គេហទំព័រសារព័ត៌មាន Reuters បានផ្សព្វផ្សាយនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ដោយដកស្រង់ប្រភពពីមន្ត្រីរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត (Saudi Arabia) ឲ្យដឹងថា ព្រះរាជ្យបុត្យរបស់អតីតព្រះមហាក្សត្រ Abdullah bin Abdulaziz និងជាអតីតរដ្ឋមន្ត្រីការពារជាតិអារ៉ាប៊ីសាអូឌីតផង គឺព្រះអង្គម្ចាស់ Miteb bin Abdullah ត្រូវបានដោះលែងឲ្យមានសេរីភាពរួចពីទោសទណ្ឌក្នុងសំណុំរឿងពុករលួយវិញហើយនាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ម្សិលមិញក្រោយការព្រមព្រៀងបង់ប្រាក់ជាង១ពាន់លានដុល្លារអាមេរិក ។
ព្រះអង្គម្ចាស់ Miteb bin Abdullah ព្រះជន្ម៦៥ព្រះវស្សា ត្រូវបានចាប់ឃាត់ព្រះកាយកាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៧ជាមួយសែរាជវង្សចំនួន១០អង្គផ្សេងទៀត ក្រោមយុទ្ធនាការប្រយុទ្ធប្រឆាំងបោសសម្អាតអំពើពុករលួយក្នុងប្រទេសរបស់រាជទាយាទ Mohammad bin Salman ។
សេចក្តីរាយការណ៍បានឲ្យដឹងថា នារយៈពេលកន្លងទៅថ្មីៗនេះ មនុស្សជាង២០០នាក់ ក្នុងនោះក៏មានបុត្ររបស់ព្រះមហាក្សត្រប្រទេសអារ៉ាប៊ីសាអូឌីតចំនួន១១អង្គផងដែរត្រូវបានចាប់ខ្លួន-ព្រះកាយ ជាមួយនឹងគណនីធនាគារចំនួន១ ៧០០ មានទំហំទឹកប្រាក់រាប់ពាន់លានដុល្លារអាមេរិកបានបង្កកជាបណ្តោះអាសន្ន ក្រោមយុទ្ធនាការបោសសម្អាត និងប្រឆាំងអំពើពុករលួយដឹកនាំដោយព្រះអង្គម្ចាស់ Mohammad bin Salman ព្រះជន្ម៣២ព្រះវស្សា ជារាជទាយាទរបស់ព្រះមហាក្សត្រ និងជារដ្ឋមន្ត្រីក្រសួងការពារជាតិអារ៉ាប៊ីសាអូឌីត ។
អាចចាត់ទុកបានថា នេះជាសកម្មភាពចំណាយប្រាក់ដ៏ច្រើនលើសលប់មួយនៅលើពិភពលោករហូតដល់ជាង១ពាន់លានដុល្លារអាមេរិករបស់ព្រះរាជបុត្រាព្រះមហាក្សត្រអារ៉ាប៊ីសាអូឌីត ដើម្បីជាថ្នូរទទួលបាននូវការដោះលែងឲ្យមានសេរីភាពរួចទោសទណ្ឌក្នុងសំណុំរឿងប្រព្រឹត្តអំពើពុករលួយដ៏កក្រើកនៅប្រទេសអារ៉ាប៊ីសាអូឌីត ៕