អតីតអគ្គនាយករងនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជានៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលមានងារជាឧកញ៉ាម្នាក់ គឺលោកឧកញ៉ា ប៉ែន សំអាត ឧត្តមមន្ត្រីថ្នាក់លេខ១នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាលនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលចូលនិវត្តន៍ក្នុងក្របខ័ណ្ឌមុខងារសាធារណៈ ទទួលបានការតែងតាំងតំណែងថ្មីជាអនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយព្រះរាជក្រឹត្យលេខនស/រកត/១០១៧/៧៧៩ ចុះថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧ ។
ក្រៅពីឋិតក្នុងក្របខ័ណ្ឌមន្ត្រីរាជការ លោក ប៉ែន សំអាត អតីតជាប្រធាននាយកដ្ឋានកិច្ចការច្បាប់ សវនកម្ម និងទំនាក់ទំនងសាធារណៈ និងជាប្រធានលេខាធិការដ្ឋាននៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក៏ទទួលបានការតែងតាំងជាឧកញ៉ាផងដែរ ដោយព្រះរាជក្រឹត្យលេខនស/រកត/០៧០៨/៩២៣ ចុះថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០០៨ ។
ក្រោយមក លោកឧកញ៉ា ប៉ែន សំអាត ដែលមជ្ឈដ្ឋានអ្នកសិក្សារៀនសូត្រទទួលស្គាល់ថា ជាមន្ត្រីមានសមត្ថភាពពិតប្រាកដម្នាក់ ទទួលបានការតែងតាំងជាអគ្គនាយករងនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដោយអនុក្រឹត្យរបស់រាជរដ្ឋាភិបាលលេខ៩៩៩អនក្រ.តត ចុះថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១២ ។
លោកឧកញ៉ា ប៉ែន សំអាត ទទួលបានការដំឡើងថ្នាក់ពីឧត្តមមន្ត្រីថ្នាក់លេខ២ មកឋានន្តរស័ក្តិឧត្តមមន្ត្រីថ្នាក់លេខ១នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាលនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយព្រះរាជក្រឹត្យលេខនស/រកត/០៨១៧/៦៥៤ ចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧ និងក៏ត្រូវបានដាក់ឲ្យចូលនិវត្តន៍ក្នុងក្របខ័ណ្ឌមុខងារសាធារណៈជាផ្លូវការ ដោយព្រះរាជក្រឹត្យលេខនស/រកត/០៨១៧/៦៦៦ ចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ ។
នាសម័យក្រោយបង្កើតរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៤ (២០០៨-២០១៣) លោកឧកញ៉ា ប៉ែន សំអាត ធ្លាប់ទទួលបានការតែងតាំងជាទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើរដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន ដោយព្រះរាជក្រឹត្យលេខនស/រកត/១០០៨/១០៨៣ ចុះថ្ងៃទី០៤ ខែតុលា ឆ្នាំ២០០៨ និងក្រោយមកទៀត ក៏ទទួលបានការដំឡើងឋានៈស្មើរដ្ឋមន្ត្រី ក្នុងមុខតំណែងជាទីប្រឹក្សាផ្ទាល់នាយករដ្ឋមន្ត្រី មិនទទួលប្រាក់បៀវត្សរ៍ ដោយព្រះរាជក្រឹត្យលេខនស/រកត/០៧១១/៦៦៥ ចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១១ ៕