ពុជា​-​ថៃ​ផងដែរ ពោលគឺ​ខាង​ភាគី​ថៃ​មាន​មហិច្ឆតា​ប៉ុនប៉ង​ពង្រីក​ទឹកដី​តាម​ខ្សែបន្ទាត់​ព្រំដែន ដូចជា បណ្តោយ​ឲ្យ​ពលរដ្ឋ​របស់ខ្លួន​ចូលមក​រុករាន​កាប់ឆ្ការ​ព្រៃ និង​លបលួច​ចូល​ដោះមីន​នៅ​តំបន់ហាមឃាត់ ខណៈ​ភាគី​កម្ពុជា​-​ថៃ មិនទាន់​ឯកភាពគ្នា​លើ​ការវាស់វែង​កំណត់ព្រំដែន​គោក​តំបន់​បង្គោល​ព្រំដែន​សីមា​លេខ​៤៣ លេខ​៤៦ និង​លេខ​៤៨ ជាដើម​…​នៅឡើយ​ទេ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.